ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃ ព្រះរាជាណាចក្រកម្ពុជាបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌាដើម្បីពិភាក្សាអំពីថ្នាំបង្ការជំងឺកូវីដ-១៩ និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះកាលពីល្ងាច ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។
រូបថតៈលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃ ព្រះរាជាណាចក្រកម្ពុជាបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌាដើម្បីពិភាក្សាអំពីថ្នាំបង្ការជំងឺកូវីដ-១៩
ប្រភពបានបញ្ជាក់ថាក្នុងជំនួបនេះលោកឧបនាយករដ្ឋមន្ត្រី បានសាទរចំពោះការខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌា ដែលបានអភិវឌ្ឍ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួនពីរប្រភេទប្រកបដោយជោគជ័យនិងបានកោតសរសើរកាយវិការមនុស្សធម៌ជាអន្តជាតិរបស់ឥណ្ឌា ចំពោះការបរិច្ចាគ និងលក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាប់លានដូសដល់ប្រទេសជាច្រើន។លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរ គុណដល់រដ្ឋាភិបាលឥណ្ឌាផងដែរ ដែលបានអនុម័តផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនមួយសែនដូស ដល់កម្ពុជា តាមរយៈវិទ្យាស្ថានសេរ៉ូមនៃប្រទេសឥណ្ឌាផ្អែកលើកិច្ចសន្យាពាណិជ្ជកម្មទោះបីជាមានការប្រកួតប្រជែងនិងសំណើជាច្រើនពីប្រទេសដៃគូនិងតម្រូវការក្នុងស្រុកក៏ដោយ។លោកឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនសមភាគីឥណ្ឌាថាកម្ពុជាត្រូវការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនប្រាំលានដូស ដោយស្នើសុំឱ្យភាគីឥណ្ឌាផ្គត់ផ្គង់ វ៉ាក់សាំងនេះក្នុងដំណាក់កាលដំបូង ចំនួនមួយលានដូស។
ក្នុងឱកាសនោះលោកក៏បានគូសបញ្ជាក់ផងដែរថា សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីឥណ្ឌា ដោយសារកម្ពុជា និងឥណ្ឌាមានប្រវត្តិទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងម្យ៉ាងទៀតដោយសារប្រជាជនកម្ពុជាជឿទុកចិត្តលើថ្នាំពេទ្យ និងសេវាសុខភាពរបស់ឥណ្ឌា ដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធិភាពខ្ពស់។
រូបថតៈលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃ ព្រះរាជាណាចក្រកម្ពុជាបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌាដើម្បីពិភាក្សាអំពីថ្នាំបង្ការជំងឺកូវីដ-១៩
ជាការឆ្លើយតបលោកចៃហ្សានកា បានជម្រាបជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថា បច្ចុប្បន្ននេះ ប្រទេសឥណ្ឌាមានតម្រូវការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខ្ពស់ ទាំងតម្រូវការក្នុងស្រុក និងក្រៅស្រុក។លោក បានបញ្ជាក់ច្បាស់ថា ដោយសារ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់សំណើទៅលោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ហើយប្រទេសឥណ្ឌាចាត់ទុក សម្តេចតេជោនាយករដ្ឋមន្ត្រីជាឥស្សរជនដ៏សំខាន់និងជាថ្នាក់ដឹកនាំដ៏គួរឱ្យគោរពលោកនឹងរាយការណ៍សំណើសុំទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥លានដូស នេះ ជូនឯកឧត្តមនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ព្រមទាំងបានសន្យាថា នឹងខិតខំជួយកម្ពុជាឲ្យទទួលបានវ៉ាក់សាំង៕