ដោយៈ ជាសីហៈ/ភ្នំពេញៈ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបលោកស្រី ម៉ារី អាមេលីតា អាគីណូ ( Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួន។
លោករដ្ឋមន្ដ្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូនចំពោះ លោកស្រី ដែលទើបទទួលបានការតែងតាំងថ្មីជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោកស្រី បានលើកឡើងពីទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរដែលកន្លងមកមានការរីកចំរើនជាលំដាប់ តែកំណើននេះបានថយចុះបន្ដិចបន្ទួចក្នុងឆ្នាំ២០២០ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។ លោកជំទាវ បានស្ងើចសរសើរប្រទេសកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី។
ក្នុងកិច្ចជំនួបនេះ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ឯកឧត្តមរដ្ឋមន្ដ្រី បានស្នើសុំភាគីហ្វីលីពីនឱ្យពិនិត្យមើលលទ្ធភាពក្នុងការនាំចូលអង្ករពីកម្ពុជា និងកៀងគរធុរជនហ្វីលីពីនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាដូចជាបង្កើតរោងចក្រកែច្នៃផលិតផលកសិ-ឧស្សាហកម្មសម្រាប់នាំចេញទៅទីផ្សារហ្វីលីពីន និងសកលលោក។
ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងថាគោលការណ៍ថ្មីរបស់ប្រទេសហ្វីលីពីន បានអនុញ្ញាតឱ្យវិស័យឯកជនរបស់ខ្លួនមកទិញអង្ករដោយផ្ទាល់ ឱ្យតែអនុលោមតាមវិធានការអនាម័យ-ភូតគាមអនាម័យរបស់ហ្វីលីពីន ដោយមិនចាំបាច់ឆ្លងកាត់តាមរយៈយន្ដការរបស់រាជរដ្ឋាភិបាលទៀតឡើយ។ ទន្ទឹមនឹងនេះ ភាគីហ្វីលីពីនក៏បានជម្រាបថា រដ្ឋាភិបាលហ្វីលីពីនបានផ្ដល់ការទទួលស្គាល់ដល់ក្រុមហ៊ុនមួយចំនួនសម្រាប់ធ្វើពាណិជ្ជកម្មស្រូវអង្ករ ហើយស្ថានទូតនឹងផ្ញើបញ្ជីនោះមកក្រសួងពាណិជ្ជកម្ម ដើម្បីសម្របសម្រួលជាមួយក្រុមហ៊ុនហ្គ្រីនត្រេដ និងសហព័ន្ធស្រូវអង្ករកម្ពុជា។
ក្នុងកិច្ចជំនួបនេះដែរ លោករដ្ឋមន្ដ្រី បានស្នើសុំឱ្យធុរជនហ្វីលីពីនពិនិត្យលទ្ធភាពនាំចេញផលិតផលកសិកម្មដទៃទៀតពីកម្ពុជារួមមាន៖ ដំឡូងមី ពោត និងផលិតផលសក្ដានុពលសំខាន់ៗផ្សេងទៀតទៅកាន់ទីផ្សារហ្វីលីពីន។
ជាកិច្ចបញ្ជប់ លោករដ្ឋមន្ដ្រី បានជំរុញឱ្យសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគ និងបានអញ្ជើញភាគីហ្វីលីពីន ចូលរួមនូវកម្មវិធីពិព័រណ៍ពាណិជ្ជកម្មអន្ដរជាតិរបស់កម្ពុជាដែលធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោយវិបត្តិកូវីដ-១៩បានបញ្ចប់ទៅ៕