ដោយៈសរិទ្ធ/ភ្នំពេញ: ម៉ូតូពីរគ្រឿងបើកមកដល់ផ្លូវបំបែកជាបួនមិនបន្ថយល្បឿន បានបុកគ្នាពេញទំហឹង បណ្តាលឱ្យភាគីម្ខាងមានគ្នា២នាក់បាក់ជើង និង ភាគីម្ខាងទៀតមានគ្នា២នាក់ដែរ រងរបួសស្រាល កាលពីវេលាម៉ោង១ និង ៤០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ តាមបណ្តោយផ្លូវបេតុង កែងផ្លូវអតីតរទេះភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញ យុវជន២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក HONDA Click ពណ៌ខៀវលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HH-3481 តាមបណ្តោយផ្លូវបេតុ ទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានយុវជន២នាក់ទៀតបើកម៉ូតូមួយគ្រឿង ពាក់ស្លាកលេខ កណ្តាល 1C-3605 បើកតាមបណ្តោយផ្លូវអទិតរទេះភ្លើង ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ដោយបើកបរខ្វះការយោគយល់ និង ប្រុងប្រយ័ត្ន មិនបន្ថយល្បឿន ទើបបុកគ្នាបណ្តាលឱ្យយុវជន២នាក់បាក់ជើង បញ្ជូនទៅមន្ទីពេទ្យភ្លាមៗ និង ពីរនាក់ទៀតរងរបួសស្រាល។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមសមត្ថកិច្ចជំនាញ បានមកដល់ចំណុចកើតហេតុ រួចធ្វើការវាស់វែងយកម៉ូតូ ទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំការដោះស្រាយនៅពេលក្រោយ៕