ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ បុរសម្នាក់ បានបើករថយន្តមួយគ្រឿង ម៉ាកអូឌី ពណ៌ស បើកបរ ក្នុងស្ថានភាពល្បឿនលឿន ដូចហោះ ខណៈពេលបើកបរ មិនបានប្រុងប្រយ័ត្ននោះ បាន រេចង្កូតជ្រុលទៅបុកបង្គោល របងស្ថានទូតបារាំង បណ្តាលអោយរងការខូចខាត រថយន្តស្ទើរទាំងស្រុង ក៏ប៉ុន្តែអ្នកបើកបរ រងរបួសស្រាល។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣ ទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ តាមបណ្តោយមហាវិថី ព្រះមុនីវង្ស នៅចំណុចស្ថានទូតបារាំង ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច ដែលយាមនៅគោលដៅនេះ បានអោយដឹងថាៈ មុនពេលកើតហេតុ គឺរថយន្តបង្កមួយគ្រឿង ម៉ាកអូឌី A7 ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-2764 បើកបរដោយបុរសម្នាក់ តាមបណ្តោយមហាវិថី ព្រះមុនីវង្ស ក្នុងទិសដៅពីខាងត្បូង ទៅខាងជើង ខណៈពេលបើកមកដល់ ចំណុចកើតហេតុ ដោយសារតែរថយន្តបង្ក បើកក្នុងស្ថានភាព យ៉ាងលឿនដូចហោះ មិនបានប្រយ័ត្ននោះ ហើយទំនងជាម្ចាស់រថយន្ត ងងុយដេកផង ងោកមួយភាំង ទើបរេចង្កូតមកឆ្វេងដៃ មកបុករះបង្គោល របងស្ថានទូតបារាំង បណ្តាលអោយបាក់រាយប៉ាយ ពេញផ្លូវ ហើយរថយន្តបង្ក ខ្ទាតជាង ២០០ ម៉ែត្រ រងការខូចខាតខ្ទេចអស់ មួយកំណាត់ខាងមុខ ចំហៀងខាងឆ្វេង ថែមទាំងដាច់កាឡេកង់ និងដាច់បូម ខ្ទាតពេញផ្លូវ ហើយផ្ទុះពោងទាំងសងខាង។ ចំណែកអ្នកបើកបរ រងរបួសស្រាល។ ភ្លាមៗនោះ អ្នកបើកបរ បានចេញមកដោះស្លាកលេខ ដើម្បីយកទៅទុក រួចគេចចេញពីកន្លែងកើតហេតុបាត់ ដោយបន្សល់ទុកនៅតែរថយន្តបង្ក នៅកន្លែងកើតហេតុ ហើយក្រោយមក តំណាងម្ចាស់រថយន្ត បានមកជួយដោះស្រាយ ហើយគ្រោះថ្នាក់នេះ គឺខូចខាតបង្គោលរបងអស់ ចំនួន ១៤ បង្គោល មានបាក់ខ្លះ និងខូចខាតតិចតួចខ្លះ។
ក្រោយពេលកើតហេតុ រថយន្តបង្ក ត្រូវបានសមត្ថកិច្ច វាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយ និងផាក់ពិន័យ ទៅតាមនីតិវិធី៕/V