ដោយៈ មេសា / ភ្នំពេញៈ តំណាងស្ថាប័នទូរទស្សន៍ ចំនួន ៣ គឺ បាយ័ន , ស៊ីប៊ីអេស (CBS) និង ហង្សមាស ដែលធ្លាប់បានបំពេញការងារ ក្នុងវិស័យផ្សព្វផ្សាយ ជាង ២០ ឆ្នាំ រៀងៗខ្លួនមកហើយ បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ( MOU ) នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅឯសណ្ឋាគារ កាំបូឌីយ៉ាណា ដើម្បី រួមគ្នាបង្កើតថ្នាលទូរទស្សន៍ ឌីជីថល ធំជាងគេ នៅកម្ពុជា។
តាមពិតទៅ ថ្នាលទូរទស្សន៍ ឌីជីថល ដែលត្រូវបានស្ថាប័នទាំង ៣ ខាងលើរួមគ្នា បង្កើតឡើងនៅពេលនេះ មិនមែនជាទូរទស្សន៍ ឌីជីថល លើកដំបូង នៅកម្ពុជា ទេ ពោលគឺ កម្ពុជា មានទូរទស្សន៍ ឌីជីថល ប៉ុន្មានឆ្នាំមកហើយ ហើយទូរទស្សន៍ ឌីជីថលទាំងនោះ មានទូរទស្សន៍ខ្លះ ផ្សព្វផ្សាយតាមប្រព័ន្ធ ផ្កាយរណប និង តាមប្រព័ន្ធទូរស័ព្ទដៃ ជាដើម ។
ទោះបីជាយ៉ាងណា អ្នកឧកញ៉ា គិត ម៉េង តំណាង CBS បានលើកឡើង ពីគោលបំណង នៃការរួមគ្នារបស់ ស្ថាប័នផ្សព្វផ្សាយទាំង ៣ រួមគ្នាបង្កើតថ្នាល ទូរទស្សន៍ ឌីជីថល នេះថាៈ “ នេះគឺជាផ្នែកមួយ នៃចក្ខុវិស័យរបស់យើង ដើម្បីធ្វើឱ្យប្រទេសកម្ពុជា មានឌីជីថល ពេញលេញ និងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិ បាល ក្នុងការសម្រេចឱ្យបាន ឧស្សាហកម្មជំនាន់ ៤.០ ហើយដែលនឹងរួមចំណែកជួយ ដល់ការអនុវត្តរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឱ្យរាល់ បណ្តាញផ្សព្វផ្សាយ របស់ឯកជន និងរដ្ឋ ប្តូរពីការផ្សព្វផ្សាយ តាមប្រព័ន្ធអាណាឡូក ទៅជាការផ្សព្វផ្សាយលើថ្នាលទូរទស្សន៍ឌីជីថលវិញ“។
លោក មាស រិទ្ធី ពិធីករព័ត៌មាន នៃទូរទស្សន៍ ហង្សមាស បានថ្លែងក្នុងនាមតំណាង នៃស្ថាប័នទាំង ៣ ខាងលើ នៅក្នុងពិធីចុះហត្ថលេខានេះ បានលើកឡើងថាៈ ការបង្កើតថ្នាល ទូរទស្សន៍ឌីជីថលនេះ មិនមានគោលបំណង ប្រកួតប្រជែង ជាមួយស្ថាប័នដទៃ ហើយតាមរយៈការបង្កើតថ្នាល ទូរទស្សន៍ឌីជីថលនេះ ក៏នឹងអាចនាំឱ្យមានការរិតត្បិត ដល់ការផ្សព្វផ្សាយ ឬការបញ្ចេញមតិនានា នៅកម្ពុជាឡើយ។
ការលើកឡើងរបស់លោក មាស រិទ្ធី ស្របទៅនឹងសេចក្តីប្រកាសព័ត៌មាន ដែលត្រូវបានផ្តល់ជូន ដល់ក្រុមអ្នកសារព័ត៌មាន នៅក្នុងពិធីចុះហត្ថលេខាខាងលើនេះ ដែលបានលើឡើងថា ថ្នាលទូរទស្សន៍ឌីជីថល ថ្មីនេះមានភារកិច្ចត្រួតពិនិត្យគុណភាព ត្រួតពិនិត្យរូបភាព វិដេអូ សំឡេង និងកម្មវិធីផ្សាយ នៅលើប្រព័ន្ធ ផ្សព្វផ្សាយ តាមរយៈច្រកចេញចូលតែមួយ ហើយក៏ចូលរួមធានាបាន នូវការផ្លាស់ប្តូរ ការផ្សាយពីប្រព័ន្ធ អាណាឡូក ទៅជាប្រព័ន្ធឌីជីថល ដោយរលូន ឱ្យបានទាន់ពេលកំណត់ មុនឆ្នាំ២០២៣៕/V.mara
– អ្នកចូលរួមក្នុងពិធីចុះហត្ថលេខា រវាងតំណាង បាយ័ន CBS និង ហង្សមាស ដើម្បី រួមគ្នាបង្កើតថ្នាលទូរទស្សន៍ឌីជីថល ថ្មីមួយនៅ កម្ពុជា ( អ្នកចូលរួម ១, អ្នកចូលរួម ២, អ្នកចូលរួម ៣, អ្នកចូលរួម ៤)