ដោយៈ សរិទ្ធ / ភ្នំពេញៈ ជនសង្ស័យម្នាក់ បានលាក់ខ្លួនពួនអាត្មា សម្ងំក្នុងបង្គន់ ក្នុងផ្សារទំនើប ស៊ីធី ម៉ល ច្របាច់.ក និង វាយស្ត្រីអនាម័យម្នាក់ ប្លន់យកទូរស័ព្ទ។ ក្រោយធ្វើសកម្មភាពបានសម្រេច ជនសង្ស័យ បានរត់គេចខ្លួន តែត្រូវបានសន្តិសុខផ្សារ តាមចាប់ខ្លួនបានមកវិញ ភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើង កាលពីល្ងាច ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្សារទំនើប ស៊ីធី ម៉ល សង្កាត់វាលវង់ ខណ្ឌ៧មករា ។
សមត្ថកិច្ច បានថ្លែងថាៈ ជនរងគ្រោះ ឈ្មោះ វ៉ាន់ លក្ខិណា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ ជាកម្មករអនាម័យ នៅផ្សារស៊ីធីម៉ល បានចូលក្នុងបន្ទប់ទឹក បត់ជើង ស្រាប់តែមានជនសង្ស័យ ឈ្មោះ សុខ តូលី អាយុ ២៧ ឆ្នាំ មុខរបរ រត់តុ នៅច្បារអំពៅ បានលោតមកច្របាច់.ក និង វាយយកទូរស័ព្ទ ពីជនរងគ្រោះ រួចរត់គេចខ្លួន តែត្រូវបានសន្តិសុខផ្សារ ចាប់ខ្លួនបានមកវិញ ។
ជនសង្ស័យ ត្រូវបានធ្វើតេស្តរកសារធាតុញៀន ដោយលទ្ធផល គឺ វិជ្ជមាន ដែលពេលនេះ សមត្ថកិច្ចកំពុងសាកសួរតាមនីតិវិធី ៕/V