ដោយៈ សរិទ្ធ / ភ្នំពេញៈ ផ្ទះប្រជាពលរដ្ឋ ៧ ខ្នង ធ្វើអំពីឈើលើ ក្រោមថ្ម ត្រូវអគ្គិភ័យ លេបត្របាក់ទាំងស្រុង កាលវេលាម៉ោង ១១និង២០ នាទី យប់ថ្ងៃ ទី១៨ ខែកម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុង កែងនឹងផ្លូវទន្លេសាប ចំណុចជាប់រងបងវត្តចាស់ ក្នុងក្រុម២ ភូមិជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
តាមប្រភពពីប្រជាពលរដ្ឋម្នាក់ បានបញ្ជាក់ថាៈ ផ្ទះឆេះមុនគេ ផ្ទះនោះ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជាសិប្បកម្មធ្វើតុទូ ខណៈម្ចាស់ផ្ទះ មិននៅ ចាក់សោរចោល បណ្ដាលឲ្យឆាបឆេះ សន្ធោរសន្ធៅ។ គាត់ឃើញដូចច្នោះ ប្រញាប់ប្រញាល់ នាំប្រពន្ធនិងកូន រត់ចេញ យកបានតែម៉ូតូកញ្ចាស់ មួយគ្រឿងតែប៉ុណ្ណោះ។ បន្ទាប់មក ភ្លើង បានឆេះរាលដាលផ្ទះ ដែលនៅជាប់ៗគ្នា ជាបន្តបន្ទាប់ ផ្អើលដល់សមត្ថកិច្ច ចេញរថយន្តអន្តរាគមន៍ ជាច្រើនគ្រឿង មកបាញ់ពន្លត់ ទើបរលត់ទៅវិញ ទាំងស្រុង ។ តែមានផ្ទះប្រជាពលរដ្ឋ ចំនួន ៧ ត្រូវគ្រោះអគ្គិភ័យ លេបត្របាក់ទាំងស្រុង។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺមិនមានអ្នកណា បាត់បង់ជីវិត ឬរងរបួសនោះទេ។ សមត្ថកិច្ច បានឲ្យដឹងថា គ្រោះអគ្គិភ័យ ផ្ដើមមកពីឆ្លងចរន្តអគ្គិសនី៕/V