ប្រែសម្រួល : កញ្ញាដាលីស ៖អ្នកការទូតកំពូលៗមកពីប្រទេសមហាអំណាចអឺរ៉ុបនិងសហរដ្ឋអាម៉េរិកនឹងធ្វើការពិភាក្សាគ្នានៅថ្ងៃព្រហស្បតិ៍នេះដើម្បីមើលពីរបៀបធ្វើឱ្យរស់ឡើងវិញនូវកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ស្តីពីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺនៅពេលតែប៉ុន្មានថ្ងៃនៅមុនថ្ងៃផុតកំណត់ ។
ក្រសួងការបរទេសបារាំងបានឱ្យដឹងកាលពីថ្ងៃពុធថា រដ្ឋមន្ត្រីការបរទេសបារាំងលោកហ្សង់យ៉េវីស ឡឺ ដេរីយ៉ង់ នឹងធ្វើជាម្ចាស់ផ្ទះទទួលសមភាគីអាល្លឺម៉ង់និងអង់គ្លេសរបស់គាត់នៅទីក្រុងប៉ារីសដោយអ្នកការទូតកំពូលថ្មីរបស់អាម៉េរិក លោកអានថូនី ប្លិងកិន ចូលរួមតាមរយៈវីដេអូ។
គូសបញ្ជាក់អំពីផ្លូវដ៏លំបាកនៅខាងមុខ អធិការបតីអាល្លឺម៉ង់លោកស្រីអង់ជេឡា មឺគែលបានសម្តែងនូវការព្រួយបារម្ភថាអ៊ីរ៉ង់មិនបានបំពេញកាតព្វកិច្ចរបស់ខ្លួននៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីហាសសាន់ រូហានី នេះយោងតាមអ្នកនាំពាក្យរបស់លោកស្រី ដែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
ក្រុមអ្នកវិភាគនិយាយថានៅមានឱកាសតិចតួចប៉ុណ្ណោះដែលអាចជួយសង្គ្រោះកិច្ចព្រមព្រៀងដែលទទួលរងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ នៅពេលដែលអតីតប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំដើរចេញពីកិច្ចព្រមព្រៀងកាលពីឆ្នាំ ២០១៨ ។
រដ្ឋបាលរបស់លោកចូបៃដិនបាននិយាយថាខ្លួនបានត្រៀមចូលរួមកិច្ចព្រមព្រៀងនេះឡើងវិញហើយចាប់ផ្តើមដកទណ្ឌកម្មប្រសិនបើអ៊ីរ៉ង់វិលត្រឡប់ទៅរកការអនុលោមពេញលេញជាបុរេលក្ខខណ្ឌមួយដែលជំទាស់ដោយរដ្ឋាភិបាលក្រុងតេអេរ៉ង់។
នៅមុនកិច្ចពិភាក្សានេះ លោកបៃដិនបាននិយាយពេញមួយយប់ទៅកាន់មេដឹកនាំអ៊ីស្រាអែលលោកបេនចាមីន ណេតាន់យ៉ាហ៊ូ ដោយមេដឹកនាំទាំងពីរពិភាក្សាអំពី”ការគំរាមកំហែងរបស់អ៊ីរ៉ង់និងបញ្ហាប្រឈមក្នុងតំបន់” នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន។
បន្ថែមលើភាពតានតឹងនេះ អ៊ីរ៉ង់គ្រោងនឹងរឹតត្បិតការត្រួតពិនិត្យរបស់ទីភ្នាក់ងារនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិមួយចំនួន ប្រសិនបើសហរដ្ឋអាម៉េរិកមិនដកទណ្ឌកម្មរបស់ខ្លួនដែលដាក់ចាប់តាំងពីឆ្នាំ ២០១៨ នៅត្រឹមថ្ងៃទី ២១ ខែកុម្ភៈក្រោមលក្ខខណ្ឌនៃច្បាប់ដែលអនុម័តដោយសភារបស់ខ្លួនកាលពីខែធ្នូ៕
អឺរ៉ុបនិងអាម៉េរិកនឹងពិភាក្សាអំពីនុយក្លេអ៊ែរអ៊ីរ៉ង់នៅថ្ងៃនេះ