ដោយៈវណ្ណះ/ព្រះសីហនុៈ សមត្ថកិច្ចបានសហការជាមួយក្រុមគ្រូពេទ្យ នាំយកបុរសជនជាតិខ្មែរជាកម្មករស្ងោរត្រីនៅប្រទេសថៃម្នាក់ ដែលទើបត្រឡប់ពីប្រទេសថៃ មកស្រុកកំណើតក្នុងស្រុកព្រៃនប់ នាំមកដាក់ធ្វើចត្តាឡីសក័នៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ។
របាយការណ៍សមត្ថកិច្ចបញ្ជាក់ថា បុរសរូបនេះ ឈ្មោះកា យ៉ុន អាយុ៤១ឆ្នាំ មានទីលំនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចាកចេញពីខេត្តត្រាត ប្រទេសថៃចូលតាមខេត្តកោះកុង កាលពីយប់ទៀបភ្លឺ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយធ្វើដំណើរតាមទូកឆ្លងសមុទ្រ ពីខេត្តត្រាតប្រទេសថៃ មកដល់ព្រំប្រទល់ខ្មែរ-ថៃ ក្នុងខេត្តកោះកុង នៅវេលាម៉ោង៧ ព្រឹក ថ្ងៃដដែល បន្ទាប់មកបានធ្វើដំណើរតាមរថយន្តតាក់ស៊ីមកចុះនៅផ្សារវាលរេញ មុននឹងទៅកាន់លំនៅដ្ឋាន ក្នុងភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ពាក់ពន្ធ័ករណីខាងលើនេះ ពលរដ្ឋនៅខេត្តព្រះសីហនុ អបអរសាទរ ចំពោះការខិតខំកាពារទប់ស្កាត់ របស់អាជ្ញាធរ និងសមត្ថកិច្ច ជាពិសេសក្រសួងសុខាភិបាលកម្ពុជា ហើយពួកគាត់ក៏និងរៀបចំខ្លួនចូលរួម រាយការណ៍ ចំពោះជនណាដែលល្មើស និងការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