ប្រែសម្រួល : កញ្ញាដាលីស ៖ ជនជាតិកូរ៉េខាងជើង ៣ នាក់ត្រូវបានចោទប្រកាន់នៅសហរដ្ឋអាម៉េរិកជុំវិញគម្រោងការលួចនិងជំរិតយកប្រាក់ជាង ១,៣ពាន់លានដុល្លារពីធនាគារនិងធុរកិច្ចនៅជុំវិញពិភពលោក។
ជនទាំងបី ដែលមិនស្ថិតក្នុងការឃុំឃាំង (កំពុងនៅទឹកដីកូរ៉េខាងជើង) ក៏ត្រូវបានចោទប្រកាន់ផងដែរពីបទដាក់ដំណើរការកម្មវិធីរូបិយវត្ថុអេឡិចត្រូនិចបែបព្យាបាទ។
ពលរដ្ឋកាណាដា-អាម៉េរិកាំងម្នាក់ក៏ត្រូវបានចោទប្រកាន់ពីបទលាងលុយកខ្វក់ផងដែរ។
បុរសទាំងអស់នេះក៏ត្រូវបានចោទប្រកាន់ផងដែរថាជាផ្នែកមួយនៃការវាយប្រហារតាមអ៊ិនធឺណេតរបស់ក្រុម Wannacry ក្នុងឆ្នាំ ២០១៧ដែលធ្វើឱ្យប្រព័ន្ធកុំព្យូទ័រសេវាសុខភាពរបស់ចក្រភពអង់គ្លេសគាំងទូទាំងប្រទេស។
ដោយប្រកាសអំពីការចោទប្រកាន់នេះ លោក ចន ដេមឺ អគ្គរដ្ឋអាជ្ញារងទទួលបន្ទុកសន្តិសុខជាតិ បាននិយាយថា ប្រទេសកូរ៉េខាងជើង “បានក្លាយជាបណ្តាញឧក្រិដ្ឋជន ដែលមានទង់ជាតិ”។
ជនជាប់ចោទម្នាក់ក្នុងចំណោមនោះឈ្មោះ ផាក ជីន យុគ ត្រូវបានចោទប្រកាន់កាលពី ២ ឆ្នាំមុនចំពោះតួនាទីរបស់គាត់នៅក្នុងការលួចទិន្នន័យតាមអ៊ីនធឺណេតរបស់ក្រុមហ៊ុន Sony Entertainment Pictures។
ឈ្មោះផាក ឈ្មោះជុន ចាងយុគ និងឈ្មោះ គីម អ៊ីល ត្រូវបានចោទប្រកាន់ពីបទសមគំនិតឧក្រិដ្ឋកម្ម ឃុបឃិតលួចតាមអ៊ីនធឺណេត និង លួចលុយធនាគារ។
ក្រសួងយុត្តិធម៌និយាយថាជនជាប់ចោទទាំងនេះធ្វើការឱ្យការិយាល័យស៊ើបការណ៍ទូទៅ ពោលគឺជាទីភ្នាក់ងារស៊ើបការណ៍យោធាកូរ៉េខាងជើង។
លោកដេមឺនិយាយថា “ភ្នាក់ងារសម្ងាត់របស់កូរ៉េខាងជើង ដែលប្រើក្តារចុចជាជាងកាំភ្លើងលួចកាបូបលុយឌីជីថលជំនួសឱ្យលុយសុទ្ធទាំងបាវៗ គឺជាចោរប្លន់ធនាគារឈានមុខគេនៅលើពិភពលោក”។
ឥឡូវបុរសទាំងបីនាក់ត្រូវគេជឿថាកំពុងស្ថិតនៅក្នុងប្រទេសកូរ៉េខាងជើង ដែលមិនធ្វើបត្យាប័នពលរដ្ឋខ្លួនឱ្យប្រឈមមុខនឹងការចោទប្រកាន់នៅសហរដ្ឋអាម៉េរិកទេ៕
គីម អ៊ីល, ផាក ជីន យុគ និង ជុន ចាងយុគ