ដោយ:សៅវ៉ាន់ឌី/ព្រះវិហារ: តំបន់ជាប់ព្រំដែនជាមួយប្រទេសឡាវ ក្នុងឃុំកំពង់ស្រឡៅ១-២ ស្រុកឆែប ខេត្តព្រះវិហារ អាជ្ញាធរខេត្ត បានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់ ដោយពង្រឹងការចេញចូលឆ្លងកាត់រវាងពលរដ្ឋនៃប្រទេសទាំង២។
លោក សុខសាន្តតារ៉ា អភិបាលស្រុកឆែបបានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះថា តាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ដែលមានប្រវែង២៤គីឡូម៉ែត្រ ស្របតាមទន្លេមេគង្គ ក្នុងភូមិសាស្ត្រឃុំកំពង់ស្រឡៅ១-២ ស្រុកឆែប ត្រូវបានដាក់កម្លាំងចម្រុះត្រួតពិនិត្យជាប្រចាំ ដែលការងារសំខាន់ គឺពង្រឹងការត្រួតពិនិត្យមើលការឆ្លងដែននៃប្រជាពលរដ្ឋប្រទេសទាំង២ និងការឆ្លងដែនពលករផងដែរ។
លោក អភិបាលស្រុកឆែប បានបន្តថា ដោយអនុវត្តន៍តាមបទបញ្ជា និងការណែនាំរបស់រដ្ឋបាលខេត្តព្រះវិហារ លោកបានដឹកនាំក្រុមការងារចុះពិនិត្យមើលតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ជាប្រចាំ។ ក្នុងទិសដៅលើកទឹកចិត្ត ដល់មន្ត្រី និងកងកម្លាំងដែលកំពុងឈរជើងតាមគោលដៅនីមួយៗ ជាមួយនឹងការណែនាំបន្ថែមឲ្យមានការប្រុងប្រយត្ន័ខ្ពស់ចំពោះការឆ្លងដែនរបស់ពលករ ៕