ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម បានសន្និដ្ឋានថាៈ ប្រទេសកម្ពុជា មិនទាន់មានសភាពធ្ងន់ធ្ងរ ពីឥទ្ធិពល នៃកម្មរស្មីយូវី ( UV ) នៅឡើយទេ ហើយអាស៊ីតទឹកភ្លៀង ( Acide Rain ) ក៏មិនទាន់ធ្ងន់ធ្ងរដែរ។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្តីបំភ្លឺ ស្តីពីដំណឹងការកើនឡើង នៃឥទ្ធិពលកាំរស្មីយូវីថាៈ នៅប្រទេសវៀតណាម ខាងត្បូង ជាពិសេសទីក្រុងហូជីមិញ គឺមានកម្រិតដល់ការប្រុងប្រយ័ត្ន ដោយ SO2 = 52.63 មីក្រូក្រាម ក្នុងមួយម៉ែត្រគូប និង NO2=10.48 មីលីក្រាម ក្នុងមួយម៉ែត្រក្រឡា។
ក្នុងសេចក្តីបំភ្លឺ បានសរសេរទៀតថាៈ ស្ថានភាពដូចខាងលើ ធ្វើឱ្យតំបន់នោះ (វៀតណាម) ឡើងកម្តៅ រហូតដល់ ៩ ជាចំនួនខ្ពស់ ត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថាៈ ការកើនឡើង កាំរស្មីយូវីនេះ នឹងកើតមានឡើង ត្រឹមរយៈពេល ៤ ម៉ោង ក្នុងមួយថ្ងៃ នៅអំឡុងពីម៉ោង ១១ ដល់ម៉ោង ២ រសៀល រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ នេះទៅ។
នៅក្នុងសេចក្តីបំភ្លឺ របស់ក្រសួងជំនាញនេះ បានសរសេរទៀតថាៈ សម្រាប់ប្រទេសកម្ពុជា បញ្ហានេះ មិនទាន់មានសភាពធ្ងន់ធ្ងរ នៅឡើយទេ ដោយ SO2=0-6 មីក្រូក្រាម ក្នុងមួយម៉ែត្រគូប និង NO2=0-2 មីលីក្រាម ក្នុងមួយម៉ែត្រក្រឡា ឯលេខកម្តៅ ស្ថិតក្នុងកម្រិតទាប 1-4។
ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការសន្និដ្ឋានថាៈ ប្រទេសកម្ពុជា មិនទាន់មានសភាពធ្ងន់ធ្ងរ ពីឥទ្ធិពលនៃកម្មរស្មីយូវី ( UV ) នៅឡើយទេ ហើយអាស៊ីតទឹកភ្លៀង ( Acide Rain ) ក៏មិនទាន់ធ្ងន់ធ្ងរដែរ តែការបំភ្លឺនេះ ជាការជូនដំណឹង ដើម្បីឱ្យសាធារណជន បានជ្រាប ហើយក្រសួង កំពុងធ្វើការតាមដានបន្ត៕/V