ដោយៈ រ៉ាម៉ន / ភ្នំពេញៈ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក ជា ពិសី ប្រធានគណៈបញ្ជាឯកភាពរដ្ឋបាលខណ្ឌ និងជាអភិបាលខណ្ឌប្ញស្សីកែវ បានបញ្ជាដល់គណៈបញ្ជាឯកភាព រដ្ឋបាលសង្កាត់ទួលសង្កែទី១ ដែលមានកម្លាំងនគរបាលប៉ុស្តិ៍ ចុះបង្ក្រាបល្បែងស៊ីសង ខុសច្បាប់ (ខ្លាឃ្លោក) ស្ថិតនៅក្រុមទី៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ ក្បែរនឹងរបងរោងចក្រអគ្គិសនី (សាខាទួលសង្កែ)។
ក្នុងការចុះបង្ក្រាបនេះ កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ទួលសង្កែទី១ បានចុះទៅដល់ទីតាំង បនល្បែងស៊ីសងខុសច្បាប់ (ខ្លាឃ្លោក) ខាងលើ ហើយភ្លាមៗនោះ អ្នកញៀនល្បែង បានរត់គេចខ្លួន ពីសមត្ថកិច្ច ដោយបន្សល់ទុកតែសម្ភារៈ សម្រាប់លេងល្បែង នៅនឹងកន្លែងតែប៉ុណ្ណោះ។ ក្នុងនោះ កម្លាំងសមត្ថកិច្ច បានប្រមូលយកវត្ថុតាងទាំងអស់ យកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលសង្កាត់ ជាបណ្ដោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវ ទៅតាមនីតិវិធីច្បាប់ជាបន្ត៕/V