Home ព័ត៌មានសំខាន់ៗ ​អ្នកជំនាញៈ ក...

​អ្នកជំនាញៈ កម្ពុ​ជាមាន​ផ្ទៃដី ដែល​នៅ​សេសសល់ សម្រាប់​ការដាំ​ចម្ការ​ឈើ យ៉ាងតិច ២ លាន​ហិកតា ដែល​អាច​ផ្តល់​ការងារ ជូន​ប្រជាពលរដ្ឋ ពី ៧០ ម៉ឺន​នាក់ ទៅ ៨០ ម៉ឺន​នាក់​

​ដោយៈ ដេប៉ូ / ភ្នំពេញៈ ការវិនិយោគ​លើក​សិ​-​ឧស្សាហកម្ម ផ្នែក​ចម្ការ​ឈើ ដាំ​ជា​រឿង​ថ្មី នៅ​កម្ពុជា តែ​ការ​វិនិយោគ​នេះ ត្រូវបាន​អ្នកជំនាញ ផ្នែក​បរិស្ថាន និង ព្រៃឈើ មើលឃើញថា វា​ជា​ដំណើរ​លើផ្លូវ ដ៏​ត្រឹមត្រូវ​មួយ របស់​កម្ពុជា នៅក្នុង​ការបង្កើត​ជម្រើស​ថ្មី លើ​ការប្រើប្រាស់​ឈើ ប្រកបដោយ​និរន្តរភាព បង្កើត​ការងារ ដ៏​ច្រើន​សន្ធឹកសន្ធាប់ សម្រាប់​ពលរដ្ឋ នៅតាម​ជនបទ និង​ចូលរួម​កាត់បន្ថយ​សម្ពាធ លើ​ធនធានធម្មជាតិ និង​ការពារ​បរិស្ថាន​។​

​ចម្ការ​ឈើ​ដាំ ជិត ៥០០០ ហិកតា ដែល​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថិ​ក បាន​ដាំ នៅក្នុង​ភូមិសាស្ត្រ ខេត្តក្រចេះ នៅលើ​ផ្ទៃដី ៣៤.០០៧ ហិកតា ដែល​ខ្លួន​ទទួលបាន​សិទ្ធិ ប្រើប្រាស់​ពី រាជរដ្ឋាភិបាល គឹជា​ក្តីសង្ឃឹម​ថ្មី​របស់​កម្ពុជា លើ​ការវិនិយោគ លើក​សិ​-​ឧស្សាហកម្ម ចម្ការ​ឈើ​ដាំ ហើយ​គេ​ជឿជាក់ថា កម្ពុជា នឹង​អាច​បោះជំហាន ទៅមុខ ដោយ​ស្វាហាប់ លើ​វិស័យនេះ និង​ឆ្ពោះទៅរក​ការប្រកួតប្រជែង ជាមួយ​បណ្តា​ប្រទេស នៅក្នុង​តំបន់​អាស៊ាន លើ​វិស័យ​ចម្ការ​ឈើ​ដាំ​។​

​លោក Run Peng Wei អ្នកជំនាញ​បច្ចេកទេស​ដាំ​កូនឈើ របស់​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេ​ក បានឱ្យដឹងថាៈ ការបង្កើត​ចម្ការ​ឈើ​ដាំ មិន​ត្រឹមតែ​កាត់បន្ថយ​សម្ពាធ នៃ​ការប្រើប្រាស់​ឈើ​ធម្មជាតិ​នោះទេ ថែមទាំង​ផ្តល់​ការងារ យ៉ាងច្រើន ជូន​ប្រជាពលរដ្ឋ​។​

