Home ព័ត៌មានជាតិ សេដ្ឋកិច្ច កម្ពុជា​សង្ឃឹ...

កម្ពុជា​សង្ឃឹមថា ឡាវ​នឹង​រៀបចំ​កិច្ចប្រជុំ​ពាណិជ្ជកម្ម​ជាមួយគ្នា​ឡើងវិញ ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម និង​វិនិយោគ​

​ដោយ​: ពៅ​និមល​/​ភ្នំពេញ​: លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​កន្លងទៅ បានទទួល​ជួប លោក អាម​ផាយ ឃិន​ដាវ​ង្ស (Amphay KINDAVONG) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ប្រចាំ​កម្ពុជា ដើម្បី​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​មួយចំនួន​។​

​មានប្រសាសន៍​នៅក្នុង​ជំនួប​នាឱកាស​នោះ លោក​រដ្ឋមន្ដ្រី​បាន​ជម្រាបជូន​ភាគី​ឡាវ អំពី​គោលបំណង​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​និង​ជំរុញ​កំណើន​ពាណិជ្ជ​កម្ម​តា​រយៈ​ការប្តេជ្ញា​រក្សា​ការបើកចំហរ​ទីផ្សារ​សម្រាប់​ការដឹកជញ្ជូន​ទំនិញ​ចាំបាច់​និង​សម្ភារៈ​វេជ្ជសាស្ត្រ​ឆ្លង​កាត់​​ព្រំដែន ជាពិសេស​ក្នុងកំឡុងពេល​វិបត្តិ​មេរោគ​កូ​វីដ​១៩​។

​ជាមួយគ្នានេះ លោក​បាន​លើកទឹកចិត្ត​ដល់​ប្រទេស​ឡាវ​ឱ្យ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​ឡាវ​-​វៀតណាម CLV DTA JCC លើក​ទី​១៣ ឱ្យបាន​ឆាប់​តាម​ប្រព័ន្ធ វីដេអូ សំដៅ​ពង្រឹង និង​អនុវត្ត​កិច្ចសហ​ប្រតិ​បត្តិការ​ស្របតាម​អនុសាសន៍​ណែនាំ​និង​ការប្តេជ្ញាចិត្ត​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងបី ដូចដែល​មានចែង​នៅក្នុង​សេចក្តីប្រកាស​រួម​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​១១ កាលពី​ចុងឆ្នាំ​២០២០​កន្លងទៅ​។ ដោយឡែក ក្នុង​ក្រប​ខណ្ឌ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម​លោក​រដ្ឋមន្ដ្រី បាន​ជំរុញ​ឱ្យ​ភាគី​ទាំងពីរ​បន្ត​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​ពាណិជ្ជកម្ម​កម្ពុជា​-​ឡាវ ឡើងវិញ​ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម​និង​វិនិយោគ​។

​បន្ថែម​ពីលើ​នេះ លោក​ក៏បាន​ជំរុញ​ឱ្យ​ភាគី​ទាំងពីរ​រៀបចំ​ការផ្គូផ្គង​អាជីវកម្ម​រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ តាម​យន្តការ​ប្រព័ន្ធ​វីដេអូ ឬ​រៀបចំ​បន្ទាប់ពី​រោគរាតត្បាត Covid-19 បានបញ្ចប់​។​
​ជាការ​ឆ្លើយតប លោក​អគ្គរដ្ឋទូត​បាន​ជម្រាបជូន​ថា នឹង​ពាំនាំ​អនុសាសន៍​របស់លោករ​ដ្ឋ​មន្ដ្រី​ទៅ​ជម្រាបជូន​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ពិនិត្យ​និង​រៀបចំ​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ក្របខណ្ឌ CLV និង​ទ្វេភាគី​ដើម្បី​រក្សា​នូវ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ និង​ជំរុញឱ្យមាន​កំណើន​ពាណិជ្ជកម្ម​កាន់តែខ្លាំង​ឡើង​។

​ភាគី​ទាំងពីរ​ក៏បាន​ប្តេជ្ញាចិត្ត​សហការ​នៅក្នុង​ក្របខណ្ឌ​អាស៊ាន​ក៏ដូចជា​ទ្វេភាគី​ដើម្បី​រួមគ្នា​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការចំលង​ការរីក​រាល​ដាល​នៃ​ជំងឺ Covid-19 តាម​ច្រកព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular