ដោយ៖តារារិទ្ធ/ភ្នំពេញ៖យោងតាមអនុក្រឹត្យស្តីពីការកែសម្រួលមាត្រា ៨ នៃអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញ-ចូល ដែលចុះហត្ថលេខានៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសម្ដេចអគ្គមហាសេនា បតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្កើនការផាកពិន័យលើអ្នកដែលមិនធ្វើចត្តា ឡីស័កនិងអ្នកដែលនាំរត់គេចវេសមិនធ្វើចត្តាឡីស័កជាទឹកប្រាក់ ពី១លានរៀល ដល់៥ លានរៀល ,ចំណែកអ្នកផ្តើមគំនិតណែនាំ ញុះញង់ បញ្ចុះបញ្ចូលឬជួយសម្រួលដោយចេតនាដល់អ្នកដំណើរឬការីនៃយានដឹកជញ្ជូនឱ្យគេចចេញពីការត្រួតពិនិត្យឬគេចវេសពីការអនុវត្តវិធានការចត្តាឡីស័កត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១០, ០០០,០០០ (ដប់លាន) រៀលទៅ ៥០,០០០,០០០ (ហាសិបលាន)រៀល ។
បើតាមអនុក្រឹត្យរាជរដ្ឋាភិបាលស្តីពីការកែសម្រួលមាត្រា៨ នៃអនុក្រឹត្យលេខ ១២៩ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជំងឺជាអន្តរកាល នៃជំងឺនៅតាមច្រកចេញ-ចូល ត្រង់មាត្រា៨-ថ្មី បានបញ្ជាក់ថា«អ្នកដំណើរឬការីនៃយានដឹកជញ្ជូនដែលគេចមិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យឬមិនសហការជាមួយ នឹងមន្ត្រីចត្តាឡីស័កក្នុងការអនុវត្តវិធានការសុខាភិបាលឬមិនបំពេញតាមបែបបទដែលមានកំណត់ក្នុងអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញ-ចូល ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១,០០០,០០០ (មួយលាន) រៀល ទៅ ៥,០០០,០០០ (ប្រាំលាន) រៀលនិងតម្រូវឱ្យអនុវត្តន៍វិធានការសុខាភិបាល ។ ជនណាដែលផ្តើមគំនិតដឹកនាំណែនាំ ញុះញង់ បញ្ចុះបញ្ចូលឬជួយ សម្រួលដោយចេតនាដល់អ្នកដំណើរឬការីនៃយានដឹកជញ្ជូនឱ្យគេចចេញពីការត្រួតពិនិត្យឬគេចវេសពីការអនុវត្តវិធានការចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១០,០០០,០០០ (ដប់លាន) រៀល ទៅ ៥០,០០០,០០០ (ហាសិបលាន)រៀល »។
អនុក្រឹត្យបន្តថាការពិន័យអន្តរការណ៍ជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល ។ ក្នុងករណីជនល្មើសមិនព្រមបង់ប្រាក់ពិន័យអន្តរការណ៍ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃទទួលបានសេចក្ដីសម្រេចស្ដីពីការពិន័យអន្តរការណ៍មន្ត្រីក្រសួងសុខាភិបាលដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីជាធរមាន ។ ទម្រង់បែបបទនៃបង្កាន់ដៃពិន័យនិងការគ្រប់គ្រងប្រាក់ដែលបានមកពីការពិន័យអន្តរការណ៍ត្រូវកំណត់ដោយប្រកាសអន្តរក្រសួង របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ការទទួលពិន័យអន្តរការណ៍នេះមិនធ្វើឱ្យជនដែលប្រព្រឹត្តបទល្មើសរួចផុតពីការទទួលខុសត្រូវ ខាងព្រហ្មទណ្ឌផ្សេងទៀតដែលមានចែងនៅក្នុងច្បាប់និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានឡើយ ។ ជនណាដែលក្លែងបន្លំឯកសារពាក់ព័ន្ធសុខភាពក្នុងគោលបំណងគេចវេស ពីការអនុវត្តវិធានការចត្តាឡីស័កត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន ។ ក្នុងករណីដែលអ្នកដំណើរឬការីនៃយានដឹកជញ្ជូនមិនព្រមអនុវត្តន៍តាមបទប្បញ្ញត្តិនៃកថា ខណ្ឌខាងលើមន្ត្រីចត្តាឡីស័កត្រូវសហការជាមួយនឹងអាជ្ញាធរពាក់ព័ន្ធដើម្បីបដិសេធការចេញ-ចូលព្រះរាជាណាចក្រកម្ពុជា។
គួររលឹកថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែ កុម្ភៈ នេះតាមរយៈសារជាសំឡេងបានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងរដ្ឋមន្ត្រីក្រសួងយុត្តិ ធម៌ និង ក្រុមប្រឹក្សាអ្នកច្បាប់របស់ទីស្តីការគណៈរដ្ឋមន្ត្រី សិក្សាពីការធ្វើវិសោធនកម្មលើអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញ-ចូល ដើម្បីបង្កើនការផាកពិន័យនិងដាក់ទោសទណ្ឌទៅលើអ្នកគេចវេសពីការធ្វើចត្តាឡីស័ក ។ បទបញ្ជានេះធ្វើឡើងស្របពេលដែលពល ករខ្មែរជាច្រើននៅតែបន្តវិលចូលប្រទេសកម្ពុជាវិញនិងមួយចំនួនគេចវេសពីការធ្វើចត្តាឡីស័កដែលជាហានិភ័យនៃការឆ្លងកូវីដ១៩ ចូលទៅក្នុងសហគមន៍ ។
មាត្រា៨ នៃអនុក្រឹត្យលេខ ១២៩ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជំងឺជាអន្តរកាលនៃជំងឺនៅតាមច្រកចេញ-ចូល ចាស់បានបង្ហាញថា៖អ្នកដំណើរឬការីនៃយានដឹកជញ្ជូនណាដែលគេចវេះមិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័កក្នុងការអនុវត្តវិធានការសុខាភិបាលឬមិនបំពេញតាមបែបបទ ដែលមានកំណត់ក្នុងអនុក្រឹត្យនេះត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី២០០០០០(ពីរសែន)រៀលដល់១ ០០០ ០០០(១លាន)រៀលទៅតាមទំហំនៃបទល្មើស និងតម្រូវ ឱ្យអនុវត្តវិធានការសុខាភិបាល។ ការទទួលពិន័យអន្តរការណ៍នេះមិនធ្វើឱ្យជនដែលប្រព្រឹត្តបទល្មើសរួចផុតពីការទទួលខុសត្រូងព្រហ្មទណ្ឌដែលមានចែងនៅក្នុងច្បាប់និង បទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានឡើយ។ជនណាដែលក្លែងបន្លំឯកសារពាក់ព័ន្ធសុខភាពក្នុងគោលបំណងគេចវេះគ្គីគ្នាពីចត្តាឡីស័កត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរ មាន។ក្នុងករណីដែលអ្នកដំណើរឬការីនៃយានដឹកជញ្ជូនមិនព្រមអនុវត្តតាមបទបញ្ញាតិ្តនៃកឋាខណ្ឌខាងលើមន្ត្រីចត្តាឡីស័កត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីបដិសេធការចេញចូលប្រះរាជាណាចក្រកម្ពុជា ៕