​អភិបាល​រាជធានី ចុះ​ពិនិត្យ​ការស្តារ​ប្រឡាយ​មេ ទួល​ពង្រ បើកផ្លូវ​ទឹក ដើម្បី​កាត់បន្ថយ​ការលិចលង់ ក្នុង​ខណ្ឌ ៤ នៅ​ជាយក្រុង

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ដើម្បី​ជំរុញ​ការងារ​ស្តារ​ប្រឡាយ​ទួល​ពង្រ ទំហំ​៨​ម៉ែត្រ ដែល​ឆ្លងកាត់​សង្កាត់​៣ របស់​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​សង្កាត់​ចោមចៅ​ទី​១ ចោមចៅ​ទី​២ និង​ចោមចៅ​ទី​៣ ទទួលបាន​ជោគជ័យ និង​ទាន់ពេលវេលា មុន​រដូវវស្សា​មកដល់ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ពិសេស​អាជ្ញាធរ​ខណ្ឌដង្កោ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌមានជ័យ ចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង នៃ​តួ​ប្រឡាយ ស្ថានីយ​លូ​ប្រាំ ក្នុង​គោលបំណង​បើកផ្លូវ​ទឹក ឱ្យ​ហូរ​បាន​លឿន ដើម្បី​កាត់បន្ថយ​ការលិចលង់ លំនៅដ្ឋាន​ប្រជាពលរដ្ឋ នៅក្នុង​ខណ្ឌ​ចំនួន ៤ នៅ​ជាយក្រុង​។​

​ចំពោះ​សកម្មភាព ដែល​លោក​អភិបាល​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​នេះ មានដូចជា សកម្មភាព​កាយ​បើក​មុខទឹក​ប្រឡាយ​ទួល​ពង្រ​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ការពិនិត្យ​សកម្មភាព ការស្ដារ​ប្រឡាយ​ភូមិ​ម័​រ ខណ្ឌដង្កោ និង​ការពិនិត្យ​កាយ​ប្រឡាយ នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ និង​ការ​ពិនិត្យមើល​ស្ថានីយ បូម​ទឹកលូ​៥​ជាដើម ដើម្បី​ជំរុញ​ការងារ​ស្ដារ​ប្រឡាយ​នេះ ឲ្យ​លឿន​ទាន់ពេលវេលា មុន​រដូវវស្សា មកដល់​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថាៈ ប្រឡាយ​ទាំង​ប៉ុន្មាន ខាងលើនេះ ជា​ប្រឡាយ​មេ ដែលមាន​សារៈសំខាន់​បំផុត ក្នុងការ​រំដោះ​ទឹក ពី​ផ្លូវជាតិ​លេខ​៤ ខណ្ឌ​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌដង្កោ និង​ខណ្ឌមានជ័យ​។​

​លោក​បាន​បន្តទៀតថាៈ ការស្ដារ​ប្រឡាយ ខាងលើនេះ បានធ្វើ​ឲ្យ​ប៉ះពាល់ ដី​កម្មសិទ្ធិឯកជន របស់​បងប្អូន​ប្រជាពលរដ្ឋ មួយចំនួន ហើយ​បងប្អូន​ប្រជាពលរដ្ឋ ក៏បាន​ចូលរួម​បរិ​ច្ចាគដី ដែលជា​កម្មសិទ្ធិ​របស់​ខ្លួន​នោះ ជូន​មកអោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ផងដែរ​។ លោក​ពិតជា​អរគុណ​ចំពោះ បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​បរិ​ច្ចាគដី ដែលមាន​ទំហំ រហូតដល់ ២​ម៉ែត្រ និង​មាន​បណ្ដោយ រហូតដល់ ៥០០ ម៉ែត្រ ដើម្បី​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ មានលទ្ធភាព ស្ដារ​ប្រឡាយ​នេះ អោយបាន​ធំ រហូតដល់ ៨​ម៉ែត្រ ទៅតាម​គម្រោង​។​

​ក្នុងឱកាស​នោះដែរ លោក ឃួ​ង ស្រេង ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​សហការ​ជាមួយ រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្ដារ​ប្រឡាយ ទាំងនេះ ឱ្យបាន​លឿន និង​ធំ​ទូលាយ​។​

​លោក​បាន​បញ្ជាក់ថាៈ ចំពោះ​ប្រឡាយ​ដែលមាន​ស្រាប់ មាន​បងប្អូន​ប្រជាពលរដ្ឋ មួយចំនួន បាន​រំលោភ ដោយ​សាង​សង់ផ្ទះ នៅលើ​តួ​ប្រឡាយ​តែម្តង​។ បញ្ហា​នេះ លោក​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាព​រដ្ឋ រុះរើ​សំណង់​នោះ​ចេញ ពី​តួ​ប្រឡាយ ដើម្បី​ឲ្យ​ក្រុមការងារ មានលទ្ធភាព ស្ដារ​ប្រឡាយ​ដោះ​ទឹក​នេះ ឱ្យបាន​លឿន ទៅតាម​គម្រោង ដែល​បាន​គ្រោងទុក​។​

​គួរបញ្ជាក់​ថាៈ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ធ្លាប់បាន​បញ្ជាក់ថា ជា​គម្រោង​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ស្តារ ប្រឡាយ​ទួល​ពង្រ​១ ជា​ប្រឡាយ​បេតុង ឲ្យ​បាន​ទទឹង ៨ ម៉ែត្រ បណ្ដោយ ៤.៥៤៥ ម៉ែត្រ ចាប់ពី​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង ដល់​បុរី​ជីបម៉ុង​។ ដាក់លូ​ប្រអប់​ទំហំ ២,៦៥ ម៉ែត្រ គុណ​នឹង ២,៦៥ ម៉ែត្រ មាន​ចំនួន ៣ ជួរ ប្រវែង ៤៤៥ ម៉ែត្រ ចាប់ពី​បុរី​ជីបម៉ុង ដល់​ប្រឡាយ​បឹង​ហា​។ ដាក់លូ​ប្រអប់ ស្របតាម​ផ្លូវជាតិ​លេខ​៣ ទំហំ ៦​ម៉ែត្រ គុណ​នឹង ២ ម៉ែត្រ ប្រវែង ១.២២០ ម៉ែត្រ ចាប់ពី​បូរី Green Vill ដល់​ដើម​ប្រឡាយ​ទួល​ពង្រ និង​ដាក់លូ​ជ្រុង ចំណុច​ផ្លូវ​ឆ្លងកាត់ មាន​ចំនួន ៧ កន្លែង​៕/V​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular