ស្នងការនគរបាលខេត្តត្បូងឃ្មុំត្រូវផ្លាស់ប្តូរ

ដោយ: មុនីរ័ត្ន /ភ្នំពេញៈ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន នឹងត្រូវធ្វើការផ្លាស់ប្តូរជាផ្លូវការនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។ ពិធីប្រកាសផ្ទេរតំណែងនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិបានថ្លែងប្រាប់រស្មីកម្ពុជាថា លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការរងទទួលផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នឹងត្រូវឡើងកាន់តំណែងជាស្នងការនគរបាលខេត្តត្បូងឃ្មុំ ជំនួសលោកឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន ដែលត្រូវចូលនិវត្តន៍។

សូមជម្រាបថា ស្នងការនគរបាលខេត្តចំនួន ៤ គឺខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ ត្រូវបានស្នើដាក់ឲ្យចូលនិវត្តន៍។ បន្ទាប់ពីស្នើដាក់ឲ្យចូលនិវត្តន៍ ស្នងការនគរបាលទាំង៤ខេត្តនេះ ត្រូវបានព្រះករុណាព្រះសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។

ស្នងការនគរបាលខេត្តចំនួន ៤ គឺទី១. លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ ។ ២. លោកឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង។ ៣. លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ៤. លោកឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ត្រូវបានស្នើដាក់ឲ្យចូលនិវត្តន៍៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular