ដោយៈសុផល/សៀមរាប ៖ សាលារៀនចំនួន៣០ក្នុងខេត្តសៀមរាម បានទទួលធុងបែងចែកសំរាម ពីក្រសួងអប់រំ យុវជននិងកីឡា ក្រុមហ៊ុនកូកា-កូឡាកម្ពុជា និងអង្គការជឿជាក់លើសិស្សជនបទ កម្ពុជា។កម្មវិធីប្រគល់ធុងបែងចែកសំរាមធ្វើឡើងនៅក្នុងវិទ្យាល័យហ៊ុនសែនរលួស ខេត្តសៀមរាប កាលពីថ្ងៃទី១៧ខែកុម្ភៈ។
លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជននិងកីឡាបានមានប្រសាសន៍ថា៖«បញ្ហាសំរាមបញ្ហាអនាម័យ ជាបញ្ហាដ៏សំខាន់មួយនិង ជាបញ្ហារួមគ្នាទាមទារឱ្យមានការរួមគ្នាដោះស្រាយ ដើម្បីទទួលបានជោគជ័យនិងនិរន្តរភាព»។
កម្មវិធីបែងចែកធុងសំរាមនេះគឺជាការគាំទ្រមួយដល់គោលដៅជាសកលរបស់ក្រុមហ៊ុនកូកា-កូឡាដែលបានកំពុងអនុវត្តសកម្មភាពប្រមូលដើម្បីយកទៅកែច្នៃប្រើប្រាស់ឡើងវិញនូវសំបកវេចខ្ចប់ឲ្យស្មើនឹងចំនួនសំបកវេចខ្ចប់ដែលក្រុមហ៊ុនបានប្រើប្រាស់នៅលើទីផ្សារនៅត្រឹមឆ្នាំ ២០៣០។ គោលដៅនិរន្តភាពនេះ មានឈ្មោះថា «ពិភពលោកគ្មានសំរាម» យកចិត្តទុកដាក់ជាខ្លាំងលើ វដ្តជីវិតនៃសំបកវេចខ្ចប់រាប់ចាប់ពីវិធីសាស្ត្រដែលសំបកវេចខ្ចប់ត្រូវបានរចនានិងផលិតរហូតដល់យុទ្ធសាស្ត្រប្រមូលយកទៅកែច្នៃ ប្រើប្រាស់ឡើងវិញ។
លោក រស់ សោភា នាយកផ្នែកច្បាប់ និងទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេស ក៏បានមានប្រសាសន៍ផងដែរថា«ការប្រគល់ធុងបែងចែកសំរាមនាថ្ងៃនេះគឺធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបការអប់រំដល់សិស្សនុសិស្សអំពីការបែងចែកសំណល់ក៏ដូចជាសម្រួលដល់ការគ្រប់គ្រងសំណល់ក្នុងសាលារៀន»។
លោកបានបន្ថែមទៀតថា«ការគ្រប់គ្រងសំណល់ប្រកបដោយប្រសិទ្ធភាពលុះត្រាតែមានចូលរួមដោះស្រាយពីភាគីពាក់ព័ន្ធទាំងអស់មិនថា វិស័យសាធារណៈ វិស័យឯកជន អង្គការ សហគមន៍ និងប្រជាសហគមន៍។ខ្ញុំជឿជាក់ថាការរួបរួមគ្នារបស់ពួកយើងទាំងអស់គ្នាពិតជាអាចចូលរួមដោះស្រាយកង្វល់នេះបាន»៕Ph