​បើតាម​អ្នកជំនាញ ប្រទេស​កម្ពុជា មាន​ផ្ទៃដី ដែល​នៅ​សេសសល់ សម្រាប់ធ្វើ​ការដាំ​ឈើ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង របស់​ប្រជាពលរដ្ឋ សហគមន៍ ក្រុមហ៊ុន​ឯកជន ក្រុមហ៊ុន​ដី​សម្បទាន សេដ្ឋកិច្ច​នានា ដី​សហ​ការដាំ​ដើមឈើ ជាមួយ​រដ្ឋ​យ៉ាងតិច ២ លាន​ហិកតា ដែល​អាច​ផ្តល់​ការងារ ជូន​ប្រជាពលរដ្ឋ ពី ៧០ ទៅ​៨០ ម៉ឺន​នាក់​។ អ្នកជំនាញ​រូបនេះ បាន​ជំរុញឱ្យមាន​ការយកចិត្ត​ទុកដាក់ កាន់តែខ្លាំង​ថែមទៀត លើ​ការវិនិយោគ​ចម្ការ​ឈើ​ដាំ នៅ​កម្ពុជា ព្រោះ​វា​នឹង​ផ្តល់ ផលប្រយោជន៍​ច្រើន ដល់​បរិស្ថាន និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។

​លោក Run Peng Wei បាន​ថ្លែងថាៈ សម្រាប់​ទិន្នផល​មួយ​ហិកតា នៃ​ចម្ការ​ឈើ​ដាំ គឺអាច​ប្រមូលបាន​ទំហំ ១៥០ ម៉ែត្រគូប ប៉ុន្តែ​សម្រាប់​គុណភាព ដើម​ប្រេងខ្យល់ ដែល​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក ដាំ​បាន​នេះ គឺអាច​ទទួល​ទិន្នផល​អាច​លើសពី ១៥០​ម៉ែត្រគូប​ក្នុង​មួយ​ហិកតា​។ បន្ថែម​ពីនេះ បើតាម​តម្លៃនៅលើទីផ្សារ បច្ចុប្បន្ននេះ អាចមាន​តម្លៃ ចាប់ពី ៤០ ដុល្លារ ឬ​អាច​ឡើងដល់ ៦០ ដុល្លារ ទៅតាម​តម្រូវ​ទីផ្សារ ក្នុងពេល​អនាគត​។​

​លោក Run Peng Wei បាន​បន្តថាៈ ក្រោយពី​ផលិត និង​ផ្គត់ផ្គង់​ទីផ្សារ ក្នុងស្រុក​គ្រប់គ្រាន់ ក្រុមហ៊ុន ក៏បាន​សំឡឹងមើល ទីផ្សារ​ក្រៅប្រទេស ផងដែរ ដូចជា ប្រទេស​ចិន កូរ៉េ​ជាដើម​។​ល​។ លោក​បានឱ្យដឹងថាៈ ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ដែល​នៅជាប់​ប្រទេស​កម្ពុជា ប្រទេស​នីមួយៗ មាន​ចម្ការ​ឈើ​ដាំ ប្រមាណ ៦០ ម៉ឺន​ហិកតា ដែល​លក់បាន​ទឹកប្រាក់ ចំណេញ​ជាច្រើន ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំ​។​

​ទាក់ទង​នឹង​ការវិនិយោគ ចម្ការ​ឈើ​ដាំ​នេះ មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន ដែល​បាន​ដឹកនាំ​មន្ត្រី និង​សហគមន៍ តំបន់ការពារធម្មជាតិ អាជ្ញាធរ យុវជន​ប្រមាណ​ជាង ៣០០​នាក់​ទៅ​ទស្សនកិច្ច​ចម្ការ​ឈើ​ដាំ​របស់​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក​កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ថ្លែង​អបអរសាទរ ចំពោះ​ភាព ជោគជ័យ នៃ​ការដាំ​ចម្ការ​ឈើ របស់​ក្រុមហ៊ុន ដោយ​ប្រភេទ​ឈើ ដែល​ដាំ​រួមមាន ដើម​ប្រេងខ្យល់ ដើម​ម៉ៃសាក់ និង​ប្រភេទ​ឈើ​ផ្សេងទៀត មានការ​រីកលូតលាស់​បានល្អ​។​

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បាន​គូសបញ្ជាក់ថាៈ ការវិនិយោគ​លើ​ចម្ការ​ឈើ​ដាំ គឺជា​យុទ្ធសាស្ត្រ ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់ បទល្មើស ធនធានធម្មជាតិ និង​ចូលរួម​ពង្រឹង​ការអភិរក្ស​ធនធានធម្មជាតិ ដែល​កម្ពុ​ជាមាន​នាពេល​បច្ចុប្បន្ន និង​អាច​លក់​តួនាទី​របស់​ព្រៃឈើ ដែល​បាន និង​កំពុង​ថែរក្សា ក្នុង​ក្របខណ្ឌ​ឥណទាន​កាបូន ថែម​ទៀតផង​។​

​លោក​រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បាន​លើកទឹកចិត្ត និង​ជំរុញឱ្យមាន​ការវិនិយោគ​បន្ថែមទៀត លើ​ចម្ការ​ឈើ​ដាំ ក៏ដូចជា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សិក្សា​ពី​ផលប្រយោជន៍ នៃ​ចម្ការ​ឈើ​ដាំ រួម​នឹង​ការ សហការ​ណាមួយ ជាមួយ​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក ដើម្បី​ពង្រីក​ចម្ការ​ឈើ​ដាំ នៅ​កម្ពុជា​។​

​លោក​រដ្ឋលេខាធិការ បាន​គូសបញ្ជាក់ថាៈ សារៈប្រយោជន៍​នៃ​ចម្ការ​ឈើ គឺ​គេ​អាច​យក​ផល មកប្រើប្រាស់​កែច្នៃ បាន​ច្រើនយ៉ាង​។ ចម្ការ​ឈើ​ដាំ​នេះ គឺ​បាន​ដើរតួនាទី យ៉ាងសំខាន់​ណាស់ ដែល​ឈើ​ទាំងអស់នេះ គឺ​នឹង​ជំនួស​ការប្រើប្រាស់ ឈើ​ធម្មជាតិ ហើយ​យើង​ខិតខំ​ប្រឹងប្រែង នៅក្នុង​ការការពារ និង​អភិរក្ស​ឈើ​ធម្មជាតិ​ដែលមាន ឱ្យបាន​គង់វង្ស​។ ចម្ការ​ឈើ​ដាំ ដែល​បាននិងកំពុង​រីកដុះដាល នៅ​កម្ពុជា នឹង​ជួយ​កាត់បន្ថយ ការ​នាំចូល​វត្ថុធាតុដើម ឈើ​កែច្នៃ​ពី​បរទេស និង​បង្កើត​ប្រភព​ឈើ ប្រើប្រាស់​ប្រកបដោយ​និរន្តរភាព នៅក្នុង​ស្រុក ខណៈ​ធនធានធម្មជាតិ ព្រៃឈើ បាន​ដើរតួនាទី​យ៉ាងសំខាន់ ចូលរួម​ថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី នៃ​ភពផែនដី សម្រាប់​ប្រជាពលរដ្ឋ​នៅលើ​ពិភពលោក​។ ការវិនិយោគ ទៅលើ​ចម្ការ​ឈើ​ដាំ គឺជា​ផ្នែក​មួយ​នៃ​ការចូលរួម កាត់បន្ថយ​សម្ពាធ ទៅលើ​ធម្មជាតិ ពីព្រោះ បច្ចុប្បន្ននេះ នៅលើ​ពិភពលោក និន្នាការ​នៃ​ការប្រើប្រាស់ ឈើ​ធម្មជាតិ គឺមាន​ការធ្លាក់ចុះ ប្រជាពលរដ្ឋ ចាប់ផ្តើម​យល់ដឹង អំពី​ផលប៉ះពាល់ ដែល​ពាក់ព័ន្ធ​ជាមួយនឹង​បរិស្ថាន នៅពេលដែល​ប្រើប្រាស់​ឈើ​ធម្មជាតិ​៕/V


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular