ប្រែសម្រួលៈវាសនា/សិង្ហបុរី៖ រដ្ឋមន្ត្រីការបរទេសសិង្ហបុរីនិងឥណ្ឌូនេស៊ី បានសម្តែង«ការព្រួយបារម្ភជ្រាលជ្រៅ»អំពីសភាពការណ៍នៅមីយ៉ាន់ម៉ានិងគាំទ្រសំណើសំរាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានក្រៅផ្លូវការមួយស្តីពីមីយ៉ាន់ម៉ា នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសសិង្ហបុរីកាលពីថ្ងៃព្រហស្បតិ៍ទី១៨កុម្ភៈ។
សេចក្តីថ្លែងការណ៍ចេញក្រោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានជួបប្រជុំនៅសិង្ហបុរីកាលពីថ្ងៃព្រហស្បតិ៍បាននិយាថា រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាអំពីដំណើរវិវត្តន៍នៅមីយ៉ាន់ម៉ានិងថា«ពួកគេបានសម្តែងការព្រួយបារម្ភខ្លាំងក្លាអំពីសភាពការណ៍នេះ និងក៏បានសម្តែងក្តីសង្ឃឹមថា ភាគីទាំងអស់នឹងរក្សាការចរចា ហើយធ្វើការរួមគ្នាឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីនិងការផ្សះផ្សារជាតិនៅមីយ៉ាន់ម៉ា រួមទាំងការវិលទៅកាន់ផ្លូវអន្តរកាលប្រជាធិបតេយ្យផងដែរ»។
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានអំពាវនាវអោយគ្រប់ភាគីពាក់ព័ន្ធអត់ធ្មត់ជាទីបំផុតនិងចាត់វិធានការបន្ទាន់ដើម្បីបន្ថយការធ្វើអោយសភាពការណ៍កាន់តែដុនដាបឡើង។លោកថា មិនគួរមានអំពើហិង្សាលើជនស៊ីវិលគ្មានអាវុធ ជាពិសេសកុំប្រើគ្រាប់កាំភ្លើងពិតលើជនស៊ីវិលគ្មានអាវុធនៅក្រោមកាលៈទសៈណាមួយក៏ដោយ។
យោធាមីយ៉ាន់ម៉ាបានដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលកាលពីថ្ងៃ០១កុម្ភៈជាហេតុនាំអោយផ្ទុះការតវ៉ាប្រឆាំងពីមហាជនមីយ៉ាន់ម៉ាប្រឆាំងនឹងរដ្ឋប្រហារចាប់តាំងពីពេលនោះមក។ប៉ូលិសបានបាញ់ទឹក បាញឧស្ម័ននិងមានសេចក្តីរាយការណ៍អំពីការបាញ់លើអ្នកប្រឆាំងតវ៉ា៕
រដ្ឋមន្ត្រីការបរទេសសិង្ហបុរីនិងឥណ្ឌូនេស៊ី ក្រៅពីសម្តែងការព្រួយបារម្ភក៏បានពិភាក្សាអំពីវិធានការបន្ទាប់ដើម្បីដោះស្រាយស្ថានការណ៍នៅមីយ៉ាន់ម៉ា ដូចជាការជំរុញកិច្ជចរចាជាមួយអ្នកដើរតួសំខាន់ៗទាំងអស់ រួមទាំងដៃគូខាងក្រៅផងដែរ