ដោយ:រ៉ាម៉ន/ភ្នំពេញ: គម្រោងកែលម្អសួនច្បារនៅមុខ អគារទីស្តីការក្រសួងការពារជាតិថ្មីគ្រោងនឹងស្ថាបនាឲ្យបានរួចរាល់នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ គឺមុនពេលបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងការពារជាតិថ្មី ដែលគ្រោងបើកសម្ពោធ នៅក្នុងអំឡុងខែមិថុនាខាងមុខនេះ ក្រោមអធិបតីភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះ បើតាមការបញ្ជាក់ពីមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងកិច្ចពិភាក្សាអនុម័តលើគម្រោងកែលម្អសួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនានានៅមុខក្រសួងកម្ពុជា ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាមួយនឹងតំណាងរបស់ក្រសួងការពារជាតិនារសៀលថ្ងៃទី១៨ខែកុម្ភៈនេះនៅសាលារាជធានីភ្នំពេញ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីបានពិភាក្សាគ្នាក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២១ មករា ឆ្នាំ២០២១ ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាមួយនឹងតំណាងក្រសួងការពារជាតិ បានសម្រេចលើគម្រោងកែលំអប្រព័ន្ធការកែលម្អសួនច្បារនៅមុខក្រសួងការពារជាតិនេះរួចហើយ។ គម្រោងនេះនឹងចាប់ផ្ដើមអនុវត្តនៅអំឡុងខែមិនា ឆ្នាំ២០២១នេះ ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២១ ដើម្បីឱ្យទាន់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងការពារជាតិថ្មីនេះ នៅក្នុងអំឡុងខែមិថុនាខាងមុខនេះ។
គម្រោងនេះមានមួយផ្នែកប្រើប្រាស់ថវិការបស់ក្រសួងការពាជាតិដូចជាការដាក់លូថ្មីទំហំ១ម៉ែត្រ និងងការអ៊ុតកៅស៊ូលើទំហំផ្លូវចូលក្រសួងរហូតដល់៤៥ម៉ែត្រជាដើម ។ ចំណែករដ្ឋបាលរាជធានីភ្នំពេញមានការងារច្រើនដែលត្រូវអនុវត្តផងដែរ ដូចជាការកែលម្អសួនច្បារ ដាក់បង្គោលភ្លើង៦៦ដើម ជាមួយនឹងការដាក់លូ ការស្ដាលូពីក្រោយនិងនៅមុខក្រសួងការពារជាតិ ហើយការងារនេះធ្វើយ៉ាងណាឲ្យបានរួចរាល់នៅមុនពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ក្រសួងការពារជាតិ។
ក្នុងកិច្ចប្រជុំនោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការស្ដារលូចាប់ពីពេលនេះតទៅដោយមិនបាច់ចាំទៅដល់ខែមិនានោះទេ។បន្ថែមពីលើនេះទៀតមន្ទីរសាធារណៈការត្រួតពិនិត្យទៅលើបច្ចេកទេសទាំងការអ៊ុតកៅស៊ូបេទីមីណឺ ការដាក់លូ ស្តាលូជាដើម។
គម្រោងកែលម្អសួនច្បារមុខទីស្តីការ ក្រសួងពារជាតិនេះ មិនត្រឹមតែលើកកម្ពស់សោភ័ណភាពទាំងក្រសួង និងសួនច្បារឱ្យមានភាពស្រស់ ស្អាតបន្ស៊ីគ្នាប៉ុណ្ណោះទេ គឺបានបើកឱ្យមានចរាចរណ៍ចេញចូលងាយស្រួលផងដែរ។
សូមបញ្ជាក់ថា តាមគម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិនេះ នឹងត្រូវកាត់សួនចាស់ចេញរហូតដល់ ប្រវែង៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលមុខក្រសួង ហើយសួនថ្មីនេះ នឹងរៀបជាថ្មក្រានីត ដាំស្មៅ បំពាក់អំពូលភ្លើងដែលអាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួល ជាមួយនឹងទីតាំងធំទូលាយជាងមុន៕