Home ព័ត៌មានជាតិ សេដ្ឋកិច្ច ចាប់ខ្លួនបណ្ត...

ចាប់ខ្លួនបណ្តាញនៃមេខ្យល់២នាក់ទៀតដែលនាំមនុស្សតាមច្រករបៀងទៅធ្វើការប្រទេសថៃ

ដោយ ៖ ប.ជ័យ / បន្ទាយមានជ័យ:នគរបាលនៅបន្ទាយមានជ័យចាប់ខ្លួនបណ្តាញនៃមេខ្យល់២នាក់ទៀតដែលនាំមនុស្សតាមច្រករបៀងទៅធ្វើការប្រទេសថៃ ។

អ្នកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងព្រលប់ថ្ងៃទី១៨ខែកុម្ភៈថា អនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តម សេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងមានការដឹកនាំបញ្ជាផ្ទាល់ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ ក្រុមនគរបាលជំនាញនិងនគរបាលនៃបញ្ជាការដ្ឋាននគរបាលការពារព្រំដែនគោក វរសេនាតូចទាំង៤ នគរបាលនៃអធិការដ្ឋានស្រុកក្រុងនិងប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ទាំងឡាយបានបន្តស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យជាមេខ្យល់ បណ្តាញមេខ្យល់ជួញដូរមនុស្ស នាំពលករដោយខុសច្បាប់បន្តបន្ទាប់ ។មកទល់រសៀលថ្ងៃទី១៨ខែកុម្ភៈនេះ បានបញ្ជូនជនសង្ស័យជាបណ្តាញមេខ្យល់នាំមនុស្ស២នាក់ទៀតទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យបណ្តាញមេខ្យល់២នាក់ថ្មីនោះ ឈ្មោះ វឹង វាសនា ភេទប្រុសអាយុ៤៨ឆ្នាំ និង ឈ្មោះ ហ៊ូន ពៅ ភេទស្រីអាយុ៤៣ឆ្នាំ។ទាំង២នាក់នេះជាបណ្តាញមេខ្យល់ឲ្យឈ្មោះចែ ណយ ។

អ្នកស្រីបានបន្តថា ៖ការឈានដល់ឃាត់ខ្លួនបណ្តាញមេខ្យល់២នាក់នេះ គឺធ្វើឡើងបន្ទប់ពីឃាត់ខ្លួនពលករខ្មែរចំនួន៥នាក់ ដែលមកពីភូមិប្រក់នាគ ឃុំ ចើងដឹង ស្រុកបារាយការណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៧ខែកុម្ភៈ យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកថ្មពួក ។រួចមក កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនមុខសញ្ញាជាបណ្តាញនាំមនុស្សឆ្លងដែនពីខ្មែរទៅថៃ ដែលមានមេខ្សល់ឈ្មោះចែណយ កំពុងនៅប្រទេសថៃ និងឈ្មោះ វឹង វាសនារស់ នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មុខរបរជាអ្នក់រត់តាក់ស៊ីពីស្វាយទៅបឹងត្រកួន និងឈ្មោះ ហ៊ូន ពៅ ភេទស្រី អាយុ៤៣ឆ្នាំ នៅភូមិកៀនកេះ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបងរត់តាក់ស៊ី បាត់ដំបងមកស្វាយ ។

ជនសង្ស័យទាំង២នាក់ ពាក់ព័ន្ធក្នុងការដឹកជញ្ជូនពលករយកទៅឲ្យឈ្មោះចែ ណយ ជាមេខ្សល់ នៅចំណុចបឹងត្រកួន ដើម្បីធ្វើដំណើរឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ។

តាមការបំភ្លឺរបស់ពលកររងគ្រោះទាំង៥នាក់ និងចម្លើយសារភាពជនសង្ស័យទាំង២នាក់ សមត្ថកិច្ចនគរបាលថាបាននឹងកំពុងតាមស្រាវជ្រាវដើម្បីវែករកមុខមេខ្សល់និងបក្ខពួកបន្ថែមទៀត ។

ឯបណ្តាញមេខ្យល់២នាក់នេះ ត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១៨ខែកុម្ភៈ ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular