Home ព័ត៌មានជាតិ សន្តិសុខ ក្រុម​ឆក់​ឆ្ល...

ក្រុម​ឆក់​ឆ្លងដែន ជាប់អន្ទាក់​ប៉ូលិស នៅ​ស្រុក​ព្រៃនប់​

ដោយៈ វណ្ណៈ / ព្រះសីហនុៈ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ បាន​ឲ្យ​រស្មី​កម្ពុជា​ដឹង នៅ​រសៀល ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​ថាៈ ជនសង្ស័យ​ចំនួន ៤ នាក់ ដែលជា​ក្រុម​ឆក់​យ៉ាងសកម្ម តាមផ្លូវ​សាធារណៈ ឆ្លងខេត្ត ត្រូវបាន​កម្លាំង​នគរបាល ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បង្ក្រាបបាន​ភ្លាមៗ ក្រោយពី​ជនសង្ស័យ ជិះ​ម៉ូតូ ២ គ្រឿង ធ្វើ​សកម្មភាព ឆក់​កាបូប​ជនរងគ្រោះ ដែល​កំពុង​ជិះ​ម៉ូតូ​លើផ្លូវ​ជាតិ លេខ​៤ ចំនួន ២ កន្លែង​ផ្សេងគ្នា ក្នុងនោះ ដំបូង​ធ្វើ​សកម្មភាព​ឆក់ នៅ​ផ្លូវជាតិ​លេខ​៤ ចំណុច​ភូមិ​ជើងគោ ឃុំ​ជើងគោ ហើយ​បន្ត​មក ធ្វើ​សកម្មភាព​ឆក់​មួយ​ករណី​ទៀត នៅ​ភូមិ​មនោ​រម្យ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នា​វេលា​ម៉ោងជាង ១០ ព្រឹក ថ្ងៃទី​១៧ ខែកុម្ភៈ​នេះ​។

​លោក​ឧ​ត្ត​ម​ស​នី​យ៍​ទោ ស្នងការ បានបញ្ជាក់​ថាៈ ក្រុម​ជនសង្ស័យ​ទាំង ៤​នាក់​នេះ មុន​បង្ក្រាបបាន ក៍​ធ្លាប់ធ្វើ​សកម្មភាព តាម​ខេត្ត​ផ្សេងៗ និង​មុននេះ​មួយថ្ងៃ ក្រុម​នេះ ក៍​បានធ្វើ​សកម្មភាព ឆក់​តាមផ្លូវ នៅ​ឃ្លាំង​លើ ក្រុងព្រះសីហនុ យកបាន​ទូរ​សព្ទ័​មួយគ្រឿង និង​លុយ​មួយចំនួនទៀត ពី​ជនរងគ្រោះ ហើយ​ព្រឹក​ឡើង ទើប​ចេញពី​ក្រុងព្រះសីហនុ មក​ធ្វើ​សកម្មភាព ក្នុងស្រុក​ព្រៃនប់ ក៍​ត្រូវ​សមត្ថកិច្ច បង្ក្រាបបាន​តែម្តង​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បានបញ្ជាក់​ទៀតថាៈ ជនសង្ស័យ​ចំនួន​៤​នាក់​នោះ រួមមានៈ ១.​ឈ្មោះ រឿន ភារៈ អាយុ ២១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ព្រៃ​តាន​ប់ ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​, ២.​ឈ្មោះ ឈុំ ដា​រ៉ាត់ អាយុ ២១​ឆ្នាំ មុខរបរ និស្សិត មាន​ទីលំនៅ ភូមិ​ពោធិ ឃុំ​ពោរ​ម្រា​ល ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​, ៣.​ឈ្មោះ សុង ដា​នី​ត អាយុ ១៩​ឆ្នាំ និង​៤.​ឈ្មោះ វន សំ​រ៉ុង អាយុ ១៩​ឆ្នាំ យុវជន​២​នាក់​នេះ មានមុខ​របរ មិន​ពិតប្រាកដ ដូចគ្នា និង​មាន​ទីលំនៅ នៅ​ភូមិ​ព្រៃ​ងោង ឃុំ​ភា​រី​មានជ័យ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ជាមួយគ្នា​។ ចំណែក​វត្ថុតាង​ចាប់​យកបាន រួមមានៈ ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ចំនួន ២ គ្រឿង (​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​) – ទូរស័ព្ទដៃ ៣ គ្រឿង (​របស់​ជនរងគ្រោះ​) -​លុយ ៩០.០០០ រៀល (​របស់​ជនរងគ្រោះ )​។ បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង សមត្ថកិច្ច បាន​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ផ្តន្ទាទោស តាមច្បាប់ ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular