មេខ្យល់​ម្នាក់ និង​មនុស្ស​៣​នាក់​ផ្សេងទៀត ត្រូវ​ឃាត់ខ្លួន​ពេល​កំពុង​លួច​ឆ្លងដែន​តាមផ្លូវ​ទឹក​ខេត្តកោះកុង​

ដោយ​: សុផានីតា / កោះកុង​: មន្ត្រី​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​ចាំ​យាម ចាប់ដៃគ្នា​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ប្រទះឃើញ និង​ឃាត់ខ្លួន​មេខ្យល់ ព្រមទាំង​មនុស្ស​៣​នាក់​ពេល​ជិះទូក​តូច​មួយ​បម្រុង​លួច​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃ​។​

​ការឃាត់ខ្លួន​មេខ្លោង​ម្នាក់ និង​មនុស្ស​ប្រុស​ស្រី​៣ អំឡុងពេល​សមត្ថកិច្ច​មន្ត្រី​ជំនាញ ប្រតិបត្តិការ​ល្បាត​រុករក​មេខ្យល់ ពលករ​ខ្មែរ​ខុសច្បាប់​ដែល​លួចលាក់​ឆ្លងដែន​ខុសច្បាប់​តាម​ផ្ទៃ​ទឹក​ជិត​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ កាលពី​ម៉ោង​៩​និង​៤០​យប់​ថ្ងៃទី​១៧ ខែកុម្ភៈ ២០២១​។

​ប្រាប់​រស្មី​កម្ពុជា គឺ​លោក សុវណ្ណ ប៊ុនធឿន ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម បានឱ្យដឹង​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ នេះ​ថា លោក​បាន​ដឹកនាំ​ក្រុមការងារ​ផ្តើម​ចាប់ពី​ម៉ោង​៧​និង​៣០​នាទី​យប់ ដោយ​ប្រើប្រាស់​អូរ​ប័​រ​ចំនួន​២​គ្រឿង ចែង​ចែកគ្នា​ល្បាត​ពិនិត្យ​គ្រប់​គោលដៅ​ដែល​ដាក់​ការសង្ស័យ​។ គ្រាន់តែ​ល្បាត​មិនបាន​ប៉ុន្មាន​ម៉ោង​ផង ស្រាប់តែ​ប្រទះឃើញ​មនុស្ស​៤​នាក់ កំពុង​ជិះទូក​មាន់ចែ​រទាំង​ភាព​ប្រថុយប្រថាន​លើ​ផ្ទៃ​រលក​ខ្ពស់ ពេល​ឃើញ​ដូច្នេះ ក្រុមការងារ​ផ្តើម​សួរនាំ​ទៅកាន់​ពួកគេ ដោយ​ដឹក​ជ​ញ្ចូ​ន​មក​ប៉ុស្តិ៍​អន្តោ​ប្រវេ​ស៍​ផ្លូវទឹក​ភ្លាមៗ​តែម្តង​។​

​លោក សំ​ឃិត វៀន អភិបាលរង​ខេត្តកោះកុង វិញ ថ្លែងថា ក្រុមមនុស្ស​ស្រី​ប្រុស​៣​នាក់ ជា​ពលរដ្ឋ​រស់នៅ​ស្រុក​មេសាង ខេត្តព្រៃវែង រីឯ​មេខ្យល់​ដឹកជញ្ជូន​ជា​ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​៤​សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ​។ មូល​ហេតុដែល​ឈានដល់​ពួកគេ​ធ្វើដំណើរ​តាម​ទូក ក៏​ព្រោះតែ​បម្រុង​ចូល​ឆ្លងដែន​ខុសច្បាប់​ទៅរក​ការងារ​ធ្វើ​នៅ​ខេត្ត​ត្រាត ប្រទេស​ថៃ តាម​ការផ្តល់​ដំណឹង​ពី​បងប្អូន​នៅ​ទីនោះ ឱ្យ​ទាក់ទង​មក​បុរស​ជា​មេខ្យល់​ជា​អ្នក​ដឹក​ជ​ញ្ចូ​ន​ថ្នូរ​តម្លៃ​មួយ​នាក់​ថ្លៃ​១២០០​បាត​។​

​ជិត​២​ម៉ោង​ក្រោយ​សួរចម្លើយ អាជ្ញាធរខេត្ត មន្ត្រី​ជំនាញ បានប្រគល់​ពួកគេ​ទាំងនេះ​អធិការនគរបាល​ស្រុក​មណ្ឌលសីមា​ទទួលយក​បន្ត​អនុវត្ត​នីតិវិធី និង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ គួរ​ជម្រាប​ថា ប្រតិបត្តិ​ការរុករក​មេខ្យល់ និង​ពលករ​ខុសច្បាប់​នេះ ធ្វើឡើង​មួយ​យប់​ទល់​ភ្លឺ ពោលគឺ​ទើបតែ​បញ្ចប់​នៅ​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​នេះ​ប៉ុណ្ណោះ​។​

​យោងតាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង គិត​ចាប់ពី​ថ្ងៃទី​២០ ខែធ្នូ ២០២០​កន្លងទៅ មកទល់​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ ខេត្តកោះកុង​មាន​ពលករ​ខ្មែរ​ចំនួន​២៧៨​នាក់​/​ស្រី្ត​៧៧ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ តាម​ច្រកព្រំដែន​ផ្លូវការ និង​ច្រករបៀង ភាគច្រើន​គឺ​មក​លួ​ចា​លក់​តាម​ច្រក​ផ្លូវទឹក​។​

​ក្នុងចំណោម​២៧៨​នាក់​ខាងលើនេះ បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៩៤​នាក់ ស្ត្រី​៥៨​នាក់​។ នៅ​សេសសល់​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៨៤​នាក់​ស្ត្រី​១៩​នាក់ តែ​ម៉ោង​នេះ តួលេខ​អាច​កើនឡើង​បន្ថែម​វិញ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular