ដោយ: អង្គរតូច /សៀមរាបៈ ខ្លោងទ្វារតាកាវ ជាខ្លោងទ្វារមួយ ក្នុងចំណោមខ្លោងទ្វារទាំង៥ នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន។ ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម កង្វះការថែទាំ និងការដុះដាល នៃដើមឈើ បណ្តាលឱ្យរូបចម្លាក់ បង្កាន់ដៃយក្ស និងទេវតាជាច្រើន ដួលរលំ ហើយក៏បានធ្វើឱ្យរចនាសម្ព័ន្ធ របស់ខ្លោងទ្វារ មួយភាគធំ ពិសេសរូបដំរីទាំង ៤ បានរងនូវការខូចខាតជាខ្លាំង ដែលតម្រូវឱ្យមានការជួសជុល ដើម្បីសង្គ្រោះនិងអភិរក្ស។
អាជ្ញាធរជាតិអប្សរា បានជម្រាប និងជូនដំណឹង ដល់សាធារណជនទាំងអស់ ឱ្យបានដឹងថាៈ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ អាជ្ញាធរជាតិអប្សរា នឹងបិទការចេញចូល នៅខ្លោងទ្វារនោះ បណ្តោះអាសន្ន ដើម្បីប្រារព្ធពិធីបើកការដ្ឋាន ជួសជុលប្រាសាទបុរាណ ដ៍វ័យចំណាស់ នេះឡើងវិញ។
លិខិតជូនដំណឹង បានបង្ហាញថាៈ ការជួសជុលនេះ ត្រូវបានសហការ ជាមួយវិស័យឯកជន ដែលប្រារព្ធឡើង ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
លិខិត បានបញ្ជាក់ថាៈ នៅថ្ងៃទី២១ ខែកុម្ភៈ ខាងមុខនេះ អ្នកជំនាញ ចាប់ផ្ដើមជួសជុល ខ្លោងទ្វារប្រាសាទតាកាវ។ អាជ្ញាធរ សង្ឃឹមថា សាធារណជនទាំងអស់ នឹងយោគយល់ ហើយចូលរួមសហការ បានយ៉ាងល្អប្រសើរ ដើម្បីភាពរលូន នៃដំណើរការអភិរក្ស សម្បត្តិដូនតាទាំងអស់គ្នា៕/V