ដោយៈ បញ្ញាសាស្រ / ភ្នំពេញៈ សិល្បករិល្បការិនី ចាស់ថ្មី យ៉ាងច្រើនកុះករ ដែលភាគច្រើន សុទ្ធសឹងតែជាតួសម្ដែង នៅក្នុងភាពយន្តល្បីៗ របស់ផលិតកម្ម សាស្ត្រា បានប្រមូលផ្ដុំគ្នា យ៉ាងគួរឱ្យចាប់អារម្មណ៍ នៅក្នុងពិធីប្រកាសដំណើរការ App Sastra Film ដែលជា App ចម្រុះ ដោយភាពយន្ត ប្រមាណ ២០០ រឿងរបស់ផលិតកម្មមួយនេះ។ ជំនួបដ៏ធំមួយនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២១ មុននេះ នៅផ្សារទំនើបអ៊ីអន២ ( Aeon2 ) ដោយអាចចាត់ទុកថា ជាជំនួបទ្រង់ទ្រាយធំ នៅក្នុងសង្គមសិល្បៈ ផងដែរ។
លោកស្រី ប៊ុន ចាន់និមល ម្ចាស់ផលិតកម្ម Sastra Film បានថ្លែងបញ្ជាក់ថាៈ ដោយសារតែ Sastra Film ផលិតបាននូវភាពយន្តល្អៗជាច្រើន ស្របពេលដែល លោកស្រី ក៏ចង់ឱ្យមហាជនខ្មែរ ជាពិសេស គឺពិភពលោកទាំងមូល បានឃើញពីការរីកចម្រើន នៃវិស័យភាពយន្តខ្មែរ ទើបលោកស្រី និងក្រុមការងារ សម្រេចបង្កើត App មួយនេះឡើង ដោយ App មួយនេះ នឹងដើរតួជារោងកុនផ្ទាល់ខ្លួន របស់អ្នកគាំទ្រ ដោយទស្សនិកជន អាចទស្សនាបាន គ្រប់ស្នាដៃរបស់ ផលិតកម្ម ដោយផ្ទាល់ នៅគ្រប់ទីកន្លែង ហើយមិនចាំបាច់ធុញទ្រាន់នឹងពាណិជ្ជកម្ម។ មកដល់ពេលនេះ App Sastra film មានភាពយន្ត ប្រមាណជា ២០០ រឿង ដោយស្នាដៃខ្លះ មិនមានការដាក់ផ្សាយ លើផេក ឬក្នុងរោងកុន នោះផង។
លោកស្រី បង្ហាញនូវមោទនភាព ដែលបានរួមចំណែក លើកកម្ពស់វិស័យភាពយន្តខ្មែរ និងបានរៀបចំព្រឹត្តិការណ៍ សម្ភោធនេះឡើង ដោយមានសិល្បករ សិល្បការិនី យ៉ាងច្រើនកុះករ ចូលរួម។ លោកស្រី បាននិយាយថាៈ អ្នកដែលចង់ទស្សនា ស្នាដៃរបស់ សាស្ត្រា គឺលែងលំបាកទៀតហើយ ដោយគ្រាន់តែ Download app Sastra Film ហើយចុះឈ្មោះបង់សេវា ក្នុងមួយខែ ៥ ដុល្លារ និង ១០ ដុល្លារ នោះគឺជាការស្រេច ដោយមិនខុសពី មានរោងកុនមួយ នៅក្នុងដៃឡើយ។
នៅក្នុងពិធីដែលបានធ្វើឡើងនោះ ក៏មានព្រឹត្តិការណ៍ ដើរលើកម្រាលព្រំ ពីសំណាក់សិល្បករ សិល្បការិនី ព្រឹត្តិការណ៍សម្ដែងឈុតខ្លីៗ លើឆាក ដើម្បីបង្ហាញ នូវភាពយន្ត មួយចំនួន និងពិធីចុចប៊ូតុង ប្រកាសដំណើរការ App ជាផ្លូវការផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺតារាម្នាក់ៗ លេងខ្លួនទាក់ទាញខ្លាំង ដោយមានហ្វេនយ៉ាងច្រើនកុះករ ចោមរោមពេញ ក្នុងពិធីផងដែរ៕/V