ដោយៈ គ្រញូង / បាត់ដំបងៈ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានប្រាប់ឱ្យដឹង នៅថ្ងៃទី១៨ ខែកម្ភៈនេះថាៈ នៅពេលនេះ សមត្ថកិច្ចជំនាញ បាននិងកំពុងសួរនាំ មេខ្យល់ ២នាក់ ដែលប៉ុនប៉ងនាំពលករ ចំនួន៥នាក់ ឆ្លងដែន ចេញទៅប្រទេសថៃ ដោយខុសច្បាប់ ដើម្បីកសាងសំណុំរឿង ចាត់វិធានការ តាមនីតិវិធី។ ចំណែកពលករឆ្លងដែនខុសច្បាប់ ទាំង ៥ នាក់ ត្រូវបញ្ជូនទៅមណ្ឌលចត្តាឡឺស័ក និងពិន័យតាមច្បាប់កំណត់។
លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានបញ្ជាក់ថាៈ កាលពីល្ងាច ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថស្រុក បានឃាត់ខ្លួនមេខ្យល់ ចំនួន ២ នាក់ ដែលប៉ុនប៉ងនាំពលករ ចំនួន៥នាក់ ឆ្លងដែន ចេញទៅប្រទេសថៃ ដោយខុសច្បាប់ តាមច្រករបៀងមួយ នៅជិតច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខណៈកម្លាំងយោធា រួមទាំងសមត្ថកិច្ចគ្រប់ស្ថាប័ន កំពុង ពង្រាយកម្លាំងគ្រប់ច្រកល្ហក តាមព្រំដែន ដើម្បីទប់ស្កាត់ក្រុមពលករ ឆ្លងដែនទាំងនោះ ដែលគេចវេះពីការធ្វើចត្តាឡីស័ក។
ដៅយឡែក លោកវរសេនីយ៍ត្រី មុយ សាលិត មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកកំរៀង បានឲ្យដឹងថាៈ មេខ្យល់ដែលត្រូវឃាត់ខ្លួន ចំនួន ២ នាក់នោះ មានឈ្មោះ ហេង វិចិត្រ អាយុ ៣១ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប និងឈ្មោះ កើត ភីន អាយុ ៤៧ ឆ្នាំ បុរសទាំងពីរនាក់នេះ មានមុខរបរ រត់ម៉ូតូឌុប ដូចគ្នា។ រីឯរីឯពលករ ជាបុរសទាំង ៥នាក់ មានៈ ១ -ឈ្មោះ រឿន លីដា អាយុ ៣៣ ឆ្នាំ, ២-ឈ្មោះ កា ជឿន អាយុ ២២ ឆ្នាំ (មនុស្ស គ) , ៣-ឈ្មោះ អ៊ុ តូ អាយុ ២៧ ឆ្នាំ, ៤-ឈ្មោះ វ៉ាន់ រិទ្ធ អាយុ ៣៨ ឆ្នាំ និង៥-ឈ្មោះ សឿន សែន អាយុ ៣៣ ឆ្នាំ ។ កម្លាំងកងរាជអាវុធហត្ថ បានស្ទាក់ចាប់មេខ្យល់ និងក្រុមពលករទាំង ៥នាក់នោះ នៅពេលពួកគេ បំរុងឆ្លងអូរព្រំដែន ចេញទៅប្រទេសថៃ ដោយខុសច្បាប់។
ពាក់ព័ន្ធនឹងករណីមេខ្យល់ទាំង ២ នាក់ខាងលើនេះ បើតាមការបញ្ជាក់ ពីលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានប្រាប់ថា នៅពេលនេះ សមត្ថកិច្ចជំនាញ បាននិងកំពុងសួរនាំ ដើម្បីកសាងសំណុំរឿង ចាត់វិធានការ តាមនីតិវិធី។ ចំណែកពលករឆ្លងដែនខុសច្បាប់ ទាំង ៥ នាក់ ត្រូវបញ្ជូនទៅមណ្ឌលចត្តាឡឺស័ក និងពិន័យតាមច្បាប់កំណត់៕/V