Home ព័ត៌មានសំខាន់ៗ ប្រើធម្មក្តៅ ...

ប្រើធម្មក្តៅ ! រដ្ឋបាលខេត្តព្រះសីហនុនឹងចាត់ការផ្លូវច្បាប់អ្នកប៉ះពាល់ដីសម្បត្តិរដ្ឋនៅកោះរ៉ុង

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសព្រមាននឹងចាត់វិធានការផ្លូវច្បាប់ ដោយមិនលើកលែង ចំពោះជនណាដែលបាន ប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិ របស់រដ្ឋលើដីនៅសង្កាត់កោះរ៉ុង និង កោះរ៉ុង សន្លឹម ក្នុងក្រុង កោះរ៉ុង ខេត្តព្រះសីហនុ ។ នេះបើ តាមសេចក្តី ជូនដំណឹងរបស់ រដ្ឋបាល ខេត្ត ព្រះសីហនុ ។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា នៅសង្កាត់ កោះរ៉ុង និងសង្កាត់ កោះរ៉ុងសន្លឹម ក្នុងក្រុងកោះរ៉ុង មានក្បាលដី ស្របច្បាប់ ត្រឹមតែ ៦៣៧ក្បាលដី ឬ ស្មើនឹងទំហំ ៥២៨,៣៧ហិកតាប៉ុណ្ណោះ។ ក្បាល ដីនេះ ត្រូវចាត់ទុក ថា ស្រប ច្បាប់ ដោយសារ រដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ចុះថ្ងៃទី ៤ខែមេសា ឆ្នាំ ២០១៨ សម្រេចកាត់ដីទំហំ ៥២៨,៣៧ហិកតា នេះ ចេញពីដីឯកជនរបស់រដ្ឋកំណត់ ដោយ អនុក្រឹត្យ ឆ្នាំ ២០០៨ ដើម្បីប្រទានកម្ម ជាកម្មសិទ្ធិ ដល់ ពលរដ្ឋរស់នៅអចិន្ត្រៃយ៍នៅលើកោះរ៉ុង ចំនួន ២៩៨គ្រួសារ។

ដោយឡែកទីតាំងដី ចំនួន ៥៨៤ក្បាលដី គឺត្រូវបានចាត់ ទុកថាមិនស្របច្បាប់ ដោយសារ គណៈកម្មការរដ្ឋបាល បានសម្រេចមិនផ្តល់ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់ពលរដ្ឋ ទាំងនោះទេ ដោយ សំអាងលើ ហេតុផលចំនួន៤។ ហេតុផល ទាំង ៤ គឺដោយសារ ពលរដ្ឋ ចំនួន ៣៦០ក្បាលដី មិន មានអាសយដ្ឋានអចិន្ត្រៃយ៍លើកោះ។ ចំណែក ៧២ក្បាលដី គឺទីតាំងដីគ្មានទិន្ន័យ ខណៈ ១០៧ក្បាលដីទៀត ជាទីតាំងមានទំនាស់ និង ៤៥ក្បាលដី ជាទីតាំង ដីពាក់ព័ន្ធនឹងគម្រោង ព្រលានយន្តហោះ។

ការចេញសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ព្រះសីហនុពេលនេះ គឺដើម្បីជាការ ដាស់តឿន ដល់ ម្ចាស់ក្បាលដីចំនួន ៥៨៤ក្បាលដីមិនស្របច្បាប់នោះ ខណៈគេសង្កេតឃើញថា ពួកគាត់កំពុងមានសកម្មភាព ទិញ លក់ដូរ ដែលផ្ទុយពីច្បាប់។ រដ្ឋបាល ខេត្ត ព្រះសីហនុ អះអាងថាមិនទទួលស្គាល់ លើការផ្ទេរសិទ្ធិ ការទិញ លក់ ជួល បញ្ចាំ ហ៉ីប៉ូតែក ប្រទានកម្មអច្ច័យ ទាន សន្តតិកម្ម និងសិទ្ធិទាំងឡាយ ដែលពាក់ព័ន្ធនឹងក្បាលដីទាំង ៥៨៤នេះទេ។

ការ មិនទទួល ស្គាល់នេះ នឹងធ្វើឡើង បើ ទោះបីជាម្ចាស់ក្បាលដីទាំង ៥៨៤នេះ មាន ឯកសារពាក់ព័ន្ធដូចជា លេងសម្គាល់ក្បាលដី លិខិត ផ្ទេរសិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លី ពាក្យ ស្នើសុំ កាន់កាប់ប្រើប្រាស់ដីធ្លី កិច្ចសន្យា ទិញ លក់ដោយ មាន ប្រថាប់ត្រាអាជ្ញាធរសង្កាត់ ឬ ប្រថាប់ត្រាមេធាវី ឬ កិច្ចសន្យា ផ្ទេរសិទ្ធិ ដីធ្លីជាលក្ខណៈឯកជន និងគំនូស បង្ហាញទីតាំងដីក៏ដោយ។

បើតាម រដ្ឋបាលខេត្ត ព្រះសីហនុ ជនដែល ដែល ប៉ះពាល់ កម្មសិទ្ធិ នៃទ្រព្យ សម្បត្តិ សាធារណៈ ឬ ជនណាដែលនៅក្រោយ ខ្នងនៃអំពើញុះញង់ បំផុស ចលនាបង្កឲ្យមាន ភាពចលាចល នឹងត្រូវផ្តន្ទាទោស តាម ច្បាប់ ភូមិបាល ដែលមានការពិន័យ ជាប្រាក់ពី ៥លានរៀល ដល់ ៥០លានរៀល និង អាចជាប់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំទៀតផង ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular