ដោយ: សុផានីតា / កោះកុង: ក្រុមមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៅខេត្តកោះកុង បានបង្ហាញការសរសើរចំពោះស្មារតីរបស់ក្រុមអាជីវករលក់ដូរចំណីអាហារ និងទំនិញគ្រប់ប្រភេទដែលបានចូលរួមដាក់តាំងលក់ផលិតផលដែលមានគុណភាពអនាម័យល្អនៅក្នុងបរិវេនផ្សារដងទង់ ក្រុងខេមរភូមិន្ទ។
ដូចតាមការគ្រោងទុកនៃការកំណត់ផែនការពិនិត្យគុណភាពទំនិញតាមទីផ្សារ មន្ត្រីសាខាកបបខេត្ត កាលពីព្រឹកថ្ងៃទី១៨ខែកុម្ភៈ ២០២១ សហការមន្ទីរពាណិជ្ជកម្មបានចុះស្រាវជ្រាវត្រួតពិនិត្យរាល់ចំណីអាហារទំនិញដែលខូចគុណភាពនៅផ្សារដងទង់។
តាមលោក តាន់ វិជិតសដ្ឋា អនុប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកោះកុង លើកឡើងថា ការប្រតិបត្តិការស្វែងស្រាវជ្រាវរកទំនិញក្លែងបន្លំ និងខូចគុណភាពប្រើប្រាស់ផ្តោតសំខាន់ទៅការវិភាគបឋមលើគំរូម្ហូបអាហារចំនួន៦ប្រភេទ គឺអាហារសមុទ្រ បង្ការ មឹក ត្រី រីឯបន្លែស្រស់ៗ ស្ពៃ ខ្ញីហាន់ និងទំនិញជាកញ្ចប់កំប៉ុង ។
លោកអនុប្រធានសាខា ក.ប.បខេត្តកោះកុង ដដែល បន្ថែមថា ប្រតិបត្តិការពិនិត្យទៅលើគុណភាព និងអនាម័យសុវត្ថិភាពផលិតផលម្ហូបអាហារនៅផ្សារដងទង់ ក្រុងខេមរភូមិន្ទ ក្នុងគោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។
លទ្ធផលក្រោយចំណាយពេលអស់ជិត១ម៉ោង ក្រុមការងារជំនាញរបស់លោកពុំបានរកឃើញនូវទំនិញក្លែងបន្លំ ឬផ្ទុកសារធាតុគីមីអ្វីដទេ ដោយអាជីវកម្មបានចូលរួមគោរពច្បាប់ត្រឹមត្រូវ គ្រាមានការយល់ដឹងច្រើនពីការដាក់តាំងលក់ទំនិញជូនអតិថិជន។
ទោះបែបនេះក្តី ក៏លោកនៅតែបន្តណែនាំ និងហាមប្រាមដល់ក្រុមអាជីករមិនត្រូវលួចលាក់ផលិត ឬដាក់តាំងលក់ទំនិញណាដែលគ្មានស្លាកសញ្ញាចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវនោះឡើយ ព្រោះការប្រព្រឹត្តបែបនេះបង្កឱ្យគ្រោះថ្នាក់ដល់សុខភាពសាធារណជន ព្រមទាំងប្រឈមនឹងការមានទោសទាន់ចំពោះមុខច្បាប់ទៀតផង។
កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ មន្ត្រីសាខា ក.ប.ប. ខេត្តកោះកុង រកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ទឹកក្រូចចំណុះ ១.៥លីត្រ ចំនួន៤ដប និងទឹកដោះគោចំនួន៦ដបតូច។ ដោយធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ៕