ដោយៈ បាយ័ន / បន្ទាយមានជ័យៈ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង នគរបាលជាតិ និងជាមេបញ្ជាការ នគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ និងទី៥ បានចុះពិនិត្យមើលស្ថានការណ៍ ពលករដែលលួចឆ្លងដែនខុសច្បាប់ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងព្រំដែនស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
នាយឧត្តមសេនីយ៍ ខេង សុមេធ បានបញ្ជាក់ថាៈ ការចុះពិនិត្យ ខាងលើនេះ ក្នុងគោលបំណងរឹតបន្តឹង ការចេញចូលរបស់ពលករ និងត្រូវតែនាំពលករ ទៅធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ ដើម្បីបង្ការនូវជំងឺកូវិដ-១៩ ។ រូបលោកនៅតែបន្តចុះត្រួតពិនិត្យ ស្ថានការណ៍ជាក់ស្ដែងនានា ក្នុងភូមិសាស្ត្រទទួលខុសត្រូវ (បន្ទាត់ព្រំដែនកម្ពុជា-ថៃ) តាមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងតាមបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធានាឲ្យខានតែបាន នូវប្រជាពលរដ្ឋណា ដែលលួចឆ្លងដែនចូល ដោយមិនបានធើ្វចត្តាឡីស័ក។
នាយឧត្តមសេនីយ៍ ខេង សុមេធ បានក្រើនរំលឹក ដល់កងកម្លាំងនគរបាល និងទាហាន ដែលឈរជើង នៅតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវអនុវត្តបទបញ្ជាថ្នាក់លើ ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីធានាឲ្យខានតែបាន នូវប្រជាពលរដ្ឋណា ដែលលួចឆ្លងដែនចូល ដោយមិនបានធើ្វចត្តាឡីស័ក។ គ្រប់បណ្តាគោលដៅ ត្រូវយកចិត្ដទុកដាក់ រឹតបន្តឹង និងពិនិត្យ ២៤ម៉ោងលើ២៤ម៉ោង ដាច់ខាតគ្រប់បណ្តាគោលដៅ ដែលបានកំណត់ ពិសេសរកឲ្យឃើញនូវ មេខ្យល់លួចនាំ ប្រជាពលរដ្ឋខ្មែរ ចូលតាមគ្រប់រូបភាព ដើម្បីមានវិធានការ តាមផ្លូវច្បាប់៕/V.mara