ដោយៈ សុផល / ភ្នំពេញៈ សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានត្រូវបិទបញ្ចប់ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងទៅកាន់ពិធីបិទសន្និបាត នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ពី សមិទ្ធផល សំខាន់ៗ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចបាន ក្នុងឆ្នាំ២០២០ និងទិសដៅបន្តនៅ២០២១។ លទ្ធផលសម្រេចបានទាំងនោះ មានគម្រោងបើក ការដ្ឋានសាងសង់ ផ្លូវជាតិលេខ២ និងលេខ២២ ពីភ្នំពេញ ទៅតាកែវ និងផ្លូវជាតិលេខ១០ ពីសំឡូត ទៅ ខេត្តកោះកុង, ការបើកឱ្យប្រើប្រាស់ ជាផ្លូវការ ផ្លូវជាតិលេខ៥៥ និង៥៨ , ការបើកការដ្ឋានសាងសង់ ផ្លូវជាតិចំនួន១១ខ្សែ និងផ្លូវជាតិលេខ១៤៦បេ ក្នុងខេត្តព្រះសីហនុ ដោយប្រើប្រាស់ កញ្ចប់ថវិកា សន្សំរបស់ជាតិ, បានរៀបចំផែនការមេ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្រុងសៀមរាប និងបានបើកការដ្ឋានសាងសង់ ផ្លូវ៣៨ខ្សែ និងកែលម្អដងស្ទឹង សៀមរាប ក្នុងសៀមរាប ដោយប្រើកញ្ចប់ថវិកា សន្សំរបស់ជាតិ និងបានបញ្ចប់ការសិក្សាផ្លូវជាតិលេខ៤៨ និងលេខ៧ (ស្គន់-កំពង់ចាម និងកំពង់ចាម-ត្រពាំងផ្លុង) និងការដាក់ ចេញ នូវផែនការសកម្មភាព ចំនួន ៨២៩ ចំណុច ដើម្បីអភិវឌ្ឍន៍ វិស័យសាធារណការ និងដឹកជញ្ជូន របស់ ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមាន ការរីកចម្រើន ឡើងថែមទៀត។
លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរថាៈ ក្រសួងបានទិញគ្រឿងចក្រ ចំនួន ២២២ គ្រឿង សម្រាប់ផ្តល់ជូនមន្ទីរសាធារណការ និងដឹកជញ្ជូន ២៥ រាជធានី-ខេត្ត និងអគ្គនាយកដ្ឋាន ប្រព័ន្ធចម្រោះទឹកកខ្វក់ និងបានទទួលជំនួយឥតសំណង ជាគ្រឿងចក្រ សម្រាប់កែច្នៃគ្រឹះផ្លូវឡើងវិញ (Stabilizer) ចំនួន ១៥ គ្រឿង ពីរដ្ឋាភិបាលជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់JICA និងបានទទួលគ្រឿង ចក្រសម្រាប់ផលិតបេតុងកៅស៊ូ និងការងារអ៊ុតកៅស៊ូ ចំនួន២ ឈុត (ចំនួន១៨គ្រឿង)ពីក្រុមហ៊ុនសំណង់ សៀងហៃ (SCG) សម្រាប់ឆ្នាំ២០២០ និង២០២១ ដែលក្នុងនោះ រួមមានៈ គ្រឿងចក្រផលិតបេតុងកៅស៊ូ ដែលមានសមត្ថភាព អាចផលិតបេតុង ក្នុងបរិមាណ ១២០ តោន/ម៉ោង ចំនួន ២ គ្រឿង និងគ្រឿងចក្រ សម្រាប់ការងារអ៊ុតកៅស៊ូ ចំនួន ១៦ គ្រឿងផងដែរ។
បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានលើកឡើង នូវទិសដៅការងារបន្ត ដើម្បីពិនិត្យ និងតាមដាន ការដ្ឋានសាងសង់ ឱ្យស្របតាមបទដ្ឋានបច្ចេកទេស ជាប់ជាប្រចាំ ឆ្មក់ត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៃការសាងសង់ផ្លូវ ដោយក្រុមត្រួតពិនិត្យឯករាជ្យ បង្កើតទីតាំងផលិតបេតុងកៅស៊ូ AC ដើម្បីផ្គត់ផ្គង់ ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បង្កើតទីតាំងកិនថ្ម ដើម្បីផ្គត់ផ្គង់សម្ភារ បម្រើឱ្យការសាងសង់ផ្លូវថ្នល់ ពិនិត្យនីតិវិធី នៃការស្នើសុំថែទាំផ្លូវ ដោយធ្វើការអភិវឌ្ឍ ប្រព័ន្ធបច្ចេកវិទ្យា (Blockchain)។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំសន្និបាតឆ្នាំនេះ និងបានគូសបញ្ជាក់ថាៈ ព្រឹត្តិការណ៍នេះ មិនត្រឹមតែសម្រាប់បូកសរុបលទ្ធផលការងារ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលសម្រេចបាន ក្នុងឆ្នាំកន្លងទៅ ក៏ដូចជា ឆ្នាំ២០២០ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជាវេទិកាមួយ សម្រាប់កំណត់ទិសដៅ និងផែនការសកម្មភាពការងារ សម្រាប់ឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់ ដើម្បីអនុវត្តគោលនយោបាយ និងទិសដៅ ជាយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៦នេះ។
ទន្ទឹមនឹងនេះ លោកអគ្គបណ្ឌិតសភាចារ្យ បានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តសំខាន់ៗ មានដូចជា គម្រោងផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងគម្រោងផ្លូវ៣៨ ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តជាច្រើនទៀត ទោះបីជាកម្ពុជា ស្ថិតក្នុងបរិបទ នៃសម័យកូវីដ-១៩ ក៏ដោយ។
អគ្គបណ្ឌិតសភាចារ្យ បានកត់សម្គាល់ផងដែរថាៈ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានខិតខំប្រឹងប្រែង បំពេញការងារ ស្របតាមទិសដៅ គោលនយោបាយ របស់រាជរដ្ឋាភិបាល និងសម្រេចបាន នូវសមិទ្ធផល គួរជាទីមោទនៈ ដែលក្នុងនោះរួមមាន ការសាងសង់ និងស្ដារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវដែក ផ្លូវល្បឿនលឿន និងការស្ថាបនាផ្លូវថ្មីៗ ព្រមទាំងគម្រោងសាងសង់ស្ពានធំៗ ការរៀបចំកិច្ចព្រមព្រៀង ក្របខណ្ឌសម្រាប់គម្រោង មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ការងារផ្ដល់សេវាសាធារណៈ តាមរយៈការបង្កើតមណ្ឌល ផ្ដល់សេវាសាធារណៈ តាមទីតាំងផ្សារទំនើបធំៗ ប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ការផ្ដល់សេវាសាធារណៈតាមប្រព័ន្ធព័ត៌មានវិទ្យា (អនឡាញ) និងការដាក់ឱ្យដំណើរការ ការលក់លេខពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ ខ្លួនផងដែរ។
អគ្គបណ្ឌិតសភាចារ្យ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់ ដែលបានអនុវត្ត ដោយជោគជ័យ នូវផែនការសកម្មភាពការងារ ដែលបានដាក់ចេញ និងបានគាំទ្រ ចំពោះទិសដៅការងារសម្រាប់ឆ្នាំ២០២១ ដែលផ្ដោតលើប្រធានបទ៖ “លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និង ភស្តុភារកម្ម”។
ជាមួយគ្នានេះ លោកអគ្គបណ្ឌិតសភាចារ្យ បានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ខិតខំប្រឹងប្រែង បន្តយកចិត្តទុកដាក់ កសាងហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀត តាមដាន ត្រួតពិនិត្យគុណភាព នៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ជាពិសេស គម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែ ក្នុងក្រុង សៀមរាប ខេត្តសៀមរាប គម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ១១ ខ្សែ ក្នុងខេត្តព្រះសីហនុ ផ្លូវក្រវាត់ ក្រុងទី៣ និងបណ្ដាផ្លូវជាតិសំខាន់ៗ ដែលបាននិងកំពុង ដំណើរការ សាងសង់ផងដែរ ជាពិសេស ត្រូវជំរុញការរៀបចំ បញ្ចប់ផែនការមេ តភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ និង ភស្តុភារកម្ម ឱ្យបានចប់សព្វគ្រប់ ត្រូវខិតខំបន្តយកចិត្តទុកដាក់ កសាងហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀត និងតាមដាន ត្រួតពិនិត្យគុណភាពសំណង់ បន្តកិច្ចសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ សំដៅជំរុញការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ នៅតាមបណ្ដាផ្លូវជាតិសំខាន់ៗ និងផ្លូវក្នុងទីប្រជុំជន បន្តជំរុញការអនុវត្តការងារដឹកជញ្ជូន ឆ្លងកាត់ព្រំដែន សំដៅសម្រួលពាណិជ្ជកម្ម ទេសចរណ៍ឆ្លងកាត់ជាអន្តរជាតិ លើកកម្ពស់កិច្ចសហការ ឲ្យបានជិតស្និទ្ធជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន របស់កម្ពុជា បន្តយកចិត្តទុកដាក់ លើការតភ្ជាប់ផ្លូវដែក និងការដឹកជញ្ជូន តាមផ្លូវដែក រៀបចំនិយាមការ បច្ចេកទេស សម្រាប់គ្រប់គ្រង ប្រភេទផ្លូវថ្នល់ និងផ្លូវដែកឲ្យបានច្បាស់លាស់ បន្តយកចិត្តទុកដាក់ និងជំរុញការកសាង ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ក្នុងទីក្រុង និងនៅតាមរាជធានី-ខេត្ត ក្រុង ស្រុក និងទីប្រជុំជនធំៗ ដើម្បីកាត់បន្ថយ ការកកស្ទះចរាចរណ៍។
បន្ថែមពីលើនេះ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ លើការផ្ដល់សេវាសាធារណៈ ឲ្យបានល្អប្រសើរ ជូនបងប្អូន ប្រជាពលរដ្ឋ បន្តគាំទ្រ និងជំរុញការកែទម្រង់ រចនាសម្ព័ន្ធរបស់ គណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ បន្តយកចិត្តទុកដាក់ពិនិត្យ លទ្ធភាពសម្រាប់រៀបចំ និង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទឹក និងកំពង់ផែ បន្ថែមទៀត បន្តចូលរួមអនុវត្ត យ៉ាងសកម្មនូវការងារ ក្រោមសមត្ថកិច្ចរបស់ក្រសួង បន្តយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តឲ្យបានជោគជ័យ នូវផែនការយុទ្ធសាស្ត្រ និង គោលនយោបាយជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បន្តជំរុញការបណ្ដុះបណ្ដាល និងអភិវឌ្ឍធនធាន មនុស្សរយៈពេលខ្លី មធ្យម និងវែង និងបន្តកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍ និងសហគមន៍អ្នកផ្ដល់ជំនួយ និងក្រសួងស្ថាប័ន ពាក់ព័ន្ធនានា៕
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញបំពាក់គ្រឿង ឥស្សរិយយស ជូនមន្ត្រីរាជការ ដែលមានស្នាដៃល្អ ក្នុងការងារ អញ្ជើញពិនិត្យមណ្ឌល ផ្តល់សេវាសាធារណៈ និងទស្សនាវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផងដែរ៕/V