ពលរដ្ឋបង្ហាញពីការចាប់អារម្មណ៍បរិភោគសត្វព្រៃដែលអាចនាំឱ្យមានការចម្លងមេរោគ

ដោយ៖ដេប៉ូ/ភ្នំពេញ​៖​ក្រោយ​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩​អស់​រយៈពេល​ជាង​មួយឆ្នាំ​នេះ ដែលជា​មេរោគ​កាច​សាហាវ​បាន​ចម្លង​ដល់​មនុស្ស និង​បណ្តា​ឱ្យស្លាប់​ស្ទើរ​ពាសពេញ​ពិភពលោក​មក ពលរដ្ឋ​កម្ពុជា​មួយចំនួន​បានបង្ហាញ​ពី​ការមិន​ចង់​ហ៊ាន​បរិភោគ​សាច់សត្វ​ព្រៃ ប៉ុន្តែ​មួយចំនួន​បាន​លើកឡើងថា​ពួកគេ​មិនបាន​ចាប់អារម្មណ៍​ក្នុង​រឿងនេះ​ទេ​។​


​ ​ទាក់ទិន​ក្នុង​រឿងនេះ​មន្ត្រី​ក្រសួងបរិស្ថាន​បានលើកឡើង​ដោយ​បញ្ជាក់ថា​អំឡុង​កើត​កូ​វីដ​-១៩​នេះ​ពលរដ្ឋ​មិនគួរ​បរិភោគ​សាច់សត្វ​ព្រៃ​ឡើយ​ដែលនាំឱ្យ​មានការ​ចម្លង​ជំងឺ និង​ពិសេស​សាច់​សត្វព្រៃ​មួយចំនួន​ក៏​ជា​ប្រភព​ការចម្លង​មេរោគ​ផងដែរ​។​
​ ​ទាក់ទិន​ទៅក្នុង​រឿងនេះ​បើតាម​តាម​ការសាកសួរ​ដោយ​រស្មី​កម្ពុជា​ទៅលើ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​លើកឡើងថា​សត្វព្រៃ​ជា​សត្វ​ដ៏​កម្រ​ដែល​គេ​អភិរក្ស​មានតម្លៃ​មហាសាល ហើយ​ទន្ទឹម​ជាមួយគ្នា​ការអំពាវនាវ​របស់​ក្រសួងបរិស្ថាន​មិនឱ្យ​បរិភោគ​សាច់សត្វ​ព្រៃ​ធ្វើឱ្យ​ពួកគាត់​មិន​ហ៊ាន​បរិភោគ​សាច់សត្វ​ព្រៃ​ឡើយ​។​
​ ​លោក ធី សុថន រស់នៅ​ឃុំ​សំបុក ស្រុក ចិត្រ​បុរី ខេត្តក្រចេះ​បានឱ្យដឹងថា រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​គាត់​មិនដែល​ហ៊ាន​ប៉ះពាល់​សត្វព្រៃ​ទេ​។​ជាមួយគ្នា​ទោះ​កូនចៅ​ដែល​កាលពីមុន​ធ្លាប់តែ​ចូលចិត្ត​ទិញ​សត្វព្រៃ​មក​បរិភោគ​ក៏​គាត់​បាន​ហាម​ផងដែរ​។​
​ ​លោក​បានលើកឡើង​ជុំវិញ​បញ្ហា​នេះ​ថា​”​កាលពីមុន​គិតថា​សាច់សត្វ​ព្រៃ​ឆ្ងាញ់ ពេល​បរិភោគ​ទៅ​ប្លែក​មាត់​តែ​ក្រោយ​ក្រសួងបរិស្ថាន​បាន​ណែនាំ​មិនឱ្យ​បរិភោគ​សាច់សត្វ​ព្រៃ​ដែល​អាច​ចម្លង​មេរោគ​កូ​វីដ​-១៩​និង​ពិសេស​នាំឱ្យ​ការបាត់បង់​ពូជ​សត្វ​មានតម្លៃ​មក​ខ្ញុំ​លែងបរិភោគ​សាច់សត្វ​ព្រៃ​តែម្តង​។​វា​ស្តាយ​សត្វ​និង​ម្យ៉ាង​វា​អាច​ចម្លង​មេរោគ​ដែល​យើង​មិនអាច​ដឹង​ឡើយ​”​។​


​ ​លើកឡើង​ដូចគ្នានេះ អ្នកស្រី ជឿន ចន្ថា វ័យ​៥១​ឆ្នាំ​អ្នករស់នៅ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​បានឱ្យដឹង​ដែរ​ថា កាលពីមុន​អ្នកស្រី​ធ្លាប់​បរិភោគ​សាច់សត្វ​ព្រៃ​ក្នុងនោះ​ច្រើន​បំផុត​ទៅលើ​សាច់សត្វ​ជ្រូកព្រៃ ប៉ុន្តែ​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មកហើយ​អ្នកស្រី​មិនបាន​បរិភោគ​សាច់​សត្វព្រៃ​សូម្បីតែ​បន្តិច​ឡើយ​។ ចំពោះ​មូលហេតុ​មិន​បរិភោគ​សាច់សត្វ​ព្រៃ​នេះ​ដោយសារ​សត្វព្រៃ​ខ្សត់ខ្សោយ និង​ម្យ៉ាង​ត្រូវបាន​គេ​ហាមឃាត់​ថែមទៀត​។​
​ ​ស្ត្រី​រូបនេះ​បាន​បន្ត​ឱ្យដឹងថា​” និយាយ​ទៅ​សាច់សត្វ​ព្រៃ​មិន​ឆ្ងាញ់​អ្វី​ទេ ប៉ុន្តែ​គ្រាន់តែ​យើង​មិនសូវ​ធ្លាប់បាន​ហូប អញ្ចឹង​ទៅ​វា​ប្លែក​មាត់​តែ​ប៉ុណ្ណឹង​។​សម្រាប់​ហូប​សាច់សត្វ​ព្រៃ​នេះ​ខ្ញុំ​ក៏​ខ្លាច​ការចម្លង​មេរោគ​ដែរ​ពិសេស​សម័យ​កូ​វីដ​-១៩​នេះ​។​ប្រទេស​គេ​ហូប​សាច់​ប្រចៀវ​ថា​វា​អាច​ឆ្លង​។ ចំពោះ​សត្វ​ដទៃទៀត​ខ្ញុំ​ខ្លាច​ឆ្លង​ជំងឺ​នេះ​ដូចគ្នា​។​យក​ល្អ​កុំ​ហូប​អី​ម្យ៉ាង​វា​អាច​ចម្លងជំងឺ​និង​ទី​២​ទៀត​សត្វ​យើង​មិន​សម្បូរ​ទេ​គួរ​នាំគ្នា​ឈប់​ចាប់​វា​ហូប​សាច់​ទៀត​ទៅ​”​។​
​ ​ពាក់ព័ន្ធ​ទៅនឹង​ការបរិភោគ​សាច់សត្វ​ព្រៃ​នេះដែរ លោក ឆាន់​សារឿន​រស់នៅ​ស្រុក​ស្វាយ​លើ ខេត្ត សៀមរាប​បានឱ្យដឹងថា នៅ​ខេត្តសៀមរាប​បច្ចុប្បន្ន​បើ​និយាយ​ពី​សត្វព្រៃ​គេ​សម្លាប់​យកសា​ច់មក​បរិ​ភោគ​គឺ​តិចតួច​បំផុត​បើ​ធៀប​កាលពីមុន​។​ទោះបីយ៉ាងណា​ជនល្មើស​នៅតែ​លបលួច​បរបាញ់ ហើយ​យកមក​ពី ខេត្ត ផ្សេង​ហើយ​យកមក​លក់​ផងដែរ​។​ក្នុងចំណោម​នេះ​គេ​ឃើញ​មាន​លបលួច​លក់​សត្វ​ជ្រូកព្រៃ​ច្រើនជាងគេ​។​ចំពោះ​សត្វ​ស្លាប​វិញ​ស្ទើរ​គ្មាន​តែម្តង​។​
​ ​ដោយឡែក ប្រជាពលរដ្ឋ​មួយរូប​ទៀត​ឈ្មោះ លោក ចាន់ ថា រស់នៅ ស្រុក សៀម បូក ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា កាលពីមុន​ការដើរ​ស្វែងរក​បរិភោគ​សាច់សត្វ​ព្រៃ​មិនសូវ​ខ្វះ​ទេ ប៉ុន្តែ​បច្ចុប្បន្ន​នៅ​ខេត្ត​នេះ​ពិបាក​រក ហើយ​មួយចំនួន​ច្រើនតែ​អ្នកលក់​កុហក​ថែមទៀត​។​


​ ​លោក​បាន​ប្រាប់​ជុំវិញ​បញ្ហា​នេះ​ថា “​អ្នកលក់​បើ​យើង​មើល​មិន​ស្រួល​គេ​បន្លំ​សាច់សត្វ​ស្រុក​ប្រាប់ថា​សាច់សត្វ​ព្រៃ​ឥឡូវ​ហើយ​។​ពេលខ្លះ​សាច់​ឆ្មា​សោះ​ប្រាប់ថា​សាច់សត្វ ឈ្លូស សាច់​ប្រើស​ឥឡូវ​ហ្នឹង​”​។​
​ ​ទាក់ទិន​ការបរិភោគ​សាច់សត្វ​ព្រៃ​ដែលជា​ការចម្លង​មេរោគ ពិសេស​មេរោគ​កាច​សាហាវ​ដូចជា កូ​វីដ​-១៩​វិញ​ត្រូវបាន​បុរស​រូបនេះ​ប្រាប់ថា​រឿងនេះ​លោក​មិនសូវ​ព្រួយបារម្ភ​ទេ ប៉ុន្តែ​អ្វីដែល​លោក​ព្រួយបារម្ភ​នោះ​គឺ​ការចម្លង​ពី​មនុស្ស​មក​មនុស្ស​ច្រើនជាង​។​
​ដោយឡែក លោក ឈឹ​ត សំអាត តំណាង​ភ្នាក់ងារ​ជំនួយ​សហរដ្ឋអាមេរិក USAID​ប្រចាំ​នៅ​កម្ពុជា​បាន​គូសបញ្ជាក់ថា​បច្ចុប្បន្ន​តា​ម​សហគមន៍​តំបន់​ការពារ​ធនធានធម្មជាតិ​នៅ​កម្ពុជា​បាន​យល់ដឹង​ច្រើន​ពី​ផលប៉ះពាល់​នៃ​ការបរិភោគ​សាច់សត្វ​ព្រៃ ពិសេស​ក្នុងអំឡុង កូ​វីដ​-១៩ នេះ​ដែលមាន​ការផ្សព្វផ្សាយ​ពី​មន្ត្រី​ជំនាញ​ក៏ដូចជា​អង្គការក្រៅរដ្ឋាភិបាល​ម​ក​។​ពលរដ្ឋ​មួយចំនួន​គាត់​កាន់តែ​យល់ដឹង​ពី​តម្លៃ​សត្វព្រៃ និង​មួយផ្នែក​ទៀត​គាត់​បង្ហាញ​ពី​ការព្រួយបារម្ភ​នៃ​ការចម្លង​មេរោគ​ពេល​បរិភោគ​សាច់សត្វ​ព្រៃ​។​
​លោក​បាន​បន្ត​ឱ្យដឹងថា​បច្ចុប្បន្ន​ក្រុម​ជនខិលខូច​មួយចំនួន​នៅតែ​លបលួច​បរបាញ់​សត្វព្រៃ និង​លបលួច​ដាក់​អន្ទាក់ ដែល​ប្រការនេះ​ពួកគាត់​ប្រឈម​នឹង​ផ្លូវច្បាប់​។​ហេតុនេះ​គប្បី​បញ្ឈប់​ជាបន្ទាន់​បើ​ពុំ​នោះទេ​នឹងត្រូវ​មានទោស​ទណ្ឌ​ពុំខាន​។​


​ ​ជាមួយគ្នានេះ បើតាម លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជា​មន្ត្រី​នាំពាក្យ ក្រសួងបរិស្ថាន​បានឱ្យដឹងនាកន្លងទៅថា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បញ្ឈប់​ការបរិភោគ សត្វ​សាច់​ព្រៃ​ធ្វើជា​អាហារ​ទៀត ខណៈ​សាច់​សត្វព្រៃ មួយចំនួន​កំពុងមាន​ផ្ទុក​ជំងឺ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​។​
​លោក​បានបញ្ជាក់​ជុំវិញ​បញ្ហា​នេះ​ថា “​ដូច្នេះ​ក្នុងនាម​ក្រសួងបរិស្ថាន ក៏​សូម​អំពាវនាវ​សាជាថ្មី​ម្ដងទៀត ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា សូម​បញ្ឈប់​ការ​ពិសារ​សាច់​សត្វព្រៃ ពីព្រោះ​វា​មិនបាន ជួយ​ដល់​សុខភាព​របស់​បងប្អូន ដូចដែល​អ្វី ដែល​មានជំនឿថា សត្វ​មួយចំនួន ផ្ដល់​សុខភាព​ដល់​បងប្អូន​ទេ​! ប៉ុន្តែ​ផ្ទុយទៅវិញ​សត្វ​មួយចំនួន អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព បងប្អូន​ប្រជាពលរដ្ឋ​”​។​
​ទន្ទឹមនឹង​គ្នា​នេះ​លោក​រដ្ឋលេខាធិការ ក៏បាន​អំពាវនាវ ដល់​អាជ្ញាធរ មាន​សមត្ថកិច្ច ដែលមាន​តំបន់ការពារធម្មជាតិ ត្រូវ​ចាត់វិធានការ ឱ្យបាន​តឹងរឹង​ចំពោះ​ជន​ណា ដែល​ជួន​ដូរ​សត្វព្រៃ ឬ​បរបាញ់​សត្វព្រៃ និង ត្រូវ​គ្រប់គ្រង​ឱ្យ បាន ចំពោះ​ការកែច្នៃ​កាំភ្លើង ដែលជា​អាវុធ សម្រាប់​បាញ់សម្លាប់​សត្វព្រៃ​។​
​គួរបញ្ជាក់​ថាបើ​តាម លោក សេង ទៀក នាយក​អង្ក​ការ​WWF​បានលើកឡើង​កាលពី​ថ្មីៗ​មកនេះ​ដែរ​ថា​ចំនួន​សត្វ​ទន្សោង​និង​សត្វ​ឈ្លូស​នៅ​កម្ពុ​ជាមាន​ការថយចុះ​ក្នុងនោះ​ក៏​បណ្តាល​នានា​លើ​សកលលោក​ក៏មាន​ការថយចុះ​ផងដែរ​។ កក្តា​ដែល​ធ្វើ​ឲ្យ​សត្វ​ទាំងនេះ​មានការ​ថយចុះ​ដោយសារ​អន្ទាក់ ការ​ប្រ​ម៉ាញ់​ខុសច្បាប់​ក្នុង​អតីតកាល​និង​បច្ចុប្បន្ន ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ការទន្ទ្រាន​យក​ដីព្រៃ​ខុសច្បាប់​និង​ការ​បំ​លែង​ដីព្រៃ​។
លោ​ថា​ជាង​នេះ​ការ​បរបាញ់​ខុសច្បាប់​និង​វិបត្តិ​នៃ​ការដាក់​អន្ទាក់​ដែល​ជម្រុញ​ដោយ​ការ​ជូ​ញ​ដូរ​សត្វព្រៃ​ខុសច្បាប់ ជា​មូលហេតុ​ចំបង​ដែល​បណ្តាល​ឲ្យ​ចំនួន​សត្វ​ក្រចកជើង​ចំ​ពាម​នេះ​ធ្លាក់ចុះ​។ ក្នុង​កំឡុង​ពេញ​មួយ​ទស្សវត្ស​នេះ​អត្រា​នៃ​ការរកឃើញ​អន្ទាក់​មាន​ចំនួន​កើនឡើង​គួរឱ្យកត់សម្គាល់​ហើយ​ពេល​ថ្មីៗ​ក៏ មាន​ការប្រើ​វិធីសាស្ត្រ​ប្រមាញ់​ខុសច្បាប់​ផ្សេងៗ​ទៀត​ដែល​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សត្វព្រៃ​៕dp

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular