​សេចក្ដីព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា​បានបញ្ចប់​កិច្ចពិភាក្សា

​ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល និង​សេចក្ដី ព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល ឌីជីថល នៅ​កម្ពុជា​ត្រូវបាន​បើក​កិច្ចប្រជុំ​ពិភាក្សា​កាលពី​ម្សិលមិញ ។

​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក​អូន​ព័ន្ធមុនីរ័ត្ន​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដើម្បី​ពិនិត្យ​និង​ពិភាក្សា​ទៅលើ​សេចក្ដីព្រាង ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា​។​

​ស្របតាម​ស្មារតី​នៃ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០​និង​ការចង្អុលបង្ហាញ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​-​ដំណាក់កាល​ទី​៤,“​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥” ត្រូវបាន​គិតគូរ​ប្រកបដោយ​ភាព​គ្រប់​ជ្រុងជ្រោយ និង​ប្រាកដនិយម​ខ្ពស់ នឹង​ក្លាយជា​ផែនទី​ចង្អុល​ផ្លូវ​ដ៏​មាន​សារៈសំខាន់​ក្នុងការ​ធ្វើ​បរិ​វត្ដ​កម្ម​ឌីជីថល​។​ម្យ៉ាងទៀត​ក្របខណ្ឌ​គោលនយោបាយ​នេះ​ត្រូវបាន​រៀបចំឡើង​ដោយមាន​ភាពឆ្លើយតប​ខ្ពស់​ទៅនឹង​និន្នាការ​សកល​នៃ​បដិវត្តន៍​ឧស្សាហកម្ម​៤.០​ក៏ដូចជា​បរិវត្ត​កម្ម​ឌីជីថល​ដែល​បាននិងកំពុង​ធ្វើឱ្យ​និម្មាបនកម្ម​សេដ្ឋកិច្ចពិភពលោក និង​តំបន់ មាន​ការវិវឌ្ឍ​ឥតឈប់ឈរ ជាពិសេស​ក្នុង​បរិការណ៍​ដែល​ចាប់តាំងពី​ឆ្នាំ ២០២០ មក​, បទពិសោធន៍ និង​មេរៀន​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បានបង្ហាញ​អំពី​សក្ដានុពល​កាន់តែ​សំខាន់​នៃ​បរិវត្ត​កម្ម ឌីជីថល ក្នុង​ការជំរុញ​ការអភិវឌ្ឍ និង​កំណើនសេដ្ឋកិច្ច ។

រូបថត ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​

​ក្របខ័ណ្ឌ​គោលនយោបាយ​នេះ​បានកំណត់​នូវ​ចក្ខុវិស័យ​ក្នុងការ​“​កសាង​សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល​រស់​រវើក​តាម​រយៈ​ការរៀបចំ​មូលដ្ឋានគ្រឹះ​ជំរុញ​ការទទួលយក​និង​បរិវត្ត​កម្ម​ឌីជីថល​នៅក្នុង​គ្រប់​តួអង្គ​សង្គម​ទាំង​រដ្ឋ​ទាំង​ប្រជាជន​និង​ទាំង​ធុរជន​ដើម្បី​ជំរុញ​សម្ទុះ​កំណើនសេដ្ឋកិច្ច​ថ្មី និង​លើកកម្ពស់​សុខុមាលភាព​សង្គម តាម​គន្លង​ប្រក្រតី​ថ្មី​” ដោយ​ផ្តោតលើ អាទិភាព ៥ ធំៗ ក្នុងនោះ​រួមមាន​៖ (១). ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​, (២). ការកសាង​ទំនុកចិត្ត និង​ភាពជឿជាក់​លើ​ប្រព័ន្ធ​ឌីជីថល​, (៣). ការកសាង​ពលរដ្ឋ​ឌីជីថល​, (៤). ការកសាង​រដ្ឋាភិបាល​ឌីជីថល និង (៥). ការជំរុញ​ធុរកិច្ច​ឌីជីថល ។
​ជា​លទ្ធផល​អង្គ​ប្រជុំបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​អន្តរក្រសួង​ដែល​បាន​បំពេញការងារ​ប្រកបដោយ​កិច្ចសហការ​និង​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការរៀបចំ​ចងក្រង​សេចក្តីព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​នេះ​ឡើង ។

​លោក​អូន​ព័ន្ធមុនីរ័ត្ន​បាន​ណែនាំ​ដល់​ក្រុមការងារ​ធ្វើការ​កែសម្រួល​ឯកសារ​នេះ​តាម​ស្មារតី​និង​មតិយោបល់​របស់​អង្គប្រជុំ​ដើម្បី​នីតិវិធី​អនុម័ត​ឯកសារ​នេះ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​៕ .mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular