ដោយៈ សុផល / ភ្នំពេញៈ គិតត្រឹមខែមករា ឆ្នាំ ២០២១ ប្រទេសកម្ពុជា មានកំណត់ត្រាអ្នកប្រើប្រាស់ អ៊ីនធឺណេត ចំនួន ៨,៨៦ លាននាក់ ដែលនេះបង្ហាញថា ជំនាញឌីជីថល ពិតជាមានសារៈសំខាន់ណាស់ ដើម្បីទទួលបានជោគជ័យ នៅក្នុងពិភព ដែលពោរពេញដោយបច្ចេកវិទ្យា។ ជាមួយនេះដែរ ការចូលរួមរបស់ស្ត្រី នៅក្នុងពិភពឌីជីថល គឺជាកត្តាចាំបាច់ ដើម្បីបង្កើតសេដ្ឋកិច្ច និងសង្គមឌីជីថល ប្រកបដោយស្មើភាព។
នៅកំឡុងថ្ងៃទី ២៧ ដល់ ៣១ ខែមករា ឆ្នាំ ២០២១ កម្មវិធី Her Project: Digital Edition បានរៀបចំដំណាក់កាលទី ១ នៃគម្រោងជាសិក្ខាសាលា បានយ៉ាងជោគជ័យ ដែលប្រព្រឹត្តឡើង រយៈពេល ៥ ថ្ងៃ។ តាមរយៈសិក្ខាសាលានេះ សិស្ស និស្សិតស្រី ចំនួន១៥នាក់ មកពី ៤ ខេត្ត-ក្រុង បានរៀនជំនាញសំខាន់ៗ អំពីការយល់ដឹង អំពីប្រព័ន្ធផ្សព្វផ្សាយ ការយល់ដឹង អំពីសហគមន៍ យុទ្ធនាការឌីជីថល និងជំនាញគ្រប់គ្រងគម្រោង។
ក្រោមជំនួយពីមូលនិធិ Alumni Engagement Innovation Fund និងគាំទ្រដោយស្ថានទូត សហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា កម្មវិធី HER Project:Digital Edition បានផ្តួចផ្តើមឡើង ក្នុងគោលបំណងបង្កើនការចូលរួមរបស់ស្ត្រី នៅក្នុងការធ្វើការងារ សង្គម និងសកម្មភាពឌីជីថល។ នៅកំឡុងពេលកម្មវិធី អ្នកចូលរួម បានឆ្លងកាត់វគ្គបណ្តុះបណ្តាល វគ្គចែករំលែកដំណើរទស្សនកិច្ច នៅស្ថានទូតអាមេរិក ប្រចាំប្រទេសកម្ពុជា និងការរៀបចំគំរោង ធ្វើយុទ្ធនាការផ្សព្វផ្សាយខ្នាតតូច ដើម្បីសហគមន៍របស់ពួកគេ ក៏ដូចជា គម្រោងឌីជីថល ទាក់ទងទៅនឹងសារៈសំខាន់នៃ ការយល់ដឹង អំពីអំពីប្រព័ន្ធផ្សព្វផ្សាយ។
លោក Chad Roedemeier មន្ត្រីទំនាក់ទំនងសាធារណៈ របស់ស្ថានទូតអាមេរិក បានមានប្រសាសន៍ថាៈ “ដើម្បីទទួលបានភាពជោគជ័យ នៅថ្ងៃអនាគត ប្រទេសនីមួយៗ ត្រូវតែផ្ដល់សក្ដានុពល ទៅដល់ក្មេងស្រី និងនារី នៅគ្រប់វិស័យ ជាពិសេសវិស័យបច្ចេកវិទ្យា។ សហរដ្ឋអាមេរិក ពិតជាមានមោទនភាព ដែលបានជួយដល់ និស្សិតស្រី ទាំង ១៥ រូប ដែលនឹងអាចក្លាយជាអ្នកដឹកនាំ ផ្នែកបច្ចេកវិទ្យា នាថ្ងៃអនាគតរបស់កម្ពុជា”។
ឆ្លើយយតបទៅនឹងស្ថានភាពបច្ចុប្បន្ន នៃជំងឺកូវីដ-១៩ អ្នករៀបចំគម្រោង HER Project និង អ្នកចូលរួមទាំងអស់ បានចាត់វិធានការ បង្ការទុកជាមុន និងអនុវត្ត តាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល យ៉ាងតឹងរ៉ឹង ក្នុងរយៈពេលនៃការចូលរួមទាំងមូល។
គម្រោងនេះ បានសហការជាមួយក្រុមដៃគូចម្រុះ រាប់ចាប់ពីនិស្សិតក្មេងៗ ក្រុមសង្គមស៊ីវិល រហូតដល់អ្នកជំនាញដែរ ជួយបង្ហាញបន្ថែមទៀត ពីគោលដៅ នៃគម្រោង និងលើកកម្ពស់ការយល់ដឹង និងការផ្តល់សិទ្ធិអំណាច ដល់ស្ត្រី ក្នុងការកសាង និងអភិវឌ្ឍន៍សហគមន៍របស់ពួកគេ។/V