ដោយៈ ប.ជ័យ / ព្រំដែនកម្ពុជា ថៃៈ យោធភូមិភាគទី៥ និងគណៈបញ្ជាការកងឯកភាព រដ្ឋបាលខេត្តបន្ទាយមានជ័យ បានដាក់បញ្ជាអោយដាក់កម្លាំងបន្ថែម តាមព្រំដែន ដើម្បីបង្កើនការទប់ស្កាត់ ពលករខ្មែរ វិលត្រឡប់មកពីប្រទេសថៃ ហើយបានគេចវេះ ពីការធ្វើចត្តាឡីស័ក និងបង្ការការរីករាលដាល នៃមេរោគ / ជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។
លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង យោធភូមិភាគទី៥ និងទទួលជាមេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ បានអោយដឹងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ថាៈ កងកម្លាំង មន្ត្រីអាជ្ញាធរមានសមត្ថិច្ច គ្រប់លំដាប់ បានបន្តខិតខំអនុវត្ត នូវបទបញ្ជារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យបានលទ្ធផលល្អ មានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយការទទួលខុសត្រូវ ក្នុងការទប់ស្កាត់ និងបង្ការការរីករាលដាល នៃមេរោគ / ជំងឺកូវីដ១៩ ពិសេសគឺពង្រឹងការបង្ការទប់ស្កាត់ពលករខ្មែរ ត្រឡប់ពីធ្វើការ នៅប្រទេសថៃ វិលមកស្រុកកំណើត នៅប្រទេសកម្ពុជាវិញ ដោយឆ្លងដែនខុសច្បាប់ ហើយគេចវេះ ពីការត្រួតពិនិត្យ តាមច្រកព្រំដែន និងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កនានា តាមស្រុក និងខេត្ត នៅខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានអមដំណើរដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធាន គណៈបញ្ជាការ កងឯកភាពរដ្ឋបាលខេត្ត និងក្រុមការងារ បានបន្តចុះពិនិត្យ កងកម្លាំងប្រដាប់អាវុធ ទាំង ៣ ប្រភេទ ដែលកំពុងឈរជើង ល្បាត នៃប្រតិបត្តិការ ទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន និងតាមគោល ដៅ ភូមិសាស្ត្រទទួលខុសត្រូវ ក្នុងបំណងបង្ការ ទប់ស្កាត់ កុំអោយជំងឺកូវីដ ១៩ ដែលផ្ទុះរីករាលដាលខ្លាំង នៅសហគមន៍ នៃប្រទេសថៃ ចូលមកក្នុងសហគមន៍កម្ពុជា តាមរយៈការបញ្ជូនពលករខ្មែរ ត្រឡប់មកប្រទេស កម្ពុជាវិញ។
លោកទាំង ២ បានថ្លែងក្នុងពេលចុះត្រួតពិនិត្យ តាមព្រំដែននោះថាៈ ” យើងឯកភាពគ្នា ត្រូវដាក់បន្ថែម នូវកម្លាំងត្រួតពិនិត្យ តាមបណ្តោយព្រំដែន ចាប់ពីព្រំប្រទល់ ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ រហូតដល់ព្រំប្រទល់ ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រវែង ១៥៤,៥ គ.ម ” ៕/V