Home ព័ត៌មានសំខាន់ៗ សម្ដេចក្រឡាហោ...

សម្ដេចក្រឡាហោម ស ខេង : ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មនៅតែជាកិច្ចការអាទិភាពខ្ពស់

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មនៅតែជាកិច្ចការអាទិភាពខ្ពស់ដដែល នៃរាជរដ្ឋាភិបាលអាណត្តិទី៦ ដោយសារប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មជាឆ្អឹងខ្នងនៃសេវាទាំងអស់ ទាំងសារសាធារណៈ និងសេវាសាធារណៈឯកជន និងបន្តពិនិត្យមើលវឌ្ឍនភាពបញ្ហានានាជាបន្តទៀត។

ការបញ្ជាក់របស់សម្តេចក្រឡាហោមនេះនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លើកទី៥ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម បានបង្ហាញការកត់សំគាល់ថានៅឆ្នាំ២០២០កន្លងទៅ កម្ពុជា និងបណ្ដាប្រទេសផ្សេងទៀត សុទ្ធតែបានរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ទន្ទឹមនឹងនេះការអនុវត្តន៍គោលដៅយុទ្ធសាស្ត្រនីមួយៗ នៃផែនការថ្នាក់ជាតិស្ដីពីអត្តសញ្ញាណកម្ម ក៏រងផលប៉ះពាល់ផងដែរ។

សម្ដេចបានគូសបញ្ជាក់នូវកិច្ចការចម្បងមួយចំនួនដែលត្រូវខិតខំសម្រេចឱ្យបានក្នុងដំណាក់កាលនេះ និងបានដឹកនាំឯកឧត្តម អស់លោក ជាសមាជិកគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ពិនិត្យពិភាក្សាលើវឌ្ឍនភាព និងបញ្ហាប្រឈមមួយចំនួនទៀត ។

ចំណែកនាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានកិច្ចសហការជាមួយអ្នកជំនាញច្បាប់របស់អង្គការ Vital Strategies លើជំនួយបច្ចេកទេស ក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ បាន តាក់តែងបញ្ចប់សេចក្តីព្រាងច្បាប់ដំបូង ដែលរួមមាន១២ជំពូក ស្មើនឹង១៦៩មាត្រា។ សេចក្តីព្រាងច្បាប់នេះ បានប្រជុំឆ្លងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ជារៀងរាល់សប្តាហ៍។

នាយឧត្តមសេនីយ៍ បន្ដថា គិតត្រឹមខែធ្នូ ឆ្នាំ២០២០ ក្រុមការងារអន្តរក្រសួងប្រជុំឆ្លងសម្រេចបានចំនួន២ជំពូក ស្មើនឹង១០១មាត្រា ក្នុងនោះមាន ជំពូកទី១៖ ស្តីពីបទប្បញ្ញត្តិទូទៅ សម្រេចបានទាំងស្រុងមាន ចំនួន៣មាត្រា និងជំពូកទី២៖ ស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន សម្រេចបានចំនួន៩៨មាត្រា។ ដោយឡែកជំពូកដែលនៅសល់ នឹងបន្តប្រជុំឆ្លងបញ្ចប់នៅក្នុងឆ្នាំ២០២១បន្តទៀត។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២០ ស្ដីពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ បានឲ្យដឹងថា ការគ្រប់គ្រងអត្តសញ្ញាណបុគ្គលមានសារៈសំខាន់ជាគន្លឹះ និងជាមូលដ្ឋាន គ្រឹះនៃកិច្ចការអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាល។ ការងារអត្តសញ្ញាណកម្មបានបង្កប់នូវចរិតលក្ខណៈពិសេសពីរគឺ ៖ ការគ្រប់គ្រងប្រជាពលរដ្ឋ និងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។ ការគ្រប់គ្រងប្រជាពលរដ្ឋ គឺជាឆ្អឹងខ្នងនៃការគ្រប់គ្រងរដ្ឋបាលដែនដី ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធានានូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជាមូលដ្ឋានរបស់បុគ្គល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ដោយឡែកការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ គឺការប្រើប្រាស់ទិន្នន័យ អត្តសញ្ញាណបុគ្គល ដើម្បីផ្តល់សេវានានាជូនប្រជាពលរដ្ឋ ដូចជា ការផ្តល់សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សុំចុះបញ្ជីស្នាក់នៅ សៀវភៅគ្រួសារ លិខិតឆ្លងដែន យានយន្ត ជាដើម។

តាមរបាយការណ៍ដដែលនេះ បានបញ្ជាក់ថា ឆ្នាំ២០២០ គឺជាឆ្នាំទី៤នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម(ឆ្នាំ២០១៧ -២០២៦)។ ក្នុងឆ្នាំ២០២០ កម្ពុជាក៏ដូចជាប្រទេសជាច្រើននៅលើសកលលោក គឺសុទ្ធតែបានរងនូវផលប៉ះពាល់ដោយសារ វិបត្តិនៃជំងឺកូវីដ១៩។ ជាមួយគ្នានេះ សកម្មភាពមួយចំនួននៃការអនុវត្តផែនការយុទ្ធសាស្ត្រក៏បានរងផលប៉ះពាល់ ដោយផ្នែកផងដែរ។ ទោះជាយ៉ាងនេះក្តី អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានខិតខំបំពេញការងារ និងសម្រេចបាននូវវឌ្ឍនភាពការងារសំខាន់ៗ ផងដែរ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular