Home ព័ត៌មានអន្តរជាតិ អាម៉េរិក​និង​...

អាម៉េរិក​និង​អឺរ៉ុប​ជំរុញ​អ៊ីរ៉ង់​អោយ​រក្សា​អធិការកិច្ច​នុយក្លេអ៊ែរ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​៖​ក្រុម​មន្ត្រីជាន់ខ្ពស់​អឺរ៉ុប​និង​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ទទូច​ដល់​អ៊ីរ៉ង់​ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ការបន្ត​ត្រួតពិនិត្យ​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ​​និង​បញ្ឈប់​សកម្មភាព​នុយក្លេអ៊ែរ​ដែល​មិន​មាន​ការប្រើប្រាស់​បែប​ស៊ីវិល​។​

​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស អាល្លឺម៉ង់​និង​បារាំង ព្រមទាំង​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាម៉េរិក​លោក អាន​ថូ​នី ប្លិង​កិន បាន​ព្រមាន​ថា​សកម្មភាព​របស់​អ៊ីរ៉ង់​អាច​គំរាមកំហែង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​​យ៉ាង​ខ្លាំងក្លា​ដើម្បី​នាំ​សហរដ្ឋ​អាម៉េរិក​ត្រឡប់មក​កិច្ចព្រមព្រៀង​២០១៥ រវាង​ទីក្រុង​តេ​ហេ​រ៉ង់​និង​មហាអំណាច​ពិភពលោក និង​លទ្ធភាព​បញ្ចប់​ទណ្ឌកម្ម​ដែល​ធ្វើឱ្យ​ខូចខាត​ដល់​សេដ្ឋកិច្ច​អ៊ីរ៉ង់​។​

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាល្លឺម៉ង់​លោក ហៃ​កូ ម៉ាស ដែល​ចូលរួម​ក្នុង​កិច្ចពិភាក្សា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីក្រុង​ប៉ារីស​ជាមួយ​សម​ភាគី​អង់គ្លេស​និង​បារាំង​របស់លោក បាន​និយាយថា​”​អ៊ីរ៉ង់​កំពុង​​លេង​ជាមួយ​ភ្លើង​”​។ លោក​ប្លិង​កិន​បាន​ចូល​រួមតាមរយៈ​វីដេអូ​។​

​អ៊ីរ៉ង់​និយាយថា​ខ្លួន​នឹង​បញ្ឈប់​ផ្នែក​ខ្លះ​នៃ​ការចុះ​ធ្វើ​អធិការកិច្ច​របស់​ទីភ្នាក់ងារ​ថាមពល​អា​តូមិ​ក​អន្តរជាតិ​នៅ​សប្តាហ៍​ក្រោយ​ប្រសិនបើ​ប្រទេស​លោកខាងលិច​មិន​អនុវត្ត​ការប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្រោម​​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ ។ កិច្ចព្រមព្រៀង​នេះ​មាន​ភាពច្របូកច្របល់​ខ្លាំង ចាប់តាំងពី​លោក​ដូណាល់ ត្រាំ​បាន​ដក​សហរដ្ឋ​អាម៉េរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ​ក្នុង​ឆ្នាំ ២០១៨ ។​

​យោង​តាម​សេចក្តីថ្លែងការណ៍​រួម​បន្ទាប់ពី​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​ឆ្លុះបញ្ចាំង​ពី​ជំហរ​ឆ្លង​មហាសមុទ្រ​អា​ត្លង់​ទិក​កាន់តែ​ជិតស្និទ្ធ​អំពី​អ៊ីរ៉ង់​ចាប់តាំងពី​ប្រធានាធិបតី​ចូ បៃ​ដិន​ឡើងកាន់អំណាច លោក​ប្លិង​កិន​បាន​ទទូចជា​ថ្មី​ថា “​ប្រសិនបើ​អ៊ីរ៉ង់​ត្រឡប់​មក​អនុវត្ត​តឹងរ៉ឹង​ជាមួយ​ការប្តេជ្ញា​ចិត្ត​របស់​ខ្លួន​…​សហរដ្ឋ​អាម៉េរិក​ក៏​ធ្វើ​ដូចគ្នា​ដែរ​”​។​

​ក្រុម​អ្នកការទូត​ទាំងនេះ​បាន​កត់សម្គាល់​អំពី “​គ្រោះថ្នាក់​នៃ​ការសម្រេចចិត្ត​រឹតត្បិត​ការចូល​ពិនិត្យ​របស់ IAEA និង​ជំរុញ​ឱ្យ​អ៊ីរ៉ង់​ពិចារណា​លើ​ផលវិបាក​នៃ​សកម្មភាព​ដ៏​ធ្ងន់ធ្ងរ​នេះ​ជា​ពិសេស​នៅក្នុង​​ឱកាស​នៃ​បន្ត​ការទូត​ជា​ថ្មី​នេះ​”​។​

​ពួកគេ​និយាយថា ការសម្រេចចិត្ត​របស់​អ៊ីរ៉ង់​ក្នុង​ការផលិត​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូម​រហូតដល់ ២០ ភាគរយ និង​ដែក​អ៊ុយ​រ៉ានី​ញ៉ូម ពុំ​មាន​ការប្រើប្រាស់​បែប​ស៊ីវិល​ដែល​អាច​ជឿ​ទុកចិត្ត​បាន​នោះ​ទេ​។​

​កិច្ចព្រមព្រៀង​២០១៥​មាន​គោលបំណង​ទប់ស្កាត់​អ៊ីរ៉ង់​កុំឱ្យ​ផលិត​អាវុធ​នុយក្លេអ៊ែរ​។ រដ្ឋាភិបាល​ក្រុងតេ​ហេ​រ៉ង់​បដិសេធ​រួចហើយថា ខ្លួន​មិន​បាន​ព្យាយាម​ផលិត​អាវុធ​បែប​នេះ​ទេ​៕

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាម៉េរិក​លោក អាន​ថូ​នី ប្លិង​កិន​បាន​ចូលរួម​ពិភាក្សា​និង​ព្រមាន​ដល់​អ៊ីរ៉ង់​តាមរយៈ​វីដេអូ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular