ដោយ:សរិទ្ធ/កំពង់ស្ពឺ: មន្ត្រីនគរបាលម្នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីស្ពាយកាំភ្លើង AK នប៉ុនប៉ងបាញ់សម្លាប់ប្រជាការពារភូមិ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឱម ពេជ្រពិដោ មានឋានន្តរស័ក្តិ អនុសេនីយ៍ឯក ជាមន្ត្រីនគរបាលរដ្ឋបាលឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ចំណែកជនរងគ្រោះ ឈ្មោះ អ៊ី សុផល ភេទប្រុស មុខរបរប្រជាការពារភូមិ។ ជនសង្ស័យ និងជនរងគ្រោះ រស់នៅភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺជាមួយគ្នា។
នៅមុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ ព្រមទាំងកម្លាំងប្រជាការពារដទៃទៀត បានផឹកស៊ីជាមួយគ្នា។ លុះដល់ម៉ោងប្រហែល៨យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ជនសង្ស័យ បាននិយាយទៅកាន់ជនរងគ្រោះ និងកម្លាំងប្រជាការពារដទៃទៀតថា «ពួកប្រជាការពារ ម៉េចមិនដើរល្បាតជាមួយអញ? មិចទៅដើរជាមួយប៉ូលិសផ្សេង?»។ ពេលនោះ ជនរងគ្រោះ អ៊ី សុផល បានតបវិញថា៖ «ពួកខ្ញុំដើរតាមបទបញ្ជារបស់មេប៉ុស្តិ៍ បើមេប៉ុស្តិ៍ឲ្យទៅជាមួយអ្នកណា ខ្ញុំទៅជាមួយអ្នកនោះ»។ ស្រាប់តែជនសង្ស័យខឹងសម្បាយ៉ាងខ្លាំង និងស្រែកថា៖ «អញទៅយកកាំភ្លើងបាញ់ឯង (ជនរងគ្រោះ) ចោលមួយមើល»។
និយាយរួចជនសង្ស័យក៏ជិះម៉ូតូចេញទៅមួយភ្លែត ស្រាប់តែស្ពាយកាំភ្លើង AK (បើកសោរ និងអាម៉េបញ្ចូលគ្រាប់ហើយស្រេច) ទៅភ្ជង់ បម្រុងបាញ់សម្លាប់ជនរងគ្រោះមែន ប៉ុន្តែដោយមានកម្លាំងប្រជាការពារនៅកន្លែងកើតហេតុ ជួយជ្រោងកាំភ្លើងឡើងលើទាន់ ទើបបាញ់ខុសជនរងគ្រោះ ចំនួន១គ្រាប់ និងត្រូវប្រជាការពារម្នាក់ កាច់យកបង់កាំភ្លើងចេញ និងដណ្ដើមកាំភ្លើងបាន ទើបមិនបណ្ដាលឲ្យមានអ្នកណារងរបួស ឬស្លាប់ នៅក្នុងពេលកើតហេតុ។
ក្រោយកើតហេតុ ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីសាកសួរ និងចាត់ការតាមផ្លូវច្បាប់។
ជុំវិញករណីមន្ត្រីនគរបាលផឹកស្រវឹង និងយកកាំភ្លើង AK ប៉ុនប៉ងបាញ់សម្លាប់នេះ លោក ឧត្តមសេនីយ៍ទោ សម សាមួន ស្នងនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកយ៉ាងខ្លីថា៖ «កំពុងចាត់ការ»៕