ដោយ: អង្គរតូច / សៀមរាប: ក្នុងគោលដៅរៀបចំនិងដាក់ចេញនូវខ្សែសៀគ្វីទស្សនា(វង់ទស្សនា) រមណីយ ដ្ឋានសំបូរព្រៃគុក អាជ្ញាធរជាតិសំបូរព្រៃគុក បានរៀប ចំកម្មវិធីកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ស្តីពីការ រៀបចំខ្សែសៀគ្វីទេសចរណ៍រយៈពេល៣ថ្ងៃ។
ជាមួយគ្នានោះ ក៏បានអញ្ជើញមន្ត្រីបុគ្គលិកជំនាញផ្នែករៀបចំខ្សែសៀគ្វីទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា ចូលរួមដើម្បីចែករំលែកបទពិសោធន៍ការងារនេះផងដែរ។
មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ នៃអាជ្ញាធរអប្សរា បានអោយដឹងថា ជាលទ្ធផលនៃកិច្ចពិភាក្សាររវាងមន្ត្រីបុគ្គលិកជំនាញទាំងពីរស្ថាប័ន ដែលបំពេញការងារក្នុងចក្ខុ វិស័យរួមគឺការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានបេតិកភណ្ឌពិភពលោក គំនិតរៀបចំខ្សែសៀគ្វីទស្សនាក្រុមប្រាសាទក្នុងរមណីយដ្ឋានសំបូរព្រៃគុកចំនួន ៦ ត្រូវបានដាក់ចេញ ដើម្បីបន្តការសិក្សាស៊ីជម្រៅដែលក្នុងនោះមាន។
១. សិក្សារៀបចំទិសដៅទស្សនាដោយកំណត់ច្រក ចេញចូលច្បាស់លាស់ សម្រាប់ក្រុមប្រាសាទធំៗចំនួន៣គឺ ក្រុមប្រាសាទយាយព័ន្ធ ក្រុមប្រាសាទតោ និងក្រុមប្រាសាទសំបូរ។
២. សិក្សាដាក់ចេញនូវខ្សែទស្សនាដែលភ្ជាប់ក្រុមប្រាសាទធំៗទាំងបីគឺ ក្រុមប្រាសាទយាយព័ន្ធ ក្រុមប្រាសាទតោ និងក្រុមប្រាសាទសំបូរ ជាមួយនឹងប្រាសាទដើមចាន់ ប្រាសាទអាស្រមមហាឫស្សីនិងប្រាសាទជ្រៃ ដោយមានជម្រើសរយៈពេលទស្សនាផ្សេងៗគ្នា(សៀគ្វីរយៈពេលវែង មធ្យម និងខ្លី)។ ខ្សែសៀគ្វីនេះគ្រោងតម្រូវឱ្យយានជំនិះគ្រប់ប្រភេទដាក់ភ្ញៀវនៅមុខក្រុមប្រាសាទយាយព័ន្ធខាងកើត ហើយត្រឡប់ទៅឈប់ចាំទទួលភ្ញៀវនៅម្តុំមុខប្រាសាទជ្រៃ។
៣. សិក្សាដាក់ចេញនូវខ្សែសៀគ្វីកង់ និងរទេះគោ ដែលអាចមានជម្រើសខ្សែវែង និងខ្សែខ្លី ក្រោមចំណងជើង «ទស្សនារមណីយដ្ឋានសំបូរព្រៃគុកដោយជិះកង់ឬរទេះគោ»។
៤. សិក្សាដាក់ចេញនូវខ្សែសៀគ្វីរយៈពេល១ថ្ងៃពេញដើម្បីលើកតម្លៃប្រាសាទតូចៗមួយចំនួន រួមទាំងក្រុងបុរាណ «ឦសានបុរ» ដោយភ្ជាប់ជាមួយក្រុមប្រាសាទធំៗទាំង៣។
៥. សិក្សាស៊ីជម្រៅបន្ថែមដើម្បីដាក់ចេញនូវខ្សែទស្សនាក្រោមប្រធានបទពិសេស «ស្វែងយល់ពីចម្លាក់លើប្រាសាទឥដ្ឋ» ដែលភ្ញៀវទេសចរអាចទទួលបានព័ត៌មានលម្អិតពីចម្លាក់ «ប្រាសាទអណ្តែត» និងចម្លាក់ «មេដៃយ៉ុង» ដែលទាំងនេះជាតម្លៃលេចធ្លោរជាសកល (outstanding universal value) របស់រមណីយដ្ឋានសំបូរព្រៃគុកបេតិកភណ្ឌពិភព លោក។
៦. សិក្សារៀបចំខ្សែសៀគ្វីសម្រាប់ទេសចរបែបសមាធិ ដោយក្នុងនោះអាចកំណត់យកប្រាសាទត្រពាំងរពាក់ឬប្រាសាទគក់ទ្រូងជាទីតាំងបញ្ចប់ខ្សែទស្សនា និងស្នើឱ្យទេសចរអាចធ្វើសមាធិបែបពុទ្ធសាសនា នៅទីនោះបាន។
មន្ត្រីបញ្ជាក់ថា គំនិតជំហានដំបូងទាំង៦ ខាងលើនេះ នឹងត្រូវសិក្សាស៊ីជម្រៅលម្អិតបន្ថែមរួមគ្នាបន្តទៀត រវាងមន្ត្រីបុគ្គលិកជំនាញនៃអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិសំបូរព្រៃគុក៕