Home ព័ត៌មានសំខាន់ៗ ខេត្ត​បេតិកភណ...

ខេត្ត​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា​បាត់​ភ្ញៀវទេសចរ​បរទេស​ប្រមាណ​ជិត២លាន​នាក់​ដោយសារ​កូ​វីដ​១៩

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​កូ​វីដ​១៩​បានធ្វើ​ឲ្យ​ខេត្ត​បេតិកភណ្ឌ​ពិ​ភព​លោក​របស់កម្ពុជាបាត់បង់​ភ្ញៀវ​ទេសចរណ៍​បរ ទេស ​ចំនួន​ជិត​២​លាន​នាក់​និង​ភ្ញៀវ​ជាតិប្រមាណ​ជាង​១​លាន​នាក់​នៅក្នុងឆ្នាំ ២០២០។​មន្ត្រីខេត្ត​បាន​អះអាងថា​នេះ​មិនមែនជា​កំហុស​ផ្ទៃក្នុង​របស់​ខេត្ត​ឬ​របស់​ប្រទេស​នោះទេ​តែ​នេះ​គឺជា​វិ​ប​ត្ត​សាកល​ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​គឺ​កូ​វីដ​១៩ ដែល​បានធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​រង​គ្រោះ ។

លោក អ៊ា​ន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប​បាន​ថ្លែង​ឲ្យ​ដឹង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​របស់​ខេត្ត​សៀម រាប​»​ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋា ភិបាល​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១​ក្នុង​។​

​លោក អ៊ា​ន ឃុន បាន​បន្តថា​ដោយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ឆ្នាំ ២០២០ នេះ​បានធ្វើឱ្យ​ភ្ញៀវទេសចរ​អន្តរ ជាតិ​មានការ​ធ្លាក់ចុះ​យ៉ាងគំហុគ​ដែល​ជះឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា​ផងដែរ​ក្នុងនោះ​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ចំនួន​សរុប៤០០ ៨៨៩នាក់​មានការ​ថយចុះ ៨១,៨២ភាគរយ​និង​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន​សរុប ៧០៣, ១៤៧ នាក់​មានការ​ថយចុះ ៦៥,៨១​ភាគរយ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ ។​ឆ្នាំ​២០១៩ ខេត្តសៀមរាប​បានទទួល​ភ្ញៀវទេសចរ​បរទេស​ចំនួន​ពីរលាន​ពីរ​សែន​នាក់​គឺ​ធ្លាក់ចុះ​១៤,៨​ភាគ រយ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ ២០១៨ ។ តំបន់​បេតិកភណ្ឌ​ពិភពលោក​រកចំណូលបាន ៩៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ពី​ការលក់​សំបុត្រ​ក្នុង​ឆ្នាំ ២០១៩ ចំនួន​នេះ​បាន​ធ្លាក់ចុះ​១៥ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ។​

​ខេត្តសៀមរាប​គឺជា​ខេត្ត​មួយ​ដែល​ស្រូប​ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ច្រើនជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​។​ជា​រៀងរាល់ឆ្នាំ​ភ្ញៀវទេសចរ​ប្រហែល​ជាង​២​លាន​នាក់​ទៅលេង​ខេត្ត​នេះដែ​លអាច​ផ្តល់​ចំណូល​ប្រហែលជា​១០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​ក្រៅពី​ប្រាសាទ​អង្គរ​ខេត្តសៀមរាប​នៅមាន​តំបន់​ទេសចរណ៍ធម្មជាតិ​ជាច្រើន​ទៀត​។ កំណើន​ទេស ចរណ៍​បានធ្វើ​ឲ្យ​ខេត្ត​មាន​សណ្ឋាគារ​សរុប​មាន​២២៨​កន្លែង ស្មើនឹង ១៤ ៥៩៩ បន្ទប់​,​ផ្ទះសំណាក់​មាន​ចំនួន ៣១០ កន្លែង​ស្មើនឹង ៤ ៦៧៩​បន្ទប់ ។ ភោជនីយដ្ឋាន​សរុប​ចំនួន​១៩៦​កន្លែង​,​ម៉ាស្សា​៥០​កន្លែង​,​ខារ៉ាអូខេ​ចំនួន ១៤​កន្លែង​, ឌី​ស្គូ​តែ​ក​ចំនួន ០៤​កន្លែង ,​ទីលាន​វាយ​កូន​ហ្គោល​០៣​កន្លែង ,​ទីភ្នាក់ងារ​ទេសចរណ៍​៣២១​សាខា​, ម​គ្គុ​ទ្ទេស ក៍​ទេសចរណ៍​មាន​ចំនួន ៥,១៧២​នាក់ ស្រី ៧៥៧ នាក់​។​

​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​បញ្ជាក់ថា​តាមរយៈ​សក្កា​នុព​ល​នៃ​វិស័យ​ទេសចរណ៍​បានធ្វើឱ្យ​សេដ្ឋកិច្ច​ខេត្តសៀមរាប​ទទួលបាន​នូវ​ផលិតផល​ក្នុងស្រុក​សរុប​(​ផ ស ស​) ១,៦៣៦​លាន​ដុល្លារ​អាមេរិក​ជាមួយនឹង​ចំណូល​សម្រាប់​មនុស្ស​ម្នាក់ៗ​មាន​ចំនួន ១,៥៤៥ ដុល្លារ​អាមេរិក​។​

​ទោះបី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ បាន​ធូរស្រាល​ធ្វើឱ្យ​ទេសចរណ៍​ក្នុងស្រុក​មាន​សកម្មភាព​ល្អប្រសើ​ឡើងវិញ​ជាហេតុ​ធ្វើឱ្យ​សេវាកម្ម​ទេសចរណ៍​(​សណ្ឋាគារ ,​ផ្ទះសំណាក់​,​អាប់ ផាត​មិន​និង​ភោជនីយដ្ឋាន​)​មាន​សកម្មភាព​ឡើងវិញ​តែ​មិនសូវមាន​សន្ទុះ​ខ្ពស់​នៅឡើយ​អាស្រ័យ​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ក្រុង​ជាច្រើន​កំពុងដំណើរការ​សាងសង់​។ នេះ​ជាការ​លើកឡើង​របស់លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ទម្លាក់​កញ្ចប់​ថវិកាជាតិ​ចំនួន​១៥០​លាន​ដុល្លារ​អាមេរិក​ដើម្បី​សាងសង់​ផ្លូវ​ចំនួន ៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប ។ ដោយ​សម្តេច​សង្ឃឹមថា​ការសម្រេច​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នៅ​ទី​រួម​ខេត្តសៀមរាប​នេះ​មិន​ត្រឹមតែ​ជាការ​ធ្វើឱ្យ​ប្រសើរឡើង​ នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​ សៀម រាប​ដែលជា​ទីក្រុង​ទេសចរណ៍​ដ៏​ល្បាញ​ល្បី​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ​តែ​ក៏​ជាការ​រួមចំណែក​ផ្តល់​ការងារ​ជូន​ពលរដ្ឋ​ក្នុងកំលុងពេល​ជួប​វិបត្តិ​កូ​វីដ​១៩, ហើយ​ផ្លូវ​ទាំង​៣៨ ខ្សែ​នេះ ក៏​នឹង​ក្លាយទៅជា​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សំខាន់​ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍​នៅក្រោយ​កូ​វីដ ១៩ ផងដែរ​សម្រាប់​ខេត្តសៀមរាប ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular