Home ព័ត៌មានជាតិ នយោបាយ ​នាយ​ឧត្ដមសេន...

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេនៈ កងយោធពល​ខេមរភូមិន្ទ ជា​ឆ្អឹងខ្នង​របស់​ប្រទេសជាតិ ទោះ​ស្ថិត​ក្នុងតម្លៃ​ណាក៏ដោយ ត្រូវការពារ​ឱ្យបាន​នូវ​សន្តិភាព​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​បញ្ជាក់​ថាៈ កងយោធពល​ខេមរភូមិន្ទ គឺជា​ឆ្អឹងខ្នង​របស់​ប្រទេសជាតិ ហើយ​ទោះ​ស្ថិតក្នុង​តម្លៃ​ណាក៏ដោយ ត្រូវការពារ​ឱ្យបាន​រឹងមាំ នូវ​សន្តិភាព និង​ប្រឆាំង​ដាច់ខាត បដិវត្តន៍​ពណ៌ ការពារ​ប្រជាពលរដ្ឋ ការពារ​រាជ​រដ្ឋាភិបាល ស្របច្បាប់ និង​ការពារ​រដ្ឋធម្មនុញ្ញ សំដៅ​ប្រមូលផ្តុំ​នូវ សក្តានុពល​ទាំងឡាយ ដើម្បី​ការអភិវឌ្ឍ​ប្រទេសជាតិ ឱ្យ​កាន់តែ​រីកចម្រើន​។ ​ការបញ្ជាក់​របស់​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បានធ្វើ​ឡើង នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល និស្សិត​នាយទាហាន​ទ័ពជើងគោក ជំនា​ន់ទី​៩ នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​វិទ្យាស្ថាន​កងទ័ពជើងគោក​។​

​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​សង្កត់ធ្ងន់ថាៈ «​អ្វីៗ​ទាំងអស់ គឺ​ត្រូវ​ចាប់ផ្តើម​ពី​សន្តិភាព​មុនគេ ដែល​យើង​ត្រូវបាន​ចំណាយ កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ពុះពារ​គ្រប់​ឧបសគ្គ រហូត​ហ៊ាន​ពលី​ជីវិត ដើម្បី​បុព្វ​ហេតុ​សន្តិភាព​។ ក្នុងន័យនេះ កងយោធពល​ខេមរភូមិន្ទ ដែលជា​ឆ្អឹងខ្នង​របស់​ប្រទេសជាតិ ទោះ​ស្ថិត​ក្នុងតម្លៃ​ណាក៏ដោយ ត្រូវការពារ​ឱ្យបាន​រឹងមាំ នូវ​សន្តិភាព និង​ប្រឆាំង​ដាច់ខាត​បដិវត្តន៍​ពណ៌​»​។​

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ ចំពោះ​លទ្ធផល ដែល​និស្សិត​នាយ​ទាហាន​ទ័ពជើងគោក ជំនា​ន់ទី​៩ សម្រេចបាន នៅក្នុង​ការខិតខំ​រៀន​សូត្រ ព្រមទាំង​បាន​ផ្តាំផ្ញើ និស្សិត​នាយ​ទាហាន​ទាំងអស់ ត្រូវ​បន្ត​ការសិក្សា​រៀនសូត្រ តាម​គ្រប់​រូបភាព ដូចជា​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត និង​បច្ចេកវិទ្យា​ទំនើប មានន័យថា «​រៀន​ហើយ​រៀន​ទៀត រៀន​គ្មាន​ទីបញ្ចប់ រៀន​ដើម្បី​ចេះ មិនមែន​រៀន​ដើម្បី​ចប់​» និង​មាន​សេចក្តី​អំណត់ តស៊ូ​ព្យាយាម ដើម្បី​សម្រេចបាន​ជោគជ័យ ក្នុង​ការងារ​។​

​ជាមួយគ្នានេះ នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ នាយទាហាន នាយទាហាន​រង និង ពលទាហាន បន្ត​ចូលរួម​សហការ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល ជំងឺ​កូ​វីដ​១៩ ជាមួយ​រាជរដ្ឋាភិបាល និង​ត្រៀមខ្លួន ការចាក់​វ៉ាក់សាំង ដែល​នឹង​មកដល់ នាពេល​ខាងមុខនេះ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular