ដោយៈ សរិទ្ធ / ភ្នំពេញៈ សេចក្តីបកស្រាយបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ទាក់ទងទៅនឹង ករណីក្មេងប្រុសម្នាក់ ឈ្មោះ តាន់ សម្បត្តិឧត្តម ជាសិស្សសាលាឯកជន AIS នៅខណ្ឌជ្រោយចង្វារ ដែលបានប្រើប្រាស់ រថយន្តពាក់ផ្លាកលេខ នប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀន ។
មនុស្ស៣នាក់ ដែលពាក់ព័ន្ធក្នុងករណីនេះ ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កោះហៅឲ្យចូលមកបំភ្លឺ រួមមានឈ្មោះ តាន់ សម្បត្តិឧត្តម ជាសិស្សសាលាឯកជន ដែលបានបើករថយន្តផ្លាកលេខ «នប» ទៅសាលារៀន ព្រមជាមួយម្ចាស់រថយន្ត ត្រូវជាបងប្រុសឈ្មោះ តាន់ វិទ្យាបុត្រ ជាមន្ត្រីនគរបាល នៅបណ្ឌិតសភានគរបាលជាតិ រួមជាមួយម្ចាស់ដើមរថយន្ត ឈ្មោះ ភ័ណ្ឌ ជីវិន ជាមន្ត្រីនគរបាល នៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ។
បន្ទាប់ពីបានការរាយការណ៍ ពីប្រជាពលរដ្ឋ ក៏ដូចជា ការចុះផ្សាយព័ត៌មាន នៅលើបណ្តាញសង្គមហ្វេសបុកភ្លាម លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ធ្វើការសហការជាមួយ ការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការស្រាវជ្រាវ ឲ្យបានដឹងច្បាស់ អំពីព័ត៌មាន ដែលបានចុះផ្សាយនេះ ។
ក្រោយពីធ្វើការចុះស្រាវជ្រាវ ដល់ទីតាំងសាលារៀន ដោយផ្ទាល់ បានឲ្យដឹងថា ពិតជាមានសិស្សសាលាម្នាក់ ឈ្មោះ តាន់ សម្បត្តិឧត្តម បានជិះរថយន្ត ផ្លាកលេខ នប បំពាក់ស៊ីរ៉ែន មកសាលារៀន ពិតប្រាកដមែន ។
រហូតមកដល់រសៀល ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោក បានរកឃើញរថយន្តនេះ និងបាននាំយកទាំងរថយន្ត និងអ្នកបើកបរ ដើម្បីធ្វើការសួរនាំ នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ។
នៅរសៀល ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ អ្នកពាក់ព័ន្ធទាំង ៣ រូបខាងលើ ត្រូវបានសមត្ថកិច្ច នៃការិយាល័យចរាចរណ៍ផ្លូវគោក ធ្វើការកោះហៅ ឲ្យចូលខ្លួនមកបំភ្លឺ លើករណីប្រើប្រាស់រថយន្ត ផ្លាកលេខនប បំពាក់ស៊ីរ៉ែនជិះទៅសាលារៀន ។
តាមចម្លើយរបស់ក្មេងប្រុស តាន់ សម្បត្តិឧត្តម បានទទួលស្គាល់កំហុស និងបានសារភាពថា រូបគាត់ពិតជាបានយក រថយន្តបងប្រុសរបស់គាត់ ដែលពាក់ផ្លាកលេខ នប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀន ពិតប្រាកដមែន ។ តាមការស្រាវជ្រាវ និងបញ្ជាក់យ៉ាងច្បាស់ ពីការិយាល័យភស្តុភារ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រថយន្តដែលពាក់ផ្លាកលេខ នប 2. 8763 មិនមាននៅក្នុងបញ្ជីសារពើភណ្ឌ របស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញឡើយ ។
ជាក់ស្តែង រថយន្តនេះ ត្រូវបានម្ចាស់ដើម ឈ្មោះ ភ័ណ្ឌ ជីវ័ន ដែលជាអតីតមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ (បច្ចុប្បន្ន ជាមន្ត្រីនគរបាល នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍) បានស្នើសុំធ្វើផ្លាកលេខ នប យកមកបំពាក់ លើរថយន្តឯកជនរបស់ខ្លួន តាំងពីឆ្នាំ២០១៦មកម្ល៉េះ លុះមកខែតុលា ឆ្នាំ២០២០ ឈ្មោះ ភណ្ឌ ជីវ័ន បានលក់រថយន្តនេះ ទៅឲ្យមិត្តភក្ត្ររបស់ខ្លួន ឈ្មោះ តាន់ វិទ្យាបុត្រ ដែលជាមន្ត្រីនគរបាល នៅរាជបណ្ឌិតសភានគរបាលជាតិ ។
អ្នកពាក់ព័ន្ធទាំង ៣ រូបនេះ បានទទួលស្គាល់នូវ កំហុសរបស់ខ្លួន ជាពិសេសបានធ្វើការសុំទោស ជាសាធារណ: ចំពោះប្រជាពលរដ្ឋទូទៅ ជាពិសេសសមត្ថកិច្ច នគរបាលជាតិ នូវកំហុសរបស់ខ្លួន ដែលបានអនុញ្ញាត ឲ្យប្អូនប្រុសរបស់ខ្លួន ប្រើប្រាស់រថយន្តពាក់ផ្លាកលេខ «នប» បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀន ដែលខុសពីច្បាប់ បានកំណត់ ។
ក្រោយពីទទួលស្គាល់កំហុស ធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈរួច សមត្ថកិច្ចការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានប្រគល់រថយន្ត និងមនុស្សទាំង ៣ នាក់នេះ ទៅនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីត្រួតពិនិត្យឲ្យបានច្បាស់ អំពីផ្លាកលេខ ជាពិសេសនីតិវិធីផ្សេងៗ ពាក់ព័ន្ធនឹងការលក់ដូរ រថយន្តផ្លាកលេខ នប និងការប្រើប្រាស់រថយន្ត ពាក់ផ្លាកលេខ នប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀន ដោយជនស៊ីវិល ដែលមិនមែនជាសមត្ថកិច្ច ។
ម្យ៉ាងវិញទៀត ដោយរថយន្តនេះ មិនមែនជារថយន្តរបស់អង្គភាព នាយកដ្ឋានចរាចរណ៍ នឹងដោះស៊ីរ៉ែនចេញ ហើយដោយការយករថយន្តនេះ ទៅប្រើប្រាស់ខុសគោលការណ៍ សមត្ថកិច្ច នឹងដកហូតផ្លាកលេខ នប មករក្សាទុក មិនអនុញ្ញាតឲ្យប្រើប្រាស់ បន្តទៀតឡើយ ។
ចំណែកម្ចាស់ដើមរថយន្ត និងម្ចាស់បច្ចុប្បន្ន ដែលជាមន្ត្រីប៉ូលិស នាយកដ្ឋានចរាចរណ៍ និងការិយាល័យចរាចរណ៍ផ្លូវគោក នឹងធ្វើរបាយការណ៍គោរពជូន ទៅប្រធានអង្គភាពរបស់គាត់ ទាំងពីរ ដើម្បីអនុវត្តបន្ត និងដាក់វិន័យកងកម្លាំង ចំពោះកំហុសនេះ ផងដែរ ៕/V