ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីម្សិលមិញបានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីពិនិត្យពិភាក្សាលើគម្រោងវិនិយោគផ្តល់ដោយសហព័ន្ធរុស្ស៊ី សំដៅត្រៀមរៀបចំកិច្ចប្រជុំលើកទី២ នៃក្រុមការងារជាន់ខ្ពស់ ដើម្បីជំរុញគម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ី ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និង វិស័យឯកជនប្រមាណ ៣០រូប។
អ្នកចូលរួមបានពិភាក្សាលើបញ្ហាមួយចំនួនដែលរួមមាន ផលិតកម្មដំបូលស៊ីប្រូ និងបំពង់លូ, ផលិតកម្មតម្លើងរថយន្តដឹកទំនិញម៉ាក KAMAZ និង បណ្តាញផ្តល់សេវាកម្ម, ការផ្គត់ផ្គង់ឧបករណ៍ដុតកាកសំណល់រឹង, ការផលិតល្បាយអ៊ីសូឡង់ការពារកម្តៅបានមកពីអង្កាម និងចំបើង និង, ការផ្គត់ផ្គង់ឧបករណ៍បណ្តាញ GPON (Gigabit Passive Optical Networks) ព្រមទាំងបណ្តាញ សម្រាប់ប្រព័ន្ធបណ្តាញអ៊ីនធឺណេតល្បឿនលឿន។
គម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ីនេះ នឹងផ្តល់នូវឱកាសធុរកិច្ចថ្មីសម្រាប់វិស័យឯកជនរបស់ភាគីទាំងពីរក្នុងការចូលរួមអនុវត្តគម្រោងវិនិយោគខាងលើ សំដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
ថ្វីត្បិតតែនៅក្នុងបរិការណ៍កូវីដ-១៩ក៏ដោយ ក៏ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងរុស្ស៊ី នៅតែមានភាពល្អប្រសើរ ជាក់ស្តែង ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងប្រមាណ ១៥% ពី ៥៥,៣៦ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ទៅ ៦៣,៨១ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០៕