ដោយៈ មេសា/ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២១ មូលនិធិជនពិការ បានប្រគល់ផ្ទះថ្មី ១ ខ្នង ធ្វើអំពីថ្មប្រក់ស័ង្កសី ទំហំ ៤ ម៉ែត្រ គុណនឹង ៦ ម៉ែត្រ ជូនជនពិការក្រីក្រ ១ គ្រួសារ ដែលរស់ភូមិពង្រ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយគ្រួសារ ដែលទទួលបានផ្ទះ នាពេលនេះ គឺគ្រួសារបស់អ្នកស្រី ជួន ឌឿង អាយុ ៤០ ឆ្នាំ ជាជនពិការភ្នែក ទាំងសងខាង ។
លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ បានថ្លែងថាៈ ក្នុងនាមអាជ្ញាធរខេត្ត លោកពិតជាមានសេចក្តីសោមនស្សរីករាយ ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈមូលនិធិជនពិការ បានសាងសង់ផ្ទះ ជូនជនពិការក្រីក្រ នៅក្នុងខេត្តឧត្តរមានជ័យ ដែលបានរួមចំណែក កាត់បន្ថយភាពក្រីក្រ និង លើកកម្ពស់សុខុមាលភាព របស់ក្រុមគ្រួសារគាត់ ហើយលោក ក៏បានសំណូមពរ ដល់មូលនិធិជនពិការ បន្តផ្តល់ផ្ទះ ដល់ជនពិការក្រីក្រ ក្នុងខេត្តឧត្តរមានជ័យ បន្ថែមទៀត។
លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ បានថ្លែងថាៈ ផ្ទះមូលនិធិជនពិការ បានចំណាយថវិកា សាងសង់អស់ចំនួនជាង ១៦ លានរៀល ដោយប្រើប្រាស់ថវិកា ពីហិបប្រាក់វិភាគទាន សប្បុរសធម៌ មូលនិធិជនពិការ ដែលបានដាក់ នៅតាមទីសាធារណៈនានា ។ ការសាងសង់ផ្ទះនេះ គឺផ្តល់ជូនតែជនពិការក្រីក្រ ដែលមានប័ណ្ណសមធម៌ ឬប័ណ្ណសង្គមកិច្ច ឬលិខិតបញ្ជាក់ភាពក្រីក្រ ពីអាជ្ញាធរមូលដ្ឋាន និងមានលក្ខណៈវិនិច្ឆ័យ ស្របតាមគោលការណ៍ នៃការផ្តល់ផ្ទះ ជូនជនពិការក្រីក្រ តាមសហគមន៍ របស់មូលនិធិជនពិការ ហើយលោក ស៊ឹម សុធន ក៏បានផ្តាំផ្ញើដល់ គ្រួសារជនពិការ ឱ្យថែរក្សាផ្ទះថ្មីនេះ ឱ្យបានគង់វង្ស យូរអង្វែង និង សូមថែរក្សាសុខភាព ចៀសផុតពីជំងឺឆ្លងទាំងឡាយ។
ក្នុងពិធីនេះ មូលនិធិជនពិការ ក៏បានផ្តល់ជូននូវ អំណោយសប្បុរសធម៌ របស់មូលនិធិជនពិការ សម្រាប់ផ្តល់ជូនដល់ គ្រួសារដែលទទួលបានផ្ទះថ្មី នូវថវិកា អង្ករ ត្រីខ ទឹកស៊ីវអ៊ីវ ទឹកត្រីអំបិល និង មី។ ចំពោះប្រជាពលរដ្ឋ ចូលរួមក្នុងកម្មវិធីចំនួន ៣០ នាក់ ទទួលបានថវិកា ពីមូលនិធិជនពិការ ផងដែរ៕/V