ប្រែសម្រួលៈវាសនា៖ពួកឧត្តមសេនីយ៍មីយ៉ាន់ម៉ាកំពុងស្ថិតក្រោមសម្ពាធការទូតខ្លាំងឡើងកាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី នៅពេលឥណ្ឌាចូលរួមជាមួយអាម៉េរិកនិងប្រទេសដទៃទៀតក្នុងការអំពាវនាវអោយស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ហើយអង់គ្លេសនិងកាណាដាប្រកាសទណ្ឌកម្មលើរបបសឹកមីយ៉ាន់ម៉ា។
នៅពេលពួកឧត្តមសេនីយ៍បន្តការបង្ក្រាបលើជនប្រឆាំង ប្រទេសជិតខាងដ៏ធំរបស់មីយ៉ាន់ម៉ា គឺឥណ្ឌាបានចូលរួមចេញសេចក្តីថ្លែងការណ៍មួយជាមួយអាម៉េរិក ជប៉ុននិងអូស្ត្រាលី ដែលជាសមាជិកសម្ពន្ធភាពQuadដោយអំពាវនាវអោយពង្រឹងលទ្ធិប្រជាធិបតេយ្យនៅអាស៊ី និងបដិសេធរដ្ឋប្រហារ។
ឥណ្ឌាបាននិយាយថា រដ្ឋមន្ត្រីការបរទេសរបស់ខ្លួនបានសង្កត់ធ្ងន់អំពី«ការរក្សានីតិរដ្ឋនិងអន្តរកាលប្រជាធិបតេយ្យ»នៅមីយ៉ាន់ម៉ា។
រដ្ឋប្រហារថ្ងៃ០១កុម្ភៈ ដែលនាំដល់ការចាប់ខ្លួនមនុស្សជិត៥០០នាក់រួមទាំងលោកស្រីស៊ូជី និងប្រធានាធិបតី មីយីនត៍បង្កអោយមានការថ្កោលទោសជាអន្តរជាតិ។អាម៉េរិកជាប្រទេសប្រតិកម្មមុនគេនិងបានប្រកាសដាក់ទណ្ឌកម្មលើពួកឧត្តមសេនីយ៍មីយ៉ាន់ម៉ាកាលពីសប្តាហ៍មុនដោយបានកាត់ផ្តាច់ពួកគេមិនអោយចូលប្រើមូលនិធិ១ពាន់លានដុល្លារតម្កល់នៅអាម៉េរិក៕
ប៉ូលិសមីយ៉ាន់ម៉ា ឈរយាមនៅមាត់ច្រកចូលវត្តមួយនៅក្រុងយ៉ាងហ្គោន កន្លែងដែលអ្នកគាំទ្រយោធាប៉ះទង្គិចជាមួយអ្នកស្រុក