Home ព័ត៌មានសំខាន់ៗ សម្តេចពិជ័យសេ...

សម្តេចពិជ័យសេនា ទៀ បាញ់ : ការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កងទ័ព ប្រព្រឹត្តទៅដោយរលូន

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កងទ័ព គឺដំណើរការបានប្រព្រឹត្តទៅរលូន ហើយក្រុមគ្រូពេទ្យកាន់តែមានបទពិសោធន៍ ដោយមិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះពិនិត្យមើលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមគ្រូពេទ្យដល់កងទ័ពជើងទឹក នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាថា ដំណើរការចាក់វ៉ាក់សាំងជូនកងទ័ពមានដំណើរការល្អ និងបានប្រព្រឹត្តទៅដោយរលូន ដោយសារក្រុមគ្រូពេទ្យកាន់តែមានបទពិសោធន៍ធ្វើការបានល្អ ដោយសហការជាមួយពេទ្យអង្គភាព និងជាមួយពេទ្យថ្នាក់ជាតិ គឺបានរួមសហការគ្នាល្អ។

សូមជម្រាបថា គិតត្រឹមល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងការពារជាតិបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនកម្លាំងប្រដាប់ អាវុធបានជាង ១ម៉ឺននាក់ហើយ។

បើតាមលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ គឺអ្នកមកចាក់វ៉ាក់សាំងមានចំនួនសរុប ៣៩៦២នាក់ ក្នុងនោះស្ត្រី ១៤២៨នាក់។ ចំណែកអ្នកដែលបានចាក់វ៉ាក់សាំងរួចមានចំនួន ៣២៣៦នាក់ ក្នុងនោះស្ត្រីមានចំនួន ១០៤០នាក់។ រីឯអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់មានចំនួន ៧២៦នាក់ ក្នុងនោះស្ត្រីមានចំនួន ៣៨៨នាក់៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular