ដោយ: សុខុម / ស្ទឹងត្រែង: កម្លាំងកងរាជអាវុធហ្ថខេត្តស្ទឹងត្រែង អាវុធហ្ថ លើផ្ទៃប្រទេស និងកម្លាំងបរិស្ថាន បានចុះស្រាវជ្រាវករណីឈ្មួញឈើកាប់ផ្តួលរំលំ នៅព្រំប្រទល់ខេត្តស្ទឹងត្រែង-ក្រចេះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងដើមឈើនៅសល់តែគល់ ក្រោយពីមានការលើកឡើងថា មានឈ្មួញកាប់ឈើនៅព្រំប្រទល់ទឹកដីស្រុកសៀមបូក ខេត្តស្ទឹងត្រែងជាប់ខេត្តក្រចេះ។
ការចុះស្រាវជ្រាវនេះ ធ្វើឡើងកាលពីកន្លងទៅថ្មីៗនេះ ដោយប្រើមធ្យោបាយជិះម៉ូតូនៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២១។
ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា អស់រយៈពេលជាច្រើនថ្ងៃបានចុះទៅស្រាវជ្រាវឃើញថា មានជារណ្ដៅ(ឈើច្បោះ) ដែលត្រូវបានកាប់រំលំនៅចំណុចអូរឈ្លីកលើ (590652-1456894) អូរខ្សាច់ស្វា( 590590-1459185) អូរតាពណ៌ (590537-1454189) ផ្លូវបំបែកជាបីចូលក្រុមហ៊ុនស៊ីបាយអូតិកចូលទៅអូរគ្រាក់, ចូលទៅបុសខ្នុរ (595423-1451578) ផ្លូវបែកអូរឡង់ចូលទៅក្រុមហ៊ុន(595836-1451783) ភ្នំក្រហម(591293-1460268) មានចំការ និងប្រជាពលរដ្ឋរស់នៅទីនោះប្រហែល២០នាក់ (ធ្វើចំការ និងកាប់ឈើ)។ ការស្រាវជ្រាវរកឃើញគល់ឈើកាប់ចំនួន១៧៨គល់។
ប្រជាពលរដ្ឋបានប្រាប់ថា ពួកគាត់កាប់ឈើលក់ឱ្យឈ្មោះតាហៃនៅក្រុមហ៊ុននៅចំណុចអូរគ្រាក់ជាប់ក្រុមហ៊ុនស៊ីបាយអូតិក ក្នុងមួយម៉ែត្រគូបតម្លៃ៦០០.០០០រៀល៕