ដោយៈប.ខុន/ភ្នំពេញៈ ក្រុមការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជាចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រលំហាច ស្ថិតក្នុងស្រុកបរិបូណ៍, ទឹកផុស និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលជាជំនួយរបស់ប្រទេសជប៉ុន។
ប្រតិភូចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារា សាស្ត្រលំហាច ដែលជាអនុគម្រោងមួយនៅ ក្នុងចំណោមអនុគម្រោងចំនួន៦នៅថ្ងៃទី១៨ ខែកុម្ភៈ ដឹកនាំដោយលោកពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អ និងស្តារឡើង វិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប ដោយមានការចូលរួមពី លោក ប៉ោ យុទ្ធថា អគ្គនាយករង នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកស្រី Miyahara Ai អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា, តំណាងទីប្រឹក្សាបច្ចេកទេសគម្រោង, តំណាងក្រុមហ៊ុនសាងសង់អន្តរជាតិ, មន្ត្រីអង្គភាពគ្រប់គ្រងគម្រោង និងប្រធានមន្ទីធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ។
គម្រោងនេះ បានចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០១៦ ហើយបានបញ្ចប់ការងារសាង សង់ កាលពីចុងខែធ្នូ ឆ្នាំ២០២០មានលទ្ធភាព ស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៣.២៨៩ ហិកតា, ស្រូវប្រាំងចំនួន ៦០០ហិកតា និង ផ្គត់ផ្គង់ទឹកសម្រាប់ការប្រើ ប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់គម្រោងបានប្រមាណជាង១.០០០គ្រួសារ។
ការងារនៅក្នុងគម្រោងនេះ រួមមាន ដូចជា សំណង់ក្បាលហុទឹក (Headworks) ចំនួនមួយកន្លែង , សំណង់នាំទឹក (Intake) ចំនួនមួយកន្លែង, សាងសង់ប្រឡាយមេបេតុងចំនួនមួយខ្សែស្មើប្រវែង ១៦,៤០ គីឡូម៉ែត្រ, សាងសង់ ប្រឡាយថ្នាក់ទី២ ពីបេតុងចំនួន១៣ខ្សែ ស្មើប្រវែង ៤២,៥០ គីឡូម៉ែត្រ, សាងសង់ប្រឡាយដោះទឹកចំនួន ១៥ ខ្សែ ស្មើនឹងប្រវែង ៥២,៩០គីឡូម៉ែត្រ, សាងសង់ប្រឡាយថ្នាក់ទី៣ ចំនួន ៩៤ខ្សែ ស្មើនឹងប្រវែង ៦២គីឡូម៉ែត្រ, សាងសង់ សំណង់សិល្បការចំនួន ៥៥៧កន្លែង, សាងសង់សំណង់អគារសហគមន៍កសិករប្រើប្រាស់ទឹកមួយកន្លែង ។
រំលឹកឱ្យដឹងថាគម្រោងកែលម្អ និង ស្តារឡើងវិញប្រព័ន្ធស្រោចស្រព និង ប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប មាន ៦អនុគម្រោង គឺ លំហាចនៅក្នុងខេត្តកំពង់ឆ្នាំង, វត្តជ្រៃ, វត្តលួង , ដំណាក់អំពិលក្នុងខេត្តពោធិសាត់, រាមគុណ, ប្រឡាយ ប៉ូ ក្នុងខេត្តបាត់ដំបង ដែលប្រើប្រាស់ ដោយថវិកាជំនួយពីប្រទេសជប៉ុន បានរួចរាល់អស់ហើយ នៅសល់តែ ការងារសម្អាត ៕