ដោយៈ សរិទ្ធ / ភ្នំពេញៈ កម្មករម្នាក់ ក្នុងចំណោម ៤នាក់ បានស្លាប់ភ្លាមៗ ខណ:កំពុងលើកក្ដារកុងផ្លាកេ ហើយរអិលរលំសង្កត់ពីលើ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែ កុម្ភ: ឆ្នាំ២០២១ នៅចំណុចការដ្ឋានសាងសង់ តាមផ្លូវសបិត ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។
ជនរងគ្រោះ ឈ្មោះ កេស កូស ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១០៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ប្រភពព័ត៌មាន ពីបុរសឈ្មោះ វី មុខរបរ រត់ឡំប្រឺតា ស្នាក់នៅផ្ទះជួល ផ្លូវលេខ103 សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានបំភ្លឺប្រាប់សមត្ថកិច្ចថាៈ មុនកើតហេតុ ខ្លួននិងជនរងគ្រោះ រួមទាំងកម្មករចំនួន ២នាក់ទៀត បានមកស៊ីឈ្នួលទម្លាក់ក្ដារកុងផ្លាកេ (ក្ដារបន្ទះ) លើកចេញពីទូកុងតឺន័រ នៅចំណុចកើត ហេតុខាងលើ ដោយបានប្រាក់ឈ្នួល ចំនួន ២០ ដុល្លារ ក្នុងការទំលាក់មួយទូកុងតឺន័រ។ លុះពេលកំពុងរើក្ដារបន្ទះ ទម្លាក់ពីទូកុងតឺន័រ បានពាក់កណ្ដាលទៅហើយ ស្រាប់តែចៃដន្យ ក្ដារដែលមិនទាន់បានរើ ចំនួន ១ដុំធំ ទម្ងន់ជាង ១០០ គីឡូក្រាម បានដួលសង្កត់ ពីលើជនរងគ្រោះម្នាក់ ក្នុងចំណោម ៤នាក់ (៣នាក់ រត់ចេញ រួច)។ ពេលឃើញដូច្នេះ ពួកគេនាំគ្នាលើកក្ដារចេញពីលើខ្លួនជនរងគ្រោះ រួចបានយកម៉ូតូកង់បី ដឹកទៅគ្លីនិកឯកជន តែគ្រូពេទ្យថា ធ្ងន់ធ្ងន់ពេក មិនហ៊ានទទួល ព្យាបាល ក៏ប្រញាប់ដឹកទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ.សូវៀត។ ទៅដល់ទីនោះ គេបញ្ជូនជនរងគ្រោះ ដាក់បន្ទប់សង្គ្រោះបន្ទាន់ ហើយបានតែចំនួន ១០នាទី គ្រូពេទ្យថា ជនរងគ្រោះស្លាប់ហើយ។ ក្រោយមក ក៏បានទូរស័ព្ទប្ដឹងសមត្ថកិច្ច ចុះទៅធ្វើកោសល្យវិច័យ និងសុំយកសព ទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើតវិញ៕/V