Home ព័ត៌មានអន្តរជាតិ អង្គការ​ណា​តូ...

អង្គការ​ណា​តូ​ពន្យារពេល​ការសម្រេចចិត្ត​លើ​ការ​ដកទ័ព​ចេញពី​អា​ហ្វ​ហ្គានី​ស្ថាន និង​ពង្រីក​កងទ័ព​នៅ​អ៊ីរ៉ាក់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក ជេ​ន ស្តូល​ធិន​បឺក បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​សម្ព័ន្ធមិត្ត​មិនទាន់​បាន​ធ្វើ​ការសម្រេច​ចិត្ត​ចុងក្រោយ​លើ​អនាគត​នៃ​បេសកកម្ម​​នៅ​អា​ហ្វ​ហ្គានី​ស្ថានរ​បស់ខ្លួន​នៅឡើយ​ទេ ខណៈ​ប្រធានាធិបតី​អាម៉េរិក​ថ្មី​លោក ចូ បៃ​ដិន កំពុង​ថ្លឹងថ្លែង​អំពី​ការ​ដកទ័ព​ចេញ​។​

​ខណៈ​ដែល​ក្រុម​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ពន្យារ​ពេល​នៃ​ការសម្រេចចិត្ត​នេះ​នៅឯ​សន្និសីទ​តាម​វីដេអូ​រយៈពេល ២ ថ្ងៃ​ពួកគេ​បាន​សម្រេចចិត្ត​ពង្រីក​បេសកកម្ម​បណ្តុះបណ្តាល​របស់​អង្គការ​ណា​តូ​នៅក្នុង​​ប្រទេស​អ៊ីរ៉ាក់​ពី​ចំនួន​កងទ័ព ៥០០ នាក់​ទៅ​ប្រហែល ៤.០០០ នាក់​។​

​ជោគវាសនា​នៃ​បេសកកម្ម​គាំទ្រ​ដែល​មាន​កងទ័ព ៩.៦០០ នាក់​របស់​ណា​តូ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​គឺ​ស្ថិតនៅទី​កំពូល​នៃ​របៀ​បវារៈ បន្ទាប់​ពី​អតីត​មេដឹកនាំ​អាម៉េរិក​លោក​ដូណាល់​ត្រាំ​បាន​ធ្វើ​កិច្ច​ព្រម​​ព្រៀង​ជាមួយ​ក្រុម​តា​លី​បង់​ដើម្បី​ដកទ័ព​ចេញ​។​

​រដ្ឋបាល​របស់​លោកបៃ​ដិន​កំពុង​ពិនិត្យ​ឡើងវិញ​ថា​តើ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​កាលបរិច្ឆេទ​ផុតកំណត់​នៅ​ថ្ងៃទី ១ ខែ​ឧសភា​ដើម្បី​ដក​កងទ័ព​អាម៉េរិក​ដែល​នៅ​សេសសល់​ចំនួន ២.៥០០​នាក់​ឬ​ប្រថុយ​នឹង​​ការប៉ះទង្គិច​បង្ហូរឈាម​ពី​ក្រុម​បះបោរ ប្រសិន​បើ​បន្ត​នៅ​។​

​លោក​ស្តូល​ធិន​បឺក​និយាយ​នៅក្នុង​សន្និសីទ​កាសែត​ថា “​យើង​ប្រឈមមុខ​នឹង​បញ្ហា​លំបាក​ជាច្រើន ហើយ​មិន​មាន​ជម្រើស​ងាយៗ​ទេ​។​នៅ​ដំណាក់កាល​នេះ​យើង​មិនបាន​ធ្វើ​ការសម្រេចចិត្ត​ចុងក្រោយ​​អំពី​អនាគត​នៃ​វត្តមាន​របស់​យើង​ទេ​។ ប៉ុន្តែ​ខណៈ​កាលបរិច្ឆេទ​ផុតកំណត់​ថ្ងៃទី ១ ឧសភា​កាន់តែ​ខិត​ជិត​មក​ដល់​សម្ព័ន្ធមិត្ត​ណា​តូ​នឹង​បន្ត​ពិគ្រោះ​និង​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​នៅក្នុង​សប្តាហ៍​ខាងមុខ​​នេះ​”​។​

​លោក​ស្តូល​ធិន​បឺ​ក​បាន​ទទូចថា ក្រុម​តា​លី​បង់​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​ការប្តេជ្ញាចិត្ត​ក្រោម​កិច្ច​ព្រមព្រៀង​ជាមួយ​អាម៉េរិក​រួមទាំង​ការធ្វើឱ្យ​មាន​វឌ្ឍនភាព​ក្នុង​កិច្ចចរចា​សន្តិភាព​ជាមួយ​ទីក្រុង​កា​ប៊ុល ការកាត់បន្ថយ​អំពើហិង្សា និង​ការ​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ “​ក្រុម​ភេរ​វករ​អន្តរជាតិ​”​។​

​លោក​បាន​និយាយថា “​គោលដៅ​របស់​ណា​តូ​គឺ​ដើម្បី​ធានា​ថា​អា​ហ្វ​ហ្គានី​ស្ថាន​នឹង​លែង​ក្លាយ​ជា​ជម្រក​សុវត្ថិភាព​សម្រាប់​ភេរ​វករ​ដែល​នឹង​វាយប្រហារ​លើ​ទឹកដី​កំណើត​របស់​យើង​”​។​

​ក្រុម​តា​លី​បង់​បាន​ចាប់ផ្តើម​ធ្វើ​ការវាយលុក​មួយ​ដែល​គំរាមកំហែង​ដល់​ទី​រួម​ខេត្ត​ចំនួន​ពីរ ហើយ​បាន​ព្រមាន​ក្រុម​រដ្ឋមន្ត្រី​របស់​ណា​តូ​កុំឱ្យ​ស្វែងរក​ការ​បន្ត​រក្សា​ទ័ព​និង​ប្រថុយ​ធ្វើសង្គ្រាម ដោយ​ការ​បន្ត​នៅ​៕

​ការដក​ទ័ព​ពី​អា​ហ្វ​ហ្គានី​ស្ថានទាំង​ស្រុង​ត្រូវបាន​ពន្យារពេល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular